
កំពតៈ សមត្ថកិច្ចនគរបាលខេត្តកំពត បានឃាត់ខ្លួនជនបរទេស២នាក់ និងស្ត្រីខ្មែរម្នាក់ ករណីជួញដូរគ្រឿងញៀនជាង១ពាន់គ្រាប់ ប្រភេទអុិចស្ត្រាស៊ីល គ្រឿងញៀនមេតំហ្វេតាមីន៥០០គ្រាប់ រួមទាំងប្រភេទថ្នាំសង្ស័យជាសារធាតុញៀន១៨០គ្រាប់ និងម៉ាទឹកកក ទម្ងន់២៦៤,៨៦ក្រាមផងដែរ។ ការបង្ក្រាបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ នៅចំណុចក្បែរមន្ទីរប្រៃណីយ៍ និងទូរគមនាគមន៍ខេត្តកំពត ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា សមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចក្បែរមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពតដោយឆែកឆែរជនបរទេសប្រុសស្រី២នាក់ ព្រមទាំងស្ត្រីខ្មែរម្នាក់។
ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទឹកថ្នាំសង្ស័យ ជាសារធាតុញៀនមួយកញ្ចប់ធំ ព្រមទាំងគ្រឿងញៀនប្រភេទអុិចស្ត្រាស៊ីល ចំនួន១.៥០៣គ្រាប់។ លោកស្នងការបន្តថា ជាមួយនឹងវត្ថុតាងទាំងនេះ សមត្ថកិច្ចក៏សម្រេចឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ភ្លាមៗតែម្តង។
បន្ទាប់មកសមត្ថកិច្ចបានបន្តទៅឆែកឆេរហាង FIREFLY ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានរកឃើញគ្រឿងញៀនមេតំហ្វេតាមីន៥០០គ្រាប់ រួមទាំងប្រភេទថ្នាំសង្ស័យជាសារធាតុញៀន១៨០គ្រាប់ និងម៉ាទឹកកកទម្ងន់២៦៤,៨៦ក្រាមបន្ថែមទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចកំពុងបន្តនីតិវិធីលើសួរនាំ មុនបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕



