
ភ្នំពេញៈ នារីរូបស្រស់ម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តស៊េរីទំនើប ទៅបុកគូទរថយន្តប្រមូលសំរាមស៊ិនទ្រីពីក្រោយ បណ្ដាលឱ្យកម្មករប្រមូលសំរាមម្នាក់ រងរបួសធ្ងន់ ហើយរថយន្តបង្កក្រឡាប់ជាច្រើតត្រឡប់ រងការខូចខាតយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-9595 បើកបរដោយស្ត្រីម្នាក់ ស្រវឹងស្រាជោកជាំ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចជិតស្ថានីយប្រេងសូគីមិច រថយន្តខាងលើ បានរេចង្កូតជ្រុលទៅបុកគូទរថយន្តស៊ិនទ្រី ដែលកំពុងឈប់ប្រមូលសំរាម ពីចំហៀងខាងស្ដាំ បណ្ដាយឲ្យកម្មករស៊ិនទ្រីម្នាក់ បានបោកផ្ទប់ទៅនឹងរថយន្ត រងរបួសធ្ងន់ រីឯរថយន្តបង្កក្រឡាប់ជាច្រើនត្រឡប់ផ្ងារជើង រងការខូចខាតរថយន្តស្ទើរតែទាំងស្រុង តែសំណាងល្អអ្នកបើកបរមិនរងរបួសឡើយ។ ចំណែកកម្មករស៊ីនទ្រី រងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះបន្ទាន់យកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរចារណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕











