
ក្រចេះ៖ បើយោងតាមប្រភពដ៏ច្បាស់ការមួយបានរាយការណ៍មកថា កាលពីវេលាម៉ោង២និង២០នាទី រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋ បានប្រទះឃើញគំនរឈើរាប់រយកំណាត់ ក្នុងក្រុមហ៊ុន ហ្គ្រីន អាយ លែន ស្ថិតក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ រួចបានរាយការណ៍ជូនមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ហើយលោកក៏បានឆ្លើយថា ចាំបន្តិច ទើបជំនាញទៅដល់ ព្រោះរវល់។
ប្រភពខាងលើ បានបន្តថា ពេលនោះក៏មានក្រុមអ្នកសារព័ត៌មាន បានទូរស័ព្ទទៅលោក ប៉ាល់ សុខកែវ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ លោកបានឆ្លើយថា រវល់ចាំបន្តិច រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹក ក្រុមអ្នកសារព័ត៌មានបានទូរស័ព្ទសួរ ម្ដងទៀត ពាក់ព័ន្ធរឿងឈើរាប់រយកំណាត់នោះ លោកនៅតែឆ្លើយថា ចាំបន្តិច ហាក់បីដូចជាមិនខ្វល់ពីតួនាទីរបស់ខ្លួន ដែលជាជំនាញបង្ក្រាបបទល្មើសព្រៃឈើឡើយ។
ប្រភពខាងលើ បានបន្តទៀតថា បន្ទាប់ពីលោក ប៉ាល់ សុខ កែវ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់មិនខ្វល់ពីការបង្ក្រាប បទល្មើសព្រៃឈើ ដែលជាឆ្នាំងបាយរបស់ខ្លួន មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចូលទៅកន្លែងគំនរឈើ ដែលឈ្មួញលាក់ទុក ក្នុងក្រុមហ៊ុន ហ្គ្រីន អាយ លែន ពេលនោះ ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនឈើចេញបាត់អស់ទៅហើយ ក្នុងរយៈពេល១៦ម៉ោង។
ពលរដ្ឋ បានលើកឡើងថា ករណីរក្សាទុក និងដឹកជញ្ជូនឈើចេញពីទឹកដីនៃស្រុកសំបូរនេះ ឈ្មួញឈើជាមនុស្សដដែលៗ ហើយក៏ជាឆ្នាំងបាយរបស់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះផងដែរ៕


