header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ លោកយាយអាយុ៧៤ឆ្នាំម្នាក់ បានបែកពពុះមាត់ ប្រកាច់ស្លាប់ នៅក្នុងគ្លីនិកឯកជនមួយកន្លែង យីហោ ជា ហ៊ីម សង្ស័យកូនស្រីរបស់លោកគ្រូពេទ្យ ចាក់ថ្នាំខុសបច្ចេកទេស បណ្តាលឲ្យស្លាប់ ហើយម្ចាស់គ្លីនិកខាងលើ បានដេញកូនចៅសាច់ញាតិឲ្យដឹក សពលោកយាយ ដែលស្លាប់នោះហើយ យកទៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ដើម្បីជាលេសដោះបន្ទុក សង្ស័យកូន មិនទាន់មានជំនាញខាងព្យាបាលជំងឺឡើយ ។

បន្ទាប់ពីទទួលបានព័ត៌មានថា មានលោកយាយម្នាក់បានស្លាប់ នៅក្នុងគ្លីនិកឯកជនមួយនៅក្នុងស្រុកឱរ៉ាល់ ហើយបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត ក្រុមអ្នកសារព័ត៌មាន ចុះទៅផ្តិតយករូបភាព មកផ្សព្វផ្សាយ ស្រាប់តែមានលោកគ្រូពេទ្យម្នាក់ និងលោកអនុប្រធានមន្ទីរពេទ្យបង្អែក មានឈ្មោះ លី ហាមក្រុមអ្នកសារព័ត៌មាន មិនឲ្យថតរូបលោកយាយដែលស្លាប់នោះឡើយ ដោយអះអាងថា មានថ្នាក់លើឈ្មោះ ធា គ្រុយ ជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល មិនឲ្យក្រុមអ្នកសារព័ត៌មានថតរូបក្នុងមន្ទីរពេទ្យឡើយ និងមិនសហការជាមួយក្រុមអ្នកសារព័ត៌មាននោះទេ ។

ការហាមប្រាមក្រុមអ្នកសារព័ត៌មានបែបនេះ សង្ស័យតែម្ចាស់គ្លីនិកឯកជនយីហោ ជា ហ៊ីម នោះ ជាសាច់ញាតិរបស់អស់លោក ជាគ្រូពេទ្យទាំងនោះហើយមើលទៅ ឬមួយក៏ខ្លាចក្រុមអ្នកសារព័ត៌មានដឹងរឿង អំពើពុករលួយអ្វីមួយ ក្នុងមន្ទីរពេទ្យបង្អែកខេត្តនេះទើប ហាមប្រាមក្រុមអ្នកសារព័ត៌មាន?

ហេតុការណ៍ភ្ញាក់ផ្អើលលោកយាយម្នាក់ស្លាប់នៅក្នុងគ្លីនិកឯកជនយីហោ ជា ហ៊ីម នោះ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងគ្លីនិកឯកជនយីហោ ជា ហ៊ីម ស្ថិតនៅក្នុងភូមិផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

បើតាមសម្តីរបស់ស្ត្រីម្នាក់មានឈ្មោះលាង ស្រីមុំ អាយុ៣៦ឆ្នាំ ជាកម្មារិនីរោងចក្រ រស់នៅក្នុងភូមិ ឃុំ ខាងលើជាកូនលោកយាយរងគ្រោះនិយាយថា លោកយាយ មានឈ្មោះពៅ យ៉ាន អាយុ៧៤ឆ្នាំ មុខរបរបោកខោអាវឲ្យគេ ស្នាក់នៅជាមួយកូន ក្នុងភូមិ ឃុំខាងលើ ។

ប្រភពបានបន្តទៀតថា នៅមុនពេលកើតហេតុ ម្តាយរបស់ស្ត្រីខាងលើបានជិះកង់ទៅឲ្យលោកគ្រូពេទ្យជា ហ៊ីម អាយុជាង៤០ឆ្នាំ ជាម្ចាស់គ្លីនិកឯកជនយីហោ ជា ហ៊ីម ខាងលើ ថែមទាំងជាប្រធានមណ្ឌលសុខភាពស្រុកឱរ៉ាល់ទៀតផង ប៉ុន្តែលោកគ្រូពេទ្យនោះ មិននៅ ក៏បានជួបប្រពន្ធ និងកូនរបស់លោកគ្រូពេទ្យនោះ ហើយក៏មិនដឹងថា ចាក់ថ្នាំអ្វី ឬក៏ដាក់សេរ៉ូមអ្វី បានធ្វើឲ្យម្តាយរបស់អ្នកស្រីស្លាប់ យ៉ាងនេះនោះទេ អ្នកស្រីជាកូន និងសាច់ញាតិ មិនសុខចិត្តទេ និងដាក់ពាក្យបណ្តឹងឲ្យខាងសមត្ថកិច្ច និងជំនាញពិនិត្យស្វែងរកមូលហេតុពិត និងយុត្តិធម៌ដល់ម្តាយរបស់អ្នកស្រីផង ។

