
ភ្នំពេញៈ បុរសម្នាក់ ខណៈកំពុងជិះម៉ូតូតែម្នាក់ឯង ត្រូវរថយន្ដធុនធំ កុងតឺន័រ ម៉ាក NISSAN DIESEL បុកចំពីមុខពេញទំហឹង កិនអូសរាប់សិបម៉ែត្រ បណ្ដាលឲ្យបុរសរងគ្រោះស្លាប់ភ្លាមៗយ៉ាងអណោចអធម៌ ចំណែកឯម៉ូតូរងការខូចខាតខ្ទេចយ៉ាងដំណំ កាលពីវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃអង្គារ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវថែហ្គ័ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា សពបុរសរងគ្រោះមានឈ្មោះ ហេង វុធី អាយុ៣០ឆ្នាំជាង មានស្រុកកំណើតនៅឯខេត្ដតាកែវ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្ដធុនធំកុងតឺន័រមួយគ្រឿង ម៉ាក NISSAN DIESEL ក្បាលពណ៌ខៀវ ពាក់ស្លាកលេខខាងមុខ ភ្នំពេញ 3A-7605 ចំណែកខាងក្រោយ ពាក់ស្លាកលេខភ្នំពេញ 4A-0004 បានធ្វើដំណើរតាមផ្លូវថៃហ្គ័រ ទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចផ្លូវកោង ក៏ឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលខ ភ្នំពេញ 1CE-5747 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង ដោយបញ្ច្រាសទិសដៅចរាចរណ៍គ្នា ខណៈដែលរថយន្ដធុនធំម៉ាក NISSAN DIESE បានបើកមកចូលគន្លងទិសដៅចរាចរណ៍ម្ខាងទៀត ក៏ទៅបុកចំពេញទំហឹង អូសរាប់សិបម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះបោកក្បាលនិងថ្នល់ជាតិស្លាប់ភ្លាមនៅនិងកន្លែងកើតហេតុ ចំណែកឯម៉ូតូរងការខូចខាតផ្នែកខាងមុខខ្ទេចយ៉ាងដំណំ ចំណែករថយន្ដខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដោយឃើញសភាពមិនស្រួល តៃកុងរថយន្តបង្ក បានរត់គេចខ្លួនបាត់សម្រាល មុនសមត្ថកិច្ចមកដល់ ដោយបន្សល់ទុករថយន្តនិងជនរងគ្រោះដេកស្លាប់យ៉ាងអណោចអធ័មនៅលើផ្លូវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌច្បារអំពៅ សហការជាមួយសមត្ថកិច្ចជំនាញ បានចុះមកដល់និងកន្លែងកើតហេតុ និងបានធ្វើការវាស់វែង រួចយករថយន្ដបង្កនិងម៉ូតូ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ។ ចំណែកឯសពជនរងគ្រោះសមត្តកិច្ចយកទៅរក្សាទុកក្នុងវត្តរងចាំសាច់ញាតិឫបងប្អូនយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕















