![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqkwiqp_x78hURZ4HQNZz5T1Pse0kUIE7atzNTsPzRCpOSPQeMkwewF0XyMcF1nW-altLqGJHXbJuN7QvscVi646T8nt7sUfCeIVVsFUW1UzgdH1C-aljzMb0hiN9OQBW3uJlZUNxCZ-pu/s1600/33961.jpg)
ភ្នំពេញៈ អធិការដូនពេញថ្មី លោក ទៀង ចាន់សារ ត្រូវបានមន្ត្រីតូចតាចចាប់ពីថ្នាក់ប៉ុស្តិ៍ រហូតដល់ថ្នាក់ខណ្ឌ បានចោទប្រកាន់ថា លោកបានយកមនុស្សជំនិតរបស់ខ្លួន និងជនស៊ីវិលមួយក្រុម មានរហ័សនាម “ក្រុមស័ក្តសិទ្ធិ” ដែលមិនមែនជាមន្ត្រីនគរបាល ដើរធ្វើព្យុះភ្លៀងទូទាំងខណ្ឌ ពិសេស គឺក្រុមស៊ីវិលនោះ ថែមទាំងបញ្ជាប៉ូលិសប៉ុស្តិ៍/ខណ្ឌថែមទៀតផង។
មន្ត្រីនគរបាលខណ្ឌដូនពេញ ទាំងថ្នាក់ប៉ុស្តិ៍ និងខណ្ឌ បានបង្ហើបឲ្យដឹងថា បន្ទាប់ពីមានការផ្លាស់ប្តូរលោក ទៀង ចាន់សារ មកកាន់តំណែងជា អធិការខណ្ឌដូនពេញនេះ គឺលោកបានអួសទាញកម្លាំងស៊ីវិល ដែលមិនមែនជាមន្រ្តីក្របខ័ណ្ឌជាង១០នាក់ យកមកប្រើប្រាស់ជំនួសសមត្ថកិច្ចមូលរដ្ឋាន ឲ្យចុះស្រាវជ្រាវប្រមូលលុយពីបទល្មើសជាច្រើនដូចជាទីតាំង កន្ទុយលេខ ភ្នាល់បាល់ ទុកជូនលោកអធិការ ខណៈក្រុមជំនិតទាំងនោះ គ្មានជំនាញអ្វីបន្តិចសោះ។
មន្រ្តីដដែលខាងលើ បានប្រាប់ឲ្យដឹងទៀតថា ចាប់តាំងពីលោក ទៀង ចាន់សារ មកកាន់តំណែងជាអធិការខណ្ឌមក ការដឹកនាំរបស់លោក មានភាពមិនប្រក្រតី ជាច្រើនដូចជា យកជនស៊ីវិលមួយចំនួន ខ្លះអត់មានក្របខ័ណ្ឌជានគរបាលជាតិនោះឡើយ ឲ្យចេញធ្វើសកម្មភាពលុកលុយក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីរកប្រាក់ចំណូលពីកន្លែងកត់កន្ទុយលេខតូចៗ តាមច្រកឌឿងហែម ដោយតម្រូវឲ្យបង់១ខែ១លានរៀល បើមិនដូច្នេះទេ គេនឹងប្រើប្រាស់កម្លាំងបង្ក្រាបភ្លាមៗ។ មិនតែប៉ុណ្ណោះ លោក ទៀង ចាន់សារ បានស្នើទៅថ្នាក់លើសុំកម្លាំង ដែលជាមនុស្ស ជំនិតរបស់ខ្លួនពីខណ្ឌប្ញស្សីកែវមកខណ្ឌដូនពេញ ដើម្បីប្រមូលលុយពីបទល្មើសជាច្រើនក្នុងខណ្ឌដូនពេញទុកជូនលោកថែមទៀតផង។
មន្រ្តីដដែលបានបញ្ជាក់ឲ្យដឹងថា ក្រុមស៊ីវិលដែលអធិការនាំយកមកប្រើប្រាស់ មានរហ័សនាម (ក្រុមស័ក្តិសិទ្ធិ) មានឥទ្ធិពលណាស់ ពេលខ្លះយកអំណាច លោកអធិការមកប្រើបញ្ជាលើសមត្ថកិច្ចមូលរដ្ឋានទៀតផង មិនតែប៉ុណ្ណោះក្រុមនេះមានគោលដៅនៅមុខ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ហើយប្រសិនបើគេឃើញម៉ូតូណាអត់ពាក់មួកសុវត្ថិភាព ឬអត់ស្លាកលេខ ក្រុមនេះ បើកប្រតិបត្តិការ ប្រដេញចាប់ភ្លាម ខ្លាំងជាងប៉ូលិសទៀត។
ករណីមិនប្រក្រតីខាងលើនហើយ ទើបធ្វើឲ្យមន្ត្រីមួយចំនួនធំ តាំងពីថ្នាក់អធិការរង រហូត ដល់ថ្នាក់ប៉ុស្តិ៍ នោះមិននិយាយពីមន្ត្រីតូចៗឡើយ ម្នាក់ៗនាំគ្នាគ្រវីក្បាល ហើយគ្មានវាចានឹងថ្លែង កន្លងមកធ្លាប់តែឮមន្ត្រី ប៉ូលិសនៅខណ្ឌឫស្សីកែវ ត្អូញត្អែ តែនៅពេលដែលឃើញជាក់ ស្តែងនៅនឹងភ្នែក ឮនឹងត្រចៀកខុសពីគេនិយាយ កាលពីមុនៗមក។
ប្រភពដដែល បញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំរបស់លោក ទៀង ចាន់សារ អធិការរងពីររូប រួមទាំងមន្ត្រីជំនាញផ្សេងទៀត ត្រូវបាត់បង់កាងារ ដោយសារលោកអធិការស្នើទៅថ្នាក់លើសុំមនុស្សជំនិតពីខណ្ឌឫស្សីកែវ មកប្រើប្រាស់ជំនួស។
ករណីនេះ មន្ត្រីតូចតាចដែលមិនអាចទទួលយកបាននូវទង្វើបែបនេះ ពួកគាត់ក៏បានស្នើសុំទៅលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាលោកជួយពិនិត្យមើលការដឹកនាំរបស់ លោក ទៀង ចាន់សារ អធិការខណ្ឌដូនពេញផង ហេតុអីលោកមិនប្រើកម្លាំងប៉ូលិសបែរជាប្រើកម្លាំងស៊ីវិលឲ្យមកអុកឡុកនៅក្នុងមូលដ្ឋានបែបនេះនោះ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ9cn0dDo9GDb_yQkB4Dzfgh8yCBplXnhmQaiw4k9LcxbnQ2vB8NuXmy2_iAZmH0z5e-57-p0mxTwITAwVfvwBf_siqgl9uVinQfV8BqznshBoU0RQb4TlA8U8CF1Ts5vNhri-u58hirPX/s1600/675823902.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW_nIvHWvk0iSmtg19tbb9oFpeEjMIcpkfuCRZfTOYopvdj9HwpboVQ7wW7-8sVpTjNq9HSQdIysBUqEx4zNXc8VF0_kDSPW4xVL-SmR7CJKNh7DWiEn8pp4L6-oFMKYWKx6H-7ondzy7R/s1600/675823903.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyJYA5pvvt3nWk6f9IE9xRNZdNmJsMGG_WO7pbGJCDuxBL3um9U1dsLbJKQWwmngbbZxwk_S1lGP1o1LsEnkwMWeKWttjt8br8fVSDhpeDIigMaiyDC2aap9S6qg246q18DFej8cusbL_D/s1600/675823904.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvHzH6L_fMdIGzNbBmHZWAmbu6Xv9sP8qGyzm69veDI6OjafQYGaO39AhOXFJeBMHT9KO1EwAR0G2q8-WmqIXmR85pT2BCDvtt8OHXvrfR4nE2tSTNB977Acc9BVuTN2NdKib7WeHgy112/s1600/675823905.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuBe-o0qSBkosH7vLGzL0A_sTEZqrR6pZmmAVbP-XgoaJlRqx9Wl5rboZQQjEUZg0l1nBHyubXJ6nM9aSMBQNefuc-dCdzew0p3BE6no8WR6U76onIGEnkPKO2bcyaGeqve4fGXxaVDYsc/s1600/675823906.jpg)