
ក្នុងរយៈពេល១០ខែកន្លងទៅនេះក្នុងឆ្នាំ២០១៨ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(ហៅថាស៊ីម៉ាក់) បានធ្វើការរំដោះផ្ទៃដីបានចំនួនជាង៧៥គីឡូម៉ែត្រឡា ក្នុងនោះរុករកឃើញគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានសរុបរួមមានចំនួន៣៧ ៦៦៥គ្រាប់។
របាយការណ៍នេះត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រចាំឆមាសទី២ ឆ្នាំ២០១៨ និងផ្សព្វផ្សាយពង្រាងផែនការប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ កាលពីថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ដឹកនាំដោយលោក ហេង រតនា។

របាយការណ៍បន្ថែមថា ជាងនេះទៅទៀត ស៊ីម៉ាក់បានធ្វើសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ការងារស្រាវជ្រាវតំបន់គ្រាប់មីន និងការហ្វឹកហ្វឺនជំនាញសកម្មភាពកម្ចាត់មីន។
ក្នុងសេចក្តីព្រាងសម្រាប់ផែនការឆ្នាំ២០១៩ ស៊ីម៉ាក់មានគម្រោងរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមឱយបានចំនួន១១៦គីឡូម៉ែត្រក្រឡា ជាមួយសកម្មភាពអប់រំ ការស្រាវជ្រាវតំបន់គំរាមកំហែង និងការជួយសង្គ្រោះជនពិការដោយសារមីន ដែលនឹងពង្រាយកម្លាំងប្រតិបតិ្តការប្រមាណ១៧០០នាក់ សុនខ ៦៨ក្បាល គ្រឿងចក្រកម្ចេចមីនចំនួន៤៥គ្រឿង និងកំលាំងអន្តរាគមន៍ បណ្តាញសគ្រ័ចិត្តជាង២,៥០០នាក់ និងជាពិសេសសហការជិតសិទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងកំលាំងបូលីសមូលដ្ឋាន ដើម្បីឆ្លើយតបនិងផ្តល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

លោក ហេង រតនា បាបញ្ជាក់ថា៖ ដើម្បីសម្រេចគោលដៅផែនការនេះ អង្គភាពស៊ីម៉ាក់ត្រូវអនុវត្តគម្រោងនានា ចំនួន២៩គម្រោង គិតជាថវិកាចំនួនជាង១៦លានដុល្លារអាមេរិក ហើយមកដល់ពេលនេះអង្គភាពមានគម្រោងមួយចំនួនបានទទួលការអនុមត័រួចហើយ ដែលមានថវិកាសរុបប្រមាណ១២លានដុល្លារ គម្រោងដែលនៅសល់ស្ថិតក្នុងដំណាក់កាលចរចារដើម្បីទទួលបានការឯកភាព។
