header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ សាច់ញាតិក្រុមគ្រួសារលោកយាយអាយុ៧៤ឆ្នាំ ដែលស្លាប់ ដោយសារម្ចាស់គ្លីនិកឯកជនយីហោ “ជា ហ៊ីម” ចាក់ថ្នាំបណ្តាលឲ្យ​ស្លាប់ ហើយយកលេសបញ្ជូនយកមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីដោះបន្ទុកនោះ ពេលនេះម្ចាស់គ្លីនិកខាងលើមិនទទួលខុសត្រូវឡើយ ហើយសាច់ញាតិក្រុមគ្រួសារលោកយាយរងគ្រោះមិនទាន់បានសំណង ឬយុត្តិធម៌ណាមួយ សម្រាប់លោកយាយរងគ្រោះឡើយ ខណៈម្ចាស់គ្លីនិកឯកជនយីហោ “ជា ហ៊ីម” និងប្រពន្ធ ជាប្រធានមណ្ឌលសុខភាពស្រុកឱរ៉ាល់ផង និងជាមន្ត្រីយោធា ឋានន្តរស័ក្តិវរសេនីយ៍ថែមទៀតផងនោះ កំពុងតែរស់នៅមានសេរីភាពធ្វើ​ព្រងើយ និងកំពុងតែរត់ខ្វាត់ខ្វែង ដើម្បីអោយរួចផុតពីទោសទណ្ឌ ដោយសារតែរឿងចាក់ថ្នាំឲ្យ​លោកយាយអាយុ៧៤ឆ្នាំម្នាក់ស្លាប់នោះ លោកគ្រូពេទ្យ ជា ហ៊ីម មិននៅក្នុងគ្លីនិកនោះឡើយ ហើយនៅតែប្រពន្ធ និងកូនស្រីជាអ្នកនៅពិនិត្យមើលជំងឺ និងចាក់ថ្នាំឲ្យ​លោកយាយខាងលើនោះ។

បើតាមសម្តីរបស់អ្នកស្រី ពៅ អូន អាយុជាង