header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជាតិថ្នាំក្នុងខ្លួនធ្វើទុក្ខខ្លាំងពេក នឹកឃើញ​គំនុំចាស់ ទើបធ្វើឲ្យបុរសម្នាក់​ ទាញដុំឥដ្ឋវាយក្បាលបងថ្លៃខ្លួនឯង​ បែកក្បាល​ហូរឈាមពេញផ្ទះ រួចរត់ចូលទៅសម្ងំក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​នាំគ្នាចេញមកចោមរោមមើលពេញភូមិ រហូតទាល់តែសមត្ថកិច្ចចុះមកឃាត់ខ្លួនយកទៅប៉ុស្តិ៍ភ្លាមៗ។

ហេតុការណ៍ហិង្សានេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០៩:៣០នាទីយប់ នៅថ្ងៃអាទិត្យ ២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះលេខ១៧៨ ផ្លូវលំ(ផ្សារក្រមួន) ក្រុមទី០១ ភូមិព្រែកតាឡុង ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សាន្ត ប៊ុនថា អាយុ២៧ឆ្នាំ ទីលំនៅផ្ទះលេខ១៧៨ ផ្លូវលំ ក្រុមទី០១ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ ប៉ែន ណាវឿន អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៧៨ ផ្លូវលំ ក្រុមទី០១ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរធ្វើម្ហូបការ ត្រូវជាបងថ្លៃ (របួសក្បាលចំហៀងខាងឆ្វេង)។

ប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យភ្នាក់ងារ​ ខេមប៉ុស្តិ៍​ ដឹងពីដំណើររឿងហេតុថា កន្លងមកបុរសដែលជាប្អូនថ្លៃនោះ ក៏ធ្លាប់មានទំនាស់ជាមួយក្រុមគ្រួសារស្ទើរតែរាល់ថ្ងៃដែរ ហើយនៅមុនពេលកើតហេតុ​ ម៉ោងជាង០៩យប់ គាត់ឃើញជនសង្ស័យ​មកអង្គុយតែឯងនៅមុខផ្ទះ ដោយមាន​អាការៈ​ប្លែក ងាកមើលចុះឡើងៗ ហើយសំឡឹងមើលទៅលើ​ រួចងាកមើលចុះឡើងៗទៀត តែក្រោយមកមិនដឹងយ៉ាង​ម៉េច បានយកដុំឥដ្ឋប្រហោងវាយទៅលើបុរសរងគ្រោះដែលជាបងថ្លៃ បណ្តាលអោយ (របួសក្បាលចំហៀងខាងឆ្វេង) ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋស្រែកប្រាប់សាច់ញាតិនៅក្នុងផ្ទះ ទើបផ្អើល​ឆោឡោ​ដល់អ្នកភូមិ​ ភ្លាមៗនោះជនសង្ស័យក៏រត់ចូលទៅសង្ងំក្នុងបន្ទប់ទឹក​ រួចបិទទ្វាចាក់​គន្លឹះ​ជាប់។ រីឯក្រុមគ្រួសារបានប្រញ៉ាប់ប្រញាល់បញ្ជូនអ្នករងរបួស ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងទាក់ទងរាយការណ៍ប្រាប់​ឲ្យកម្លាំងល្បាតប៉ុស្តិ៍នគរបាល​ចាក់អង្រែក្រោម​ ចុះមកអន្តរាគមន៍ផង។

បន្តិចក្រោយមកកម្លាំង​ល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម​ បានចុះមកដល់ ​ហើយបានលួងលោម ហៅជនសង្ស័យដែលកំពុងសង្ងំក្នុងបន្ទប់ទឹកនោះ ចេញមកក្រៅ​ រួចនាំមកប៉ុស្តិ៍សាកសួរ និងវាយខ្នោះតែម្ដង។ លុះមកដល់វេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ទើបជនរងគ្រោះឈ្មោះ ប៉ែន ណាវឿន និងក្រុមគ្រួសារ បានមកដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមច្បាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សាន្ត ប៊ុនថា ដែលញៀនថ្នាំហួសកម្រិត រហូតដល់ថ្នាក់គ្រប់គ្រងខ្លួនឯងមិនបាននោះ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។

គួរបញ្ជាក់ជូនថា គ្រឿងញៀន គឺជាសារធាតុម្យ៉ាងដែលអាចពង្វក់អារម្មណ៍ និងស្មារតី របស់មនុស្សស្ទើរតែ ១០០% រហូតមនុស្សមួយចំនួន ត្រូវរងគ្រោះខូច​ប្រព័ន្ធ​សសៃប្រសាទ ដោយសារវាផងដែរ ។ មិនតែប៉ុណ្ណោះ​ វាបានអោយធ្វើអោយមនុស្សម្នាក់ ក្លាយទៅជាមនុស្ស២ផ្សេងគ្នា ប្រសិនបើបុគ្គលនោះប្រើប្រាស់ វាហួសកម្រិត ដូចជាក្លាយជាមនុស្សខ្មោចឆៅ ចូលចិត្តប្រើប្រាស់ហិង្សា ខ្វះវិចារណៈញ្ញាណ ពិសេសខ្វះភាពម្ចាស់ការលើខ្លួនឯងទាំងស្រុង និងរហូតក្លាយទៅជាមនុស្សមានបញ្ហាសតិអារម្មណ៍​(ឆ្កួត)តែម្តង ដែលជាហេតុធ្វើអោយសង្គមមនុស្សត្រូវធ្លាក់ចូលក្នុងភ្លក់ភ្លើង ដោយសារវា ដូច្នេះហើយ សូមបងប្អូនទាំងអស់ជាពិសេសយុវ័យជំនាន់ក្រោយ ត្រូវនិយាយថា "ទេ" ចំពោះគ្រឿងញៀន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post