
ភ្នំពេញៈ មានករណីផ្ទុះអាវុធតតាំងគ្នាមួយប្រាវ ក្រោយសមត្ថកិច្ចខណ្ឌដង្កោដេញតាមឃាត់ខ្លួនបុរស២នាក់ កំពុងជិះម៉ូតូ Zoomer មួយគ្រឿង បន្ទាប់ពីឃើញសមត្ថកិច្ចព្យាយាមជិះគេចខ្លួន ចាប់ពីខណ្ឌដង្កោ រហូតដល់ខណ្ឌមានជ័យ ដោយបានសហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ ដល់ចំណុចផ្លូវលំ ប្លុកផ្ទះជួលមួយកន្លែង ជិតផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ ស្រាប់តែបុរសពីរនាក់នោះ បានដកកាំភ្លើងបាញ់មកលើសមត្ថកិច្ចចំនួន៤គ្រាប់ តែមិនត្រូវ ហើយសមត្ថកិច្ចសម្រេចចិត្តបាញ់តទៅវិញ បណ្ដាលឲ្យត្រូវជនសង្ស័យម្នាក់ ត្រង់ជើងម្ខាង។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងែទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិដីថ្មី សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជុំវិញករណីខាងលើនេះ អ្នកយកព័ត៌មានយើង មិនទាន់បានទទួលការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេ ថាជាករណីអ្វី ខណៈដែលសមត្ថកិច្ចកម្លាំងព្រហ្មទណ្ឌក្រុង និងសមត្ថកិច្ចខណ្ឌដង្កោ កំពុងនាំជនសង្ស័យយកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសង្គ្រោះ និងបន្តធ្វើការសាកសួរផងដែរ៕






