header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារដោយបានអះអាងថា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយមាត្រា៤៥ថ្មី មិនសំដៅលើគណបក្សនយោបាយណាមួយ ឬក្រុមនយោបាយណាមួយឡើយ។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ខណៈដែលរដ្ឋសភាបានកំណត់យកថ្ងៃទី១៣ ធ្នូបើកសម័យប្រជុំអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយមាត្រា៤៥ថ្មី ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រ​នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ធ្នូ សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំផ្ញើសារទៅប្រជាពលរដ្ឋ និងបណ្តាបក្សនយោបាយ ហេតុអ្វីបានជាត្រូវធ្វើ «វិសោធនកម្មច្បាប់គណបក្សនយោបាយ» មិនមែនសំដៅទៅលើកបក្សនយោបាយណាមួយ ឬក្រុមណាមួយនោះទេ។ ក៏ប៉ុន្តែធ្វើនេះ គឺសំដៅទៅគណបក្សនយោបាយទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រោះថា នៅក្នុងច្បាប់ ស្តីពីពន្ធនាគារ អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី អាចសុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន»

សម្តេចបន្តថា ទាក់ទងនិងអ្នកជាប់ពន្ធនាគារឬគុក គឺច្បាប់បានបើកផ្លូវឲ្យនាយករដ្ឋមន្ត្រី ធ្វើការស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសនៅពេលណាក៏បាន។ ប៉ុន្តែច្បាប់ស្តីពី គណបក្សនយោបាយ ដែលបក្សនយោបាយនោះ ត្រូវរំលាយ ហើយមេរបស់គេ ត្រូវបាន ហាមឃាត់ក្នុងការធ្វើនយោបាយ មិនមានច្រកណាមួយបើកផ្លូវឲ្យនាយករដ្ឋមន្ត្រី ធ្វើការសុំលើកលែងទោសទេ ហើយជាផ្លូវច្បាប់ សាលក្រមតុលាការកំពូលបានបិទផ្លូវតវ៉ា ដូច្នេះគ្មានផ្លូវ ចេញនោះទេ។ បើចង់ឲ្យតុលាការកាត់ក្តីឡើងវិញ គឺផ្ទុយនឹងសាលក្រមតុលាការកំពូល បិទផ្លូ វតវ៉ាតែម្តង។

សម្តេចតេជោ គូសបញ្ជាក់ថា « អីញ្ចឹងអត់អាចសើររើរឿងក្តីបានទេ! អីញ្ចឹងជម្រើស ដែល​នៅសល់បន្ទាប់ពីការសិក្សា គ្នារួចមក គឺនៅមានជម្រើសពាក់ព័ន្ធតែមួយនឹងបើកច្រកឲ្យនាយកមន្ត្រីស្នើថ្វាយព្រះមហាក្សត្រក្នុងការស្នើសុំ ដកបម្រាមធ្វើនយោបាយ ឲ្យអ្នកនយោបាយឡើងវិញ»

ជាមួយគ្នានោះដែរ សម្តេចសង្កត់ធ្ងន់ថា «ខ្ញុំគ្រាន់តែបញ្ជាក់ថា នេះមិនមែន សំដៅលើក្រុមណាមួយទេ គឺសំដៅលើដំណើរជីវិតនយោបាយរបស់បក្សនយោបាយទៅអនាគត។ តែក្នុងនោះវាអាចដោយតឹងមនុស្សមួយចំនួន ដែលត្រូវបានតុលាការកាត់រំលាយហាមឃាត់ សិទ្ធិ ធ្វើនយោបាយនៅពេលនោះដែរ»

សម្តេចលើកឡើងទៀតថា ប្រសិនបើមានគេស្នើសុំមកនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីពិនិត្យឃើញថា មិនបានប្រឆាំងនឹងសាលដីកាកំពូលនោះទេ!។ សម្តេច៖ «ត្រូវចាំអ្នកដែលប្រឆាំងនឹងសាលដីកាតុលាការកំពូលមិនមែនត្រឹមតែអត់មានសិទ្ធិធ្វើនយោបាយនោះទេ ត្រូវជាប់គុកថែមទៀតផង។ ព្រោះថា កាលណាសាលាដីកាតុលាការកំពូលដូចជាអាចជាប់គុក២ឆ្នាំកន្លះ។ អីញ្ចឹងទេ នៅពេលច្បាប់ចូលជាធរមាន ខ្ញុំត្រៀមទទួលយកសំណើរបស់សាម៊ី​ជនម្នាក់ៗមិនមែនតំណាងឲ្យបក្សនយោបាយណាមួយមកស្នើទេ។ គឺបុគ្គលម្នាក់ គឺត្រូវស្នើមកនាយករដ្ឋមន្ត្រី ឬស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីស្នើ ថ្វាយព្រះមហាក្សត្រ។ ដូច្នេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវយល់ដឹង មិនមែនចេញច្បាប់ហើយ រួចទាំងអស់ទេ គឺម្នាក់ម្តងៗ។ ម្នាក់មានព្រះរាជក្រឹត្យមួយ ឬ៤ ឬ៥នាក់ សុំមកមានព្រះរាជ្យ ក្រឹត្យមួយ»

សម្តេចបន្ថែមថា នេះជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រី ទីមួយសូមកំភាន់​ច្រឡំសំដៅលើតួអង្គណាមួយជាក់លាក់ ប៉ុន្តែសំដៅលើទិដ្ឋភាពរួមនៃបក្សនយោបាយទាំងអស់។ ការបើកច្រកនេះសម្រាប់អនាគតរបស់កម្ពុជា មិនមែនសម្រាប់មនុស្សប៉ុន្មាន ដែលបម្រាមរបស់គេ ត្រឹមឆ្នាំ២០២០ ឬ២០២៣ ទោះបីមិនបានលើកលែង ក៏ត្រូវបានរបូតព្រោះគេហាម៥ឆ្នាំ។ ប៉ុន្តែចង់បានមុន៥ឆ្នាំ ត្រូវធ្វើសំណើមកនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post