
កំពង់ឆ្នាំងៈ សមត្ថកិច្ចមន្ទីរបរិស្ថាន ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ឆ្នាំង នៅម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានចេញប្រតិបត្តិការ ចាប់បានជនល្មើសម្នាក់ ក្នុងចំណោម៤នាក់ ដែលបានលួចចូលកាប់ព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំឱរាល់ ស្ថិតនៅចំណុចអូរក្របីងាប់ ក្នុងភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស។
លោក ជួន សំអុល នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បាននិយាយថា ជនល្មើស ដែលលបលួចកាប់ព្រៃក្នុងដែនជម្រកសត្វព្រៃ ហើយសមត្ថកិច្ចចាប់បានខាងលើនេះ ឈ្មោះ អេង ស៊ីណេត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ហើយសមត្ថកិច្ចដកហូតបានកាំបិតកកុក១ដើម ។
តាមចម្លើយសារភាពរបស់ជនល្មើស បានឲ្យដឹងថា គេជាអ្នកស៊ីឈ្នួលកាប់ព្រៃឲ្យឈ្មោះ ឡាំ ឡាវី អាយុ៤៣ឆ្នាំ រស់នៅភូមិខ្លុងពពក ដែលបានជួលឲ្យខ្លួន កាប់ព្រៃនៅចំណុចអូរក្របីងាប់ យកដីនោះធ្វើជាកម្មសិទ្ធិ និងលក់ទៅឱ្យឈ្មួញ ដោយពួកគេបានលួចកាប់ព្រៃនៅចំណុចខាងលើនេះ មានរយៈពេល៤ថ្ងៃមកហើយ បានចំនួនប្រមាណ២ហិកតា ហើយកន្លងមកឈ្មោះ ឡាំ ឡាវី ក៏ធ្លាប់បានប្រើខ្លួននាំឈ្មួញមកមើលដីព្រៃ ដែលពួកខ្លួនបានកាប់រានហើយនោះផងដែរ ។ ជនល្មើសខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនខ្លួនទៅតុលាការខេត្តកំពង់ឆ្នាំង ផ្តន្ទាទោសតាមផ្លូវច្បាប់។
សមត្ថកិច្ចការពារដែនជម្រកសត្វព្រៃ បានបញ្ជាក់ឲ្យដឹងទៀតថា កន្លងមកជាង១ខែនេះ មានជនល្មើស បានលបលួចចូលកាប់ព្រៃក្នុងដែនជម្រកសត្វព្រៃ នៅក្នុងចំណុចអូរក្របីងាប់ និងអូរអន្លុងជ្រូក ក្នុងភូមិកោះក្ទម្ព ឃុំជៀប អស់ប្រមាណជាង៥ហិកតា ដែលតាមការស្រាវជ្រាវបានដឹងថា មានមេក្លោងឈ្មោះ ឡាំ ឡាវី ជាអ្នកជួលអោយគេកាប់ព្រៃ យកជាកម្មសិទ្ធិ សម្រាប់លក់ឲ្យពួកឈ្មួញ។
មន្ត្រីបរិស្ថាន ជាសមត្ថកិច្ចការពារដែនជម្រកសត្វព្រៃ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចូលកាប់ព្រៃនៅក្នុងដែនជម្រកសត្វព្រៃខុសច្បាប់ជាបន្តទៀត ព្រោះសមត្ថកិច្ចការពារដែលជម្រកសត្វព្រៃ នឹងមិនលើកលែង ហើយក៏មិនអនុញ្ញាតឲ្យបុគ្គលណាមួយកាប់បំផ្លាញព្រៃ នៅក្នុងដែនជម្រកសត្វព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិបាននោះឡើយ៕






