header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារ មានការកើនឡើង ជាលំដាប់ពុំមានការថមថយនោះទេ ខណៈបច្ចុប្បន្នពន្ធនាគារទាំង២៨នៅទូទាំងប្រទេស បានផ្ទុកអ្នកជាប់ឃុំ ជាង៣ម៉ឺននាក់។

សម្ដេច ស ខេង បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និងការអនុវត្តបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ថា “ពីមួយឆ្នាំទៅមួយឆ្នាំចំនួនអ្នកជាប់ឃុំក្នុង ពន្ធនាគារមាន ការកើនឡើងជាលំដាប់ ដោយពុំមានការថមថយនោះឡើយ ។ បច្ចុប្បន្ននេះពន្ធនាគារទាំង២៨ នៅទូទាំងប្រទេស ផ្ទុកអ្នកជាប់ឃុំជាង៣ម៉ឺននាក់ ក្នុងនោះមានទណ្ឌិតចំនួនប្រមាណ៩ពាន់នាក់ ។ ក្រៅពីនោះ គឺអ្នកជាប់ឃុំរង់ចាំនីតិវិធីតុលាការ មានចំនួនជាង២ម៉ឺននាក់”។

ឆ្លៀតឱកាសនោះដែរ សម្ដេច ស ខេង បានបន្ថែមថា យុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលក្រសួងមហាផ្ទៃ កំពុងអនុវត្តយ៉ាង សស្រាក់សស្រាំ នៅទូទាំងប្រទេស ក៏បានរួមចំណែកមួយផ្នែក ទោះតិច ឬច្រើនក្ដី ដល់ការកើនឡើងនៃចំនួនអ្នកជាប់ឃុំ។

មួយវិញទៀត ការយឺតយ៉ាវនៃនីតិវិធី ក្នុងការជម្រះក្ដីជនជាប់ឃុំ ក៏ជាបន្ទុកមួយផ្នែកទៀត ធ្វើឲ្យចំនួនអ្នកជាប់ឃុំពុំមានការថយចុះផងដែរ។ បញ្ហាប្រឈមធំៗចំពោះមុខទាំងពីរនេះ ជាកត្តាចម្បងបង្កឲ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ បានបង្កផលប៉ះពាល់ និងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រសួង ក្នុងការលើកកម្ពស់សុខមាលភាព និងការផ្ដល់សេវាចាំបាច់នានានៅតាមពន្ធនាគារទូទាំងប្រទេស មិនតែប៉ុណ្ណោះ ក៏បានបង្កការរាំង ស្ទះដល់កិច្ចខិតខំប្រឹងប្រែង របស់រាជដ្ឋាភិបាល អនុវត្តឲ្យបានពេញលេញនូវ កាតព្វកិច្ចជាអន្ដជាតិ ស្របតាមការអនុញ្ញាត ប្រឆាំងទារុណកម្ម។

ក្រៅពីវិធានការពង្រីក បន្ថែមហេដ្ឋាចនាសម្ព័ន្ធពន្ធនាគារ ក្រសួងមហាផ្ទៃ ក៏បាននឹងកំពុងយកចិត្តទុកដាក់ អនុវត្តយន្ដការពន្លឿននីតិវិធីតុលាការ ដោយបានបង្កើតក្រុមការងារអន្ដរក្រសួងដើម្បីពន្លឿននីតិវិធីជំនុំជម្រះ សំដៅសម្រាលបន្ទុក នៃភាពចង្អៀតណែនក្នុងពន្ធនាគារ ឲ្យបានជាអតិបរមា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post