
ភ្នំពេញៈ លោកតាម្នាក់ ជាមនុស្សមានសតិមិនគ្រប់ បានស្លាប់ក្នុងអណ្ដាតភ្លើងយ៉ាងអាណោចអធ័ម និងផ្ទះមួយខ្នងឆេះខ្ទេចទាំងស្រុង ដោយសារតែគាត់ជក់បារីរួចហើយ បោះកន្ទុយបារីលើគំនរកំណាត់ បង្កជាអគ្គិភ័យបែបនេះតែម្ដង។
ករណីអគ្គីភ័យនេះ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ (ចូលទីលានចាក់សំរាមចាស់) ក្រុមទី៣ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ (សព) ឈ្មោះ តា រ៉ូម៉ា ភេទប្រុស អាយុ៦២ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់ និងមានកូនស្រីម្នាក់ នៅជាមួយឈ្មោះ ម៉ា មុំ ភេទស្រី អាយុ៣៧ឆ្នាំ (សតិមិនគ្រប់ដូចគ្នា)។
នគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ គឺជនរងគ្រោះបានឲ្យកូនស្រី យកដែកកេះទៅអោយខ្លួន ដើម្បីជក់បារី ក្រោយពីជក់រួច ជនរងគ្រោះបានបោះកន្ទុយបារីនោះ ចោលទៅលើគំនរកំណាត់ ដែលជនរងគ្រោះ និងកូនស្រី ដើររើសយកមកគរទុកពេញក្នុងផ្ទះនោះ ទើបបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្ដង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ឲ្យដឹងថា ផ្ទះកើតហេតុ គឺមានសមាជិកតែ២នាក់ ឪពុកនិងកូនស្រីទេ ហើយទាំងពីរនាក់នេះសុទ្ធតែមនុស្សមានសតិមិនគ្រប់ដូចគ្នា និងដើររើសកំណាត់ចាស់ជាច្រើនយកមកគរទុកក្នុងផ្ទះជាច្រើនផងដែរ ហើយនៅមុនពេលកើតហេតុ មិនដឹងថា មូលហេតុអ្វីនោះទេ គឺគ្រាន់តែឃើញភ្លើងកំពុងឆាបឆេះនៅក្នុងផ្ទះ ប្រជាពលរដ្ឋក៏ប្រញាប់រាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចបានដឹង ហើយនាំគ្នារត់ទៅជួយដងទឹកពន្លត់ដែរ តែផ្ទះកើតហេតុពុំមានទឹក និងភ្លើង សម្រាប់ប្រើប្រាស់នោះទេ ទើបឆេះរាលដាលយ៉ាងសន្ធោរសន្ធៅ ហើយមួយសន្ទុះក្រោយមក ឃើញមានរថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតបន្តបន្ទាប់គ្នាចំនួន៥គ្រឿង ដើម្បីអន្តរាគមន៍បាញ់ពន្លត់រហូតរលត់ទាំងស្រុងផងដែរ ។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យអស់ចំនួន៥គ្រឿង មានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យ ស្នងការដ្ឋាននគរបាលរាជធានីធានីភ្នំពេញ ចំនួន៣គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើរយៈពេលជាងមួយម៉ោង ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង៕
















