header ads

Sponsor

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវជាតិ-អន្ដរជាតិ ចូលរួមឆ្លងឆ្នាំសកលនៅវិមានឈ្នះ-ឈ្នះ យប់ថ្ងៃទី៣១ ខែធ្នូនេះ ឲ្យបានច្រើនកុះករ និងដើម្បីឃើញច្បាស់នូវសោភ័ណភាព នៃវិមានប្រវត្តិសាស្រ្តនេះ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ថ្ងៃទី៣១ ខែធ្នូនេះ គឺជាថ្ងៃចុងក្រោយនៃឆ្នាំ២០១៨។ ដូច្នេះ នៅយប់នេះ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងចូលរួមឆ្លងឆ្នាំសកល ២០១៨ ចូល ២០១៩ នៅវិមាន ឈ្នះ-ឈ្នះ ដែលទើបសម្ពោធកាលពីថ្ងៃទី ២៩ ខែធ្នូនេះ។

សម្ដេចបន្ដថា ពលរដ្ឋខ្មែរ នឹងមកលេងកម្សាន្តសប្បាយនៅវិមានឈ្នះ-ឈ្នះ ដែលមានកម្មវិធីប្រគុំតន្រ្តី និងស្តង់ពិព័រណ៍ជាច្រើន ព្រមទាំងពិធីបាញ់កាំជ្រួចឆ្លងឆ្នាំផងដែរ។ ចំពោះវត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារវិញ គឺមានលក់ត្រៀបត្រានៅតាមស្តង់ក្នុងបរិវេណវិមានឈ្នះ-ឈ្នះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “សូមអញ្ជើញបងប្អូនជនរួមជាតិ ទេសចរជាតិ និងអន្តរជាតិ ព្រមទាំងកូនក្មួយយុវជន ចូលរួមឆ្លងឆ្នាំសកលនៅវិមានឈ្នះ-ឈ្នះ យប់នេះឲ្យបានច្រើនកុះករ និងដើម្បីបានឃើញច្បាស់នូវសោភ័ណភាពវិមានប្រវត្តិសាស្រ្តនាពេលរាត្រីទៀតផង”។

ជាមួយគ្នានេះដែរ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រគេនពរ ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីសចម្រើន មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការងារ និងមុខរបរ និងមានលាភសំណាងគ្រប់ៗគ្នានៅក្នុងឆ្នាំថ្មី ២០១៩ ដែលនឹងចូលមកដល់នៅពាក់កណ្តាលអធ្រាត្រយប់នេះ។

សូមរំលឹកថា វិមានឈ្នះ-ឈ្នះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ៨ហិកតា មានកម្ពស់៥៤ម៉ែត្រ និងទទឹង៣៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post