ស្វាយរៀងៈ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺយុវជនម្នាក់ បានធ្វើរឿងមួយ ដែលកម្រមានប្រជាពលរដ្ឋរូបណាធ្វើកន្លងមកនេះ ដោយបានសាក់រូបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅជាប់ដើមទ្រូងរបស់លោកតែម្តង ទន្ទឹមគ្នានេះ អាចនិយាយបានថា យុវជនម្នាក់នេះ បានគោរពស្រឡាញ់សម្តេចយ៉ាងខ្លាំង ទើបសម្រេចចិត្តសាក់រូបសម្តេច នៅជាប់ដើមទ្រូងបែបនេះ។
យ៉ាងណាមិញ ជាមួយនឹងការបង្ហាញក្តីស្រឡាញ់ចេញពីបេះដួងពិតៗ កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ យុវជនរូបនេះ បានទៅកាន់ហាងកាត់សក់ និងចាក់សាក់មួយកន្លែង ឈ្មោះកូនភ្លោះ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត BF ក្រុងបាវិត ជារបស់ប្អូនថ្លៃដែលជាងកាត់សក់ និងជាជាងចាក់សាក់ផង ដើម្បីចាក់សាក់រូប តែមិនទាន់ដឹងថា សាក់រូបអ្វី ។ តែរកអ្វីសាក់មិនពេញចិត្ត ទើបគាត់គិតថា ចឹងចាក់រូបសម្តេចតេជោ ហ៊ុន សែន បានទេ ប្អូនថ្លៃគាត់ក៏និយាយថា មានអី ក៏យកមកសម្ដេចមកឲ្យគាត់មើល ទើបបំណាច់ចិត្តដែលស្រឡាញ់ផង ទើបឲ្យប្អូនថ្លៃចាក់សាក់រូបសម្ដេចនៅជាប់ដើមទ្រូងតែម្ដង និងកំពុងមានការចាប់អារម្មណ៍ ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមិនតិចទេ ដែលបានកោតសរសើរ ថាលោកជាពលរដ្ឋល្អ គោរព ស្រឡាញ់ និងគាំទ្រថ្នាក់ដឹកនាំ៕
ផ្ដល់សិទ្ធិដោយ៖ campost.news