header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​បន្ទាយ​មាន​ជ័យៈ រថយន្តចង្កូតស្តាំពាក់ស្លាកលេខនគរបាលមួយគ្រឿង ក្នុងចំណោមរថយន្តស្លាកលេខនគរបាល និងស្លាកលេខខេមរភូមិន្ទរាប់រយគ្រឿង ដែលកំពុងចរាចរក្នុងខេត្ត​ ត្រូវបានមន្ត្រីគយរដ្ឋាករខេត្តស្ទាក់ចាប់ ខណៈកំពុងបើកបរក្បែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ការស្ទាក់ចាប់ពីសំ​ណាក់ក្រុមមន្ត្រីគយនេះ ធ្វើឡើងកាលពី​ម៉ោង​១២​និង​៣០​នាទី​ ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅចំណុចប៉ុស្តិ៍​ដើម​ចាន់​គី​រី​ ស្ថិត​ក្នុងភូមិ​ចាន់គីរីសង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្តដែលត្រូវមន្ត្រីគយក្រុងប៉ោយប៉ែតស្ទាក់ចាប់ខាងលើ ជារថយន្តចង្កូតស្តាំគ្មានពន្ធ សេរីទំនើបធុន២កិប ម៉ាកហ្វតរេងជឺ (Ford ranger)ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-6088 ដែលគេដឹងថា ជារបស់មន្ត្រីនគរបាលមួយរូប ដែលមានតួនាទីជាមេប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត។ រថយន្តទំនើបនេះ ក៏បានបញ្ជូនបន្តមកសាខាគយនិងរដ្ឋាករខេត្ត ដើម្បីចាត់ការបន្តនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ​ឆ្នាំ​២០១៨។

ជួបជាមួយអ្នកកព័ត៌មាន លោក ឆែ​ សុធា​ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ​បានដឹងថា រថយន្ត​ខាងលើ ជារថយន្តចង្កូត​ស្តាំ​គ្មាន​ពន្ធ​ ហើយពាក់​ស្លាកលេខ​ក្លែងបន្លំ​ ត្រូវបានឈ្មួញ​ខិលខូចលួចនាំ​ចូល​ពី​ប្រទេស​ថៃ​ ដោយ​ល្មើសច្បាប់​មកកម្ពុជា ហើយបញ្ហា​បទល្មើស​ឈ្មួញ​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​ដោយល្មើសច្បាប់​នេះ រាជរដ្ឋាភិបាល​បានហាមឃាត់​រួចមកហើយ​ថា "គ្មាន​ទេ​វប្បធម៌​អន្តរាគមន៍​ដោះ​លែង​"។

ជាមួយនិងការឃាត់រថយន្តចង្កូតស្តាំគ្មានពន្ធ និងល្មើសច្បាប់នេះ ប្រជាពលរដ្ឋ​ បានសម្តែងការសាទរ និងគាំទ្រ​ចំពោះ​មន្ត្រី​គយ ​និង​រដ្ឋា​ករ​ ហើយក៏បានសំណូមពរសុំឲ្យមន្ត្រី​ជំនាញ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្តទប់ស្កាត់​ បង្ក្រាបគ្រប់បទល្មើស នៅ​ដើមទីជាពិសេសតាម​បន្ទាត់​ព្រំដែន​កម្ពុជាថៃដែលឈ្មួញខិលខូចលួចនាំចូល មិន​គួរមក​បង្ក្រាប​កណ្តាល​ក្រុង​នោះទេ។ មួយវិញទៀតប្រជាពលរដ្ឋដែលមានលុយបន្តិចបន្តួចឃើញគេជិះរថយន្តចង្កូតស្តាំបាន​ ពិសេសអស់លោកសមត្ថកិច្ចពួកគាត់ទិញជិះដឹកប្រពន្ធកូនដើរលំហែរគ្រប់គ្នា​បានរលូន ពួកគាត់ក៏ចង់ទិញជិះដែរ តែជាទូទៅពុំមានវាសនាល្អប៉ុន្មានទេ បើមិនជាប់គុក ក៏គេរឹបអូសយករថយន្តដែរ​ ដែលប្រការនេះធ្វើអោយពួកគាត់ខាតបង់ទ្រពសម្បត្តិ និងរងភាពអយុត្តិធម៌ពីសំ​ណាក់អ្នកអនុវត្តន៍ច្បាប់​។

សូមបញ្ជាក់ថា​ ទោះបីជាមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចជំនាញគយ និងសមត្ថកិច្ចពាក់ពន្ធ័ជាបន្តបន្ទាប់ក៏ដោយក៏គេឃើញថា​ រថយន្តចង្កូតស្តាំនៅតែបន្តហូរចូលពីតាមច្រករបៀងព្រំដែនច្រើន តែសមត្ថកិច្ចហាក់ទប់ស្កាត់បានតិចតួច៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post