header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មិនមែនជារឿងលេងសើចទេ​ ដែលចោរថ្លើមធំ ងំៗហ៊ានធ្វើសកម្មភាពឆក់កាបូបពីអ្នកដំណើរនៅមុខប៉ុស្តិ៍ប៉ូលិសតែម្តង កុំឲ្យជនរងគ្រោះពិបាកដើររកប៉ុស្ដិ៍ដាក់ពាក្យប្តឹង។ ឆក់នៅហ្នឹង ឆក់ហើយចូលប្តឹងត្រង់ហ្នឹងតែម្ដង។ រីឫជនសង្ស័យ នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ទើបបង្កការភ្ញាក់ផ្អើល។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃសៅរ៍​ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខប៉ុស្តិ៍ប៉ូលិស និងសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

ជនរងគ្រោះមានឈ្មោះ វណ្ណ ស្រីរ័ត្ន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គាត់ជិះម៉ូតូម៉ាក Smash ពណ៌ស មួយគ្រឿង ជិះឌុបគ្នា៣នាក់ (ប្តីប្រពន្ធនិងប្អូនថ្លៃស្រី) ចេញពីផ្ទះជួលនៅក្នុងភូមិជម្ពូវ័ន ក្នុងគោលបំណង ឌុបគ្នាទៅរកទិញនំបុ័ងដាក់សាច់ នៅម្តុំរោងចក្រ QMI។ តែពេលទៅដល់នៅទីនោះ ដោយមានភ្ញៀវច្រើន ចាំយូរពេក ក៏ឌុបគ្នាកាត់តាមក្នុងភូមិព្រៃព្រីងជើង ឡើងមកផ្លូវជាតិលេខ៤ គោលបំណងទៅរកទិញនំបុ័ងនៅរង្វង់មូលថ្នល់បំបែកវិញ ស្រាប់តែមកដល់មុខប៉ុស្តិ៍ បម្រុងនឹងឆ្លងផ្លូវ ក៏មានជនសង្ស័យគ្នា២នាក់ ជិះម៉ូតូម៉ាក Suzuki Let's មួយគ្រឿង តាមពីក្រោយមកធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ដែលក្នុងនោះមានលុយ១៤០ដុល្លារ និងលុយខ្មែរមួយចំនួនទៀត អត្តសញ្ញាណប័ណ្ណ​មួយសន្លឹក រួចជនសង្ស័យនាំគ្នាជិះរត់គេចទៅបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះមិនពិបាកដើរស្វែងរកប៉ូលិសទេ គ្រាន់តែឆ្លងតែផ្លូវចូលដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ៣ ឲ្យប៉ូលិសទទួលពាក្យបណ្ដឹងយកទៅរក្សាទុក និងជួយធ្វើការស្រាវជ្រាវតាមចាប់ក្រុមចោរឆក់ទាំងនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post