header ads

Sponsor

រិទ្ធី

នៅល្ងាច​ថ្ងៃព្រហស្បតិ៍​ ១៤រោច​ ខែកត្តិក ឆ្នាំច​ សំរឹទ្ធស័ក ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ​ ឆ្នាំ២០១៨​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន មន្ត្រីជាន់ខ្ពស់កម្ពុជា ឯកឧត្តម​ ង្វៀន​ ស៊ុនហ្វុក ក និងពាណិជ្ជករ អ្នកធុរកិច្ចវៀតណាមជាច្រើន រួមជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា និងវៀតណាមជាច្រើនរូបផងដែរ អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចវៀតណាមកម្ពុជា ​នៅទីក្រុងហាណូយ​ ។

សម្តេចតេជោបានមានប្រសាសន៍ថា វៀតណាមនិងកម្ពុជាបានចាប់ផ្តើមមានទំនាក់ទំនងល្អនឹងគ្នាជាយូរលង់ណាស់មកហើយ ដែលឆ្នាំ ២០១៨ នេះជាខួបលើកទី ៥១ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរផងដែរ។

សម្តេចបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០១៧ សម្រេចបានចំនួនប្រមាណ ២.១៣ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ២០១៦ ប៉ុន្តែការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតណាមនៅមានទំហំតូចនៅឡើយ។ ក្នុងឆ្នាំ២០១៧ ការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាម មានចំនួន ៣៤២ លានដុល្លារអាមេរិក ធៀបនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម មានចំនួនប្រមាណ ១,៨ ពាន់លានដុល្លារអាមេរិក។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា៖ ក្រុមហ៊ុនវៀតណាមបានវិនិយោគចំនួន ៧៥ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៤ ពាន់លានដុល្លារអាមេរិក ដែលផ្តោតសំខាន់លើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងឱកាសនេះដែរ សម្តេច ហ៊ុន សែន នៅតែបន្តអំពាវនាវដល់អ្នកវិនិយោគវៀតណាមដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាម និងកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post