
ភ្នំពេញៈ ក្មេងស្ទាវមួយក្រុមមានគ្នា១២នាក់ ជិះម៉ូតូ៦គ្រឿង រីឯមួយក្រុមទៀត មានគ្នាប្រុសស្រី៣នាក់ ជិះម៉ូតូ២គ្រឿង បន្ទាប់ពីពួកគេផឹកស្រវឹងស្រឿងរៀងៗខ្លួន ក៏ជិះម៉ូតូតាមដងផ្លូវមើលមុខឌឺដងដាក់គ្នា ហើយឈប់ម៉ូតូយកខ្សែក្រវ៉ាត់ និងពួកសុវត្ថិភាព ដេញវាយគ្នាផ្អើលសមត្ថកិច្ច និងអ្នកធ្វើដំណើរតាមផ្លូវ។
ហេតុការណ៍បង្កឲ្យមានភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតតាមបណ្តោយផ្លូសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ ដែលរងរបួសស្រាល និងម៉ូតូគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CC-4609។ រីឯបក្ខពួកគេ១០នាក់ទៀត រត់គេចខ្លួនបាតអស់។ ចំណែកឯមួយក្រុមទៀត មានគ្នាប្រុសស្រី៣នាក់ បានរងរបួសស្រាល ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-0031 និងមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-4847។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យភ្នាក់ងារ ខេមប៉ុស្តិ៍ ដឹងថា ក្រុមក្មេងស្ទាវមួយក្រុម មានគ្នា១២នាក់ បានជិះម៉ូតូជាច្រើនគ្រឿង ចេញពីផឹកស៊ីនៅសួនច្បារម្តុំវត្តបុទុម។ បន្ទាប់ពីផឹកស៊ីស្រវឹងស្រឿងរៀងៗខ្លួន ពួកគេបានជិះម៉ូតូមួយគ្រឿង២នាក់ ចំនួន៦គ្រឿង សរុប១២នាក់ ជិះតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតលិច ខណៈជិះមកដល់ស្ថានីយ័ប្រេងឥន្ទនៈ PTT ក៏មានម៉ូតូមួយគ្រឿងអស់សាំង ហើយក៏បានចូលទៅចាក់សាំង រីឯម៉ូតូ៤គ្រឿង ឈប់ចាំនៅខាងមុខនោះ។
ប្រភពបន្តថា ចំណែកបក្ខគេ២នាក់ទៀត បានជិះម៉ូតូ Suzuki Nex ខាងលើទៅមុន ហើយក៏បានជួបនឹងក្នេងស្ទាវមួយក្រុម៣នាក់ (ស្រីមួយ ប្រុស២នាក់) ហើយបានជិះម៉ូតូមើលមុខ និងឌឺដងដាក់គ្នា បន្ទាប់មកបក្ខពួកគេដែលចូលចាក់សាំងរួច បានជិះមកតាមក្រោយ ទើបនាំគ្នាដេញតាមក្រោយ ស្រែកឲ្យឈប់ម៉ូតូ រួចហូតខ្សែក្រវ៉ាត់ និងពួកសុវត្តិភាព វាយគ្នាឡើងផ្អើលដល់កម្លាំងល្បាតចុះមកអន្តរាគមន៍ ហើយឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៥នាក់ និងដកហូតម៉ូតូ៣គ្រឿង យកទៅប៉ុស្តិ៍នគបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕













