header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្រ្តីសិទ្ធិមនុស្សកម្ពុជាអះអាងថា បើទោះជាមានបងប្អូនមួយចំនួននៅមានការមន្ទិលសង្ស័យ ចំពោះបញ្ហាការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយសារកង្វះការសិក្សាស្រាវជ្រាវ ជាក់ស្តែងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ពិតជាមានលក្ខណៈល្អប្រសើរ បើធៀបទៅ និងប្រទេសមួយចំនួននៅក្នុងតំបន់ ។

លោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងនៅក្នុងឱកាសពិធីប្រារព្ធខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ ២០១៨ ក្រោមប្រធានបទៈ «រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស» ដែលបានរៀបចំដោយ ព្រឹទ្ធសភាពកម្ពុជា ជាមួយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសាលារាជធានីភ្នំពេញ នៅមជ្ឈមណ្ឌល ពិព័រណ៌កោះពេជ្រនាព្រឹកថ្ងៃទី១០ ធ្នូថា ប្រជាជនកម្ពុជាពិតជាទទួលបាននូវសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុងការរស់នៅ ពោលគឺ ទាំងសិទ្ធិសេរីភាព ក្នុងការរស់រៀនមានជីវិត សិទ្ធិបញ្ចេញមតិ សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការព្យាបាល សិទ្ធិទទួលព័ត៌មាន និង សិទ្ធិសេរីភាពដទៃទៀត យ៉ាងល្អប្រសើរ ។ ប៉ុន្តែសេរីភាពតាំងនោះ ក៏ត្រូវស្ថិតនៅក្រោមច្បាប់ ព្រោះថា ប្រទេសនីមួយៗ មានច្បាប់ជាធរមាន មិនអាចមិនគោរពបាននោះទេ រួមទាំងសេរីភាព ក្នុងការធ្វើនយោបាយផងដែរ ។

លោក កែវ រ៉េមី បានអំពាវនាវឲ្យយុវជន ដែលជាកម្លាំងចលករដ៏រឹងមាំ ត្រូវយល់ច្បាស់អំពីសិទ្ធិមនុស្ស ដោយត្រូវរួមគ្នាការពារសិទ្ធិមនុស្ស រួមគ្នាការពារសន្តិភាពនៅកម្ពុជា មិនត្រូវយកសិទ្ធិមនុស្ស ឬ សេរីភាព ទៅបំផ្លាញសន្តិភាព ដែលកំពុងកើតមាន ឬ ទាញប្រទេសឲ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដូចអតីតកាលនោះទេ ។

ជាមួយគ្នានោះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រវត្តិសាស្រ្តសកលលោក ជាពិសេស ប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា បានបង្ហាញឲ្យឃើញថា សិទ្ធិមនុស្សមិនត្រូវបានគោរពនោះទេ ក្នុងកាលៈទេសៈ ដែលប្រទេសកើតមានសង្រ្គាម ភាពចលាចល និងអសន្តិសុខ សង្គម ។ ជាក់ស្តែង ប្រជាជនកម្ពុជា ធា្លប់ទទួលរងនូវការរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង ចាប់តាំងពីការកើតមានសង្រ្គាម នាដើមទសវត្ស ឆ្នាំ១៩៧០ មកម្ល៉េះ ជាពិសេស ក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។

លោក អភិបាលបញ្ជាក់ថា បបប៉ុលពត បានបំផ្លិចបំផ្លាញ ប្រទេសជាតិ ខ្ទេចខ្ទីលើគ្រប់វិស័យ មានជាអាទិ៍ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល ប្រព័ន្ធតុលាការ ច្បាប់ សិទ្ធិមនុស្ស សាសនា ប្រពៃណី និងវប្បធ៌ម ។ ល ។ ប្រជាជនមិនដែលហ៊ានបញ្ចេញមតិ ទាមទារយុត្តិធ៌ម ប្រើប្រាស់សិទ្ធិ និងសេរីភាព ឬ ប្រជាធិបតេយ្យ នោះឡើយ ពីព្រោះសិទ្ធិទាំងឡាយត្រូវបានអង្គការខ្មែក្រហមដកហូតទាំងអស់ សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិដំបូងរបស់មនុស្សក៏ត្រូវបានគេដកហូតដែរ ។

លោក រំលឹកថា ក្នុងពេលដែលកម្ពុជាទទួលរងនូវវិនាសកម្មបែបនេះ ពុំមានក្រុមសិទ្ធិមនុស្សណាមួយ ប្រទេសណាមួយ បានលើកពីករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជានោះទេ មានតែគណៈបក្សប្រជាជនកម្ពុជាតែមួយគត់បានងើបតស៊ូបង្កើតរណៈសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានៅថ្ងៃទី២ខែធ្នូឆ្នាំ១៩៧៨ ដើម្បីសង្រ្គោះជាតិ និងប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅនេះ ហើយបាននាំមកនូវអ្វីៗគ្រប់បែបយ៉ាង រួមទាំងសិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត ដល់ប្រជាជនកម្ពុជាឡើងវិញ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ឆ្នាំ២០១៨ នេះ មានការចូលរួមពីសំណាក់ ព្រះសង្ឃ អង្គទូតប្រចាំកម្ពុជា លោក លោកស្រី អស់លោក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងសហគមន៍ តំណាងអង្គការជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ សិស្ស និស្សិត និងក្មួយៗ ជាយុវជន ប្រកបដោយភាពអធិកអធម និងមានអត្តន័យយ៉ាងក្រៃលែង ។

សម្តេចបញ្ជាក់ថា ទិវាសិទ្ធិមនុស្ស១០ ធ្នូ បានផ្តល់ឲ្យយើង នូវឱកាសមួយឆ្នាំម្តង ដើម្បីរំឭកការចងចាំ និងការយល់ដឹងពីសិទ្ធិមនុស្ស ដែលមានជាប់ជាមួយយើងម្នាក់ៗ តាំងពីកំណើតមិនអាចកាត់ផ្តាច់បានឡើយ ។ សិទ្ធិទាំងអស់ ជាកម្មសិទ្ធិរបស់យើង និងក៏ជាកម្មសិទ្ធិ របស់អ្នកនៅជុំវិញខ្លួនយើងគ្រប់គ្នាផងដែរ ។ សិទ្ធិទាំងអស់នេះ ត្រូវតែគោរពឲ្យបានត្រឹមត្រូវ ស្មើភាព និងយោគយល់គ្នាទៅវិញទៅមក ក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post