បើតាមសម្តីរបស់លោកប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានមានប្រសាសន៍ តាមទូរសព្ទ័ឲ្យដឹងថា ពិតជាមានករណីនេះ ពិតប្រាកដមែន លោកយាយខាងលើ គាត់មានជំងឺលើសឈាម និងជំងឺតេតាណុស ហើយគាត់បានជិះកង់ទៅឲ្យគ្រូពេទ្យចាក់ថ្នាំ រួចក៏ជិះមកផ្ទះវិញ មួយសន្ទុះក្រោយមកទៀត មានអការមិនស្រួល ក៏ត្រឡប់ទៅម្តងទៀត ហើយកូនស្រីលោកគ្រូពេទ្យខាងលើបានចាក់ថ្នាំ និងដាក់សេរ៉ូមមិនដឹងថា យ៉ាងម៉េចទេ ស្រាប់តែមានរឿងកើតឡើងតែម្តង បានដឹកបញ្ជូនយកទៅដល់មន្ទីរពេទ្យបង្អែកខេត្តទៀត ។

ចំពោះករណីខាងលើនេះដែរ អ្នកសារព័ត៌មានបានសួរទៅលោក លី ជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែលោកបាននិយាយថា ក្រុមលោកកំពុងតែធ្វើការងារហើយ មិនអាចទាន់ឆ្លើយ ជាមួយក្រុមអ្នកសារព័ត៌មានបានទេ ទាល់តែរង់ចាំក្រុមគ្រូពេទ្យធ្វើការងាររួចទើបដឹង ។

ដោយឡែក ដើម្បីឲ្យអស់សង្ស័យ ក្រុមអ្នកសារព័ត៌មានបានព្យាយាម ទៅយកព័ត៌មានរហូតទៅដល់កន្លែងកើតហេតុ ស្រុកឱរ៉ាល់ បានជួបលោកគ្រូពេទ្យជា ហ៊ីម ជាម្ចាស់គ្លីនិក និងជាប្រធានមណ្ឌលសុខភាពស្រុកឱរ៉ាល់ និងប្រពន្ធរបស់លោក សួរពីព័ត៌មានពិតដែរ ប៉ុន្តែលោក និងប្រពន្ធព្យាយាមគេចពីក្រុមអ្នកសារព័ត៌មាន ដោយបង្វែរឲ្យទៅសួរនាំសមត្ថកិច្ចវិញចុះ ។

បើតាមសម្តីរបស់លោក ជា ហ៊ីម ជាម្ចាស់គ្លីនិក និងជាប្រធានមណ្ឌលសុខភាពផងនោះ និយាយក្តែងៗ នៅក្នុងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ថា ប្រសិនបើសាច់ញាតិកូនៗ លោកយាយរងគ្រោះដាក់ពាក្យប្តឹងគ្លីនិកលោកមែននោះ លោកមិនឲ្យប្រពន្ធកូនលោកជាប់គុកទេ លោកសុខចិត្តជាប់គុកជំនួសវិញ! តើមានច្បាប់ឯណាអ្នកដែលប្រព្រឹត្តរួចទោស បែរជាមកចាប់អ្នកមិនបានប្រព្រឹត្តដាក់ទោសវិញនោះ?

បន្ទាប់ពីកម្លាំងជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តពិនិត្យរួចរាល់ហើយនោះ បានប្រគល់សពលោកយាយខាងលើឲ្យសាច់ញាតិយកមកធ្វើបុណ្យនៅឯផ្ទះវិញ ។ ចំណែកខាងជំនាញពេទ្យ មិនទាន់ឃើញមានលិខិតស្នាមអ្វីបញ្ជាក់ថា លោកយាយជាជនរងគ្រោះស្លាប់មកពីមូលហេតុអ្វីពិតប្រាកដនោះឡើយ ។

សាច់ញាតិ បងប្អូន កូនចៅ លោកយាយរងគ្រោះ កើតទុក្ខមិនសុខចិត្តឡើយ សូមឲ្យអស់លោក សមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺ ទាំងមូល និងក្រុមគ្រូពេទ្យជំនាញថ្នាក់លើ និងសូមអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មេត្តាជួយចាត់ក្រុមគ្រូពេទ្យជំនាញជួយចុះពិនិត្យ និងរកយុត្តិធម៌ឲ្យក្រុមគ្រួសារពួកគាត់ផង ដោយសារតែគ្រូពេទ្យមួយចំនួនខ្លះ មិនបានរៀនសូត្រពីសាលាច្បាស់លាស់ទេ គឺចេះតៗគ្នា ពីឪពុកម្តាយសាច់ញាតិជាដើម ទើបមានករណីនេះកើតមានឡើងនោះ សួរថាបើប៉ះចំបងប្អូន ឬសាច់ញាតិរបស់យើង តើសោកស្តាយប៉ុណ្ណា? ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post