header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំមួយរូប រងនូវកណ្តាប់ដៃមន្ត្រីនគរបាលខេត្ត បណ្តាលឲ្យបែកមាត់ កាលពីវេលាម៉ោង១០និង០៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈចុះបំពេញការងារ ក៏ពើបប្រទះឃើញឡានដឹកឈើ ហើយសុំគោលការណ៍ពីមេ បង្ក្រាបក្នុងបទល្មើសដឹកជញ្ជូនឈើ ជាបទល្មើសជាក់ស្តែង ដេញចាប់ ក៏ចំឡានឈើរបស់លោក ស៊ី្រ លាភ ស្នងការរង នគរបាលខេត្តត្បូងឃ្មុំ ក៏កើតជាហិង្សា ដោយសារមន្ត្រីនគរបាល ត្រូវជាកូនចៅលោក ស៊ី្រ លាភ ស្នងការរង បានប្រើប្រាស់កាំភ្លើងគម្រាមរកបាញ់ តែខាងមេព្រៃមិនព្រមបញ្ឈប់សកម្មភាព ក៏ឈានដល់ការប្រើហិង្សាវាយមេព្រៃមួយដៃចំកញ្ចប់មាត់បែកឈាមតែម្តង ។

ករណីនេះផ្អើលអស់មហាជនធ្វើដំណើរតាមផ្លូវ និងអាជ្ញាធរ សមត្ថកិច្ច ឈានដល់មានការចុះមកជួយអន្តរាគមន៍ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តប្រមាណជិត១០នាក់ មកបង្ក្រាបបទល្មើសដឹកឈើនេះ តាមការស្នើសុំសហការពីខាងរដ្ឋបាលព្រៃឈើ ដើម្បីអូសស្ទួចឡានដឹកបទល្មើសឈើប្រគល់ឲ្យខាងរដ្ឋបាលព្រៃឈើអនុវត្តតាមនីតិវិធី ។

ករណីស្នងការរងខេត្តត្បូងឃ្មុំ ២ថ្ងៃនេះ មានចំនួន២រូបហើយ បានជាប់ពាក់ព័ន្ធនឹងបទល្មើស ក្នុងនាមខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ បង្ក្រាបបទល្មើស បែរជារកសុីបទល្មើស និងម្នាក់ទៀត ដោះលែងបទល្មើស ជាមួយនឹងការក្តៅស្លឹកត្រចៀកស្តីបន្ទោសយ៉ាងធ្ងន់ៗផងដែរ ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចំពោះទង្វើមិនគប្បីនៃស្នងការរងខាងលើនេះ ។

មន្ត្រីនគរបាលបានរាយការណ៍មកថា៖ លោកស្នងការរង ស៊ី្រ លាភ រកស៊ីដឹកបទល្មើសឈើ និងបញ្ជាឲ្យកូនចៅប្រើហិង្សាលើមន្ត្រីរដ្ឋបាលព្រៃឈើ ។ ដោយឡែកលោកឈឹម គឹមហុង ស្នងការរង ទទួលផែនសណ្តាប់ធ្នាប់វិញ ចាប់ឡានយីឌុបមួយគ្រឿងដឹកដំឡូងមី ហើយបង្កប់ឈើប្រណីតបែជាត្រូវរ៉ូវគ្នាសម្របសម្រួលដោះលែង ប៉ុន្តែលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាយ៉ាងមុឺងម៉ាត់ឲ្យចាប់ឡាននោះ ឲ្យបាន និងធ្វើតាមនីតិវិធី ដោយលោកបានបញ្ជាក់ថា៖ លោកស្នងការរងសណ្តាប់ធ្នាប់ត្រូវធ្វើរបាយការឲ្យជាក់លាក់៖

ទី១ -ឡាននេះរត់ចេញពីទីណាទៅទីណា ពីម៉ោងប៉ុន្មាន ក្នងខណៈផែនណាទទួលខុសត្រូវរបស់ខ្លួន ។ តើមានមន្រ្តីណាអនុញ្ញាត បើមានឈ្មោះអ្វី ឋានៈអ្វី ឬ រត់ដោយខ្លួនឯង ។ ត្រូវមានកំណត់ហេតុសួរបំភ្លឺជាលាយល័ក្ខអក្សរតាមនិតិវិធី ។ លោកស្នងការបន្តថា៖តើធ្វើរបៀបម៉េចទើបយកឡាននេះត្រឡប់មកវិញបាន ហើយបន្ទាប់ពីយកមកវិញតើមានអ្វីខ្លះប្រែប្រួល ។

ទី២-តើឡាននេះ ល្មើសអ្វីខ្លះ ហើយបានពិន័យបែបម៉េច?

ទី៣-ឲ្យបង្ហាញរាល់លិខឹតស្នាមពាក់ព័ន្ធអត្តសញ្ញាណយានយន្ត និងអ្នកបើកបរ

ទី៤-សួរបំភ្លឺមូលហេតុដែលមិនពាក់ស្លាកលេខ និងពាក់ស្លាកលេខ បែបអនាធិបតេយ្«យ៦៦៨៨»

ទី៥-មើលមាត្រាច្បាប់ដែលពាក់ព័ន្ធនិងអំពើល្មើសនេះ និងពិចារពាររាល់បញ្ហាផ្សេងទៀតដែលយល់ថាចាំបាច់ ។

លោកផ្កាយ២បន្តថា៖ ពិសេសត្រូវរាយការទៅព្រះរាជអាជ្ញាពីការចាប់ឃាត់រថយន្តនេះជាបណ្តោះអាសន្ន និងធ្វើឲ្យបានឆាប់បំផុត ។ ដូចនេះត្រូវប្រាប់ម្ចាស់ឲ្យរៀបចំឯកសារដាក់ឲ្យខ្ញុំពិនិត្យ បើមិនដូច្នេះទេ សប្តាហ៏ក្រោយទើបដោះស្រាយ ។ លោកបន្ថែមថា៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ប្រគល់រថយន្តនេះទៅឲ្យកងអន្តរាគមន៏យកទៅគ្រប់គ្រងនៅម៉ៃសាក់ ។

ចំពោះករណី លោក ស៊ី្រ លាភ ស្នងការរង នគរបាលខេត្តត្បូងឃ្មុំប្រើកូនចៅវ៉ៃមេព្រៃបែកកញ្ចប់មាត់ ដើម្បីការពារខ្លួនដឹកបទល្មើសព្រៃឈើ លោកស្នងការមិនទាន់បញ្ជាក់នៅឡើយនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ ។ ប៉ុន្តែលោក ស៊ី្រ លាភ បានប្រាប់ប្រភពព័ត៌មានក្នុងស្រុកកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ថា៖ លោកមិនបានដឹង និងមិនបានបញ្ជាឲ្យកូនចៅទៅវ៉ៃអ្នកណាទេ ខណៈយប់នោះមានភារកិច្ចរវល់នៅខេត្តកោះកុង ហើយព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក៏ជាមកខេត្តស្ទឹងត្រែងបន្តទៀត ។ លោកបន្តថា៖ ខ្ញុំរកតែពេលដេកពួន ញាំអីមិនបានផង ហេតុអីក៏មានពេលទៅវាយគេនោះ...?៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post