header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ខ្សឹបៈ មន្ត្រីៗជាច្រើននៅក្នុងអាណាចក្រខេត្តក្រចេះ ពិសេសអ្នកនៅក្នុងស្រុកស្នួល បានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ឱ្យដឹងថា មេឈ្មួញឈើលាក់ក្រចកដ៏ធំ និងល្បីឈ្មោះ ប្រចាំនៅខេត្តក្រចេះ គឺឧត្តមសេនីយ៍ឧកញ៉ា គង់ ក្រឹង ជាមេបញ្ជាការរងវរការពារព្រំដែនលេខ២០៤ បានកំពុងតែធ្វើសកម្មភាពប្រមូលទិញឈើតាមម៉ូតូ និងរថយន្តតូចធំគ្រប់ប្រភេទ យកមកស្តុកទុក នៅត្រង់ចំណុចក្រោលគោ ខាងក្រោយបន្ទាយទាហា​ន ស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីរៀបចំដឹកឆ្លងដែនចូលទៅលក់នៅក្នុងទឹកដីវៀតណាម។

ក្រុមមន្ត្រីខាងលើ ក៏ដូចជាមន្ត្រីយោធានៅក្នុងវរការពារព្រំដែនលេខ២០៤ បានខ្សឹបឱ្យនាយ "ក្តាមប្រៃ" បានដឹងបន្តទៀតថា លោកឧត្តមសេនីយ៍ ឧកញ៉ា គង់ ក្រឹង បន្តការងាររកស៊ីឈើខុសច្បាប់បន្តទៀត បន្ទាប់ពីផ្អាកមួយរយៈខ្លី។ ហើយពេលនេះ ឧកញ៉ាលាក់ក្រចករូបនេះ បានចាប់ផ្តើមចំណាយប្រាក់រាប់លានដុល្លារអាមេរិក ដើម្បីចាត់ចែងជូនមន្ត្រីថ្នាក់លើក្នុងខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពោលគឺបានឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយមន្ត្រីជំនាញនានា ដោយបានបែងចែកផលប្រយោជន៍ដល់មន្ត្រីជំនាញទាំងនោះ ចាប់តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ ដើម្បីខ្លួនបានទិញ បានដឹកឈើចេញទៅលក់ឱ្យឈ្មួញវៀតណាម ដែលចាំទទួលនៅព្រំដែនក្នុងស្រុកស្នួល ដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិគ្រឹះលោកឧកញ៉ារូបនេះឡើយ។

ប្រភពខាងលើ បានខ្សឹបប្រាប់ឱ្យនាយ "ក្តាមប្រៃ" បានដឹងបន្តទៀតថា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ មួយចំនួនបានទៅស៊ីឈ្នួលចូលព្រៃនៅព្រំដែនរវាងខេត្តក្រចេះ មណ្ឌលគីរី និងស្ទឹងត្រែង រួចហើយ ដឹកជញ្ជូនឈើតាមម៉ូតូដូចហែកឋិនអ៊ីចឹង ទៅលក់ឲ្យឧកញ៉ា គង់ ក្រឹង ដល់ភូមិគ្រឹះ(ចូលតាមច្រកខាងក្រោយ) និងដល់បន្ទាយយោធាវរការពារព្រំដែនលេខ២០៤ តែម្តង ដោយពុំមានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាបឡើយ បើទោះបីជាកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយលោក ផ្កាយមាស៤ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស ជាប្រធាននោះ។ ហើយកន្លងមកលោកធ្លាប់បានបញ្ជូ​នក្រុមកាងារ ទៅត្រួតពិនិ្យ បទល្មើសព្រៃឈើ តាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែរ ប៉ុន្តែក្រុមកាងារទាំងនោះ បែរជាមិនមានវិធានការ ចំពោះលោកឧត្តមសេនីយ៍ ឧកញ៉ា គង់ ក្រឹង រូបនេះឡើយ។

ប្រភពខាងលើ បានខ្សឹបប្រាប់នាយ "ក្តាមប្រៃ" ឱ្យដឹងបន្ថែមទៀតថា ក្នុងរយៈពេលថ្មីៗចុងក្រោយនេះ គេតែងតែសង្កេតឃើញមានរថយន្តដឹកឈើ ទាំងតូច ទាំងធំ គ្រប់ប្រភេទរាប់សិបគ្រឿង សម្រុកដឹកឈើខុសច្បាប់ចេញពីទឹកដីខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី យ៉ាងគគ្រឹកគគ្រេង ចូលច្រករបៀងមួយ ដែលអ្នកស្រុកហៅថា ច្រកដេបី(D3) ស្ថិតនៅក្នុងឃុំពីរធ្នូ ស្រុកស្នួល រួចឆ្លងទៅប្រទេសវៀតណាម តាមច្រករបៀងដេបីនេះតែម្តង ដែលគេដឹងថា ជាច្រករបៀងកាន់កាប់ដោយឧត្តមសេនីយ៍ ឧកញ៉ា គង់ ក្រឹង មេឈ្មួញឈើ និងជាមេបញ្ជាការរងវរការពារព្រំដែនលេខ២០៤ ប្រចាំនៅតំបន់នោះ ពោលគឺជិតនឹងច្រកទ្វារទ្វេភាគីអន្ដរជាតិ វ៉ាលី។

ចំណែកមន្ត្រីមួយចំនួន ដែលមិនបាន​ទទួលផលរមាស់ពីឧកញ៉ាឈ្មួញឈើ គង់ ក្រឹង រូបនេះ បានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ " ឲ្យដឹងផងដែរថា ថ្មីៗនេះមេឈ្មួញរូបនេះ តែងតែបោះពាក្យសម្ដីក្អេងក្អាងប្រាប់គេឯងថា " បើ ហ៊ុន សែន មិនបញ្ជាឲ្យចាប់មុខរបរឈើប្រណីតរបស់អញទេ គ្មានអ្នកណាហ៊ានចាប់មុខរបរអញទេ!” ។

បើតាមនាយ ក្តាមប្រៃ នៅចាំបានថា កាលពីពេលថ្មីៗកងន្លងមកនេះ មន្ត្រីជាច្រើននៅអាណាចក្រខេត្តក្រចេះ ក៏ធ្លាប់ខ្សឹបមកប្រាប់នាយ" ក្តាមប្រៃ" ឱ្យដឹងដែរថា នរណាៗក៏គេដឹងដែរថា  លោកឧត្តមសេនីយ៍ឧកញ៉ា គង់ ក្រឹង ជាមេឈ្មួញឈើល្បីឈ្មោះម្នាក់ នៅស្រុកស្នួល ខេត្តក្រចេះ ហើយបច្ចុប្បន្ន លោកបានក្លាយជាឧកញ៉ាល្បីឈ្មោះ រឿងរកស៊ីបទល្មើសព្រៃឈើ ដឹកឈើខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ដោយគ្មានមន្ត្រីណាហ៊ាន ក្អកជាមួយឡើយ សូម្បីតែលោក ស ចំរ៉ុង អភិបាល នៃគណៈអភិបាលខេត្ត លោកស្នងការខេត្ត មេអាវុធហត្ថខេត្ត បានដឹង បានឃើញហើយ ក៏អស់លោកឆ្លើយថា អត់ដឹងដែរ នេះដោយសារតែដុល្លាររបស់លោក គង់ គ្រឹង វាយប្រហារឡើងងងឹតភ្នែក ទាំងសមត្ថកិច្ចថ្នាក់ក្រោម ដល់ថ្នាក់លើ។ ហើយមុននេះ ចំពេលមានបុណ្យអុំទូកផង លោក គង់ គ្រឹង បានសម្រុកដឹកឈើទៅវៀតណាមដូចហែកឋិនយ៉ាងរំ​ភើយផាយផាត់ហ្មង។

បើតាមប្រជាពលរដ្ឋនៅទីនោះបានខ្សឹបប្រាប់មកប្រាប់នាយ "ក្តាមប្រៃ" ឲ្យដឹងដែរថា បច្ចុប្បន្ន លោកឧត្តមសេនីយ៍ ឧកញ៉ា គង់ ក្រឹង កំពុងឲ្យមេការ និងដៃជើងរបស់គាត់ ដើរប្រមូលទិញឈើទាំងមានច្បាប់ និងអត់ច្បាប់ និងដឹងតាមម៉ូតូ យកមកស្តុកទុកនៅដីឡូតិ៍ផ្ទះរបស់គាត់ ហើយនៅពេលណាសមត្ថកិច្ចឱ្យភ្លើងខៀវពីព្រំដែនមក ទើបគាត់ឱ្យក្រុមមេការ ដឹកឆ្លងដែន ទៅប្រទេសវៀតណាម តាមច្រកត្រពាំងស្រែ ចាប់ពី១០ទៅ ២០ឡានក្នុងមួយយប់ៗ ដោយគ្មានមន្ត្រីណា​ហ៊ានចេញមុខបង្ក្រាបឡើយ ។

មន្ត្រីៗជាច្រើន បានលើកឡើងថា ចាំមើល៍! តើរាជរដ្ឋាភិបាលអាណត្តទី៦នេះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តពីអាណត្តិទី៥មកនោះ មានវិធានការណ៍លើមេឈ្មួញឈើ គង់ ក្រឹង រូបនេះបានដែរឫអត់ ? ចាំមើលទាំងអស់គ្នាថា តើសម្តេចតេជោខ្លាំងជាង ឬលោកឧត្តមសេនីយ៍ ឧកញ៉ា គង់ ក្រឹង ខ្លាំងជាង ?៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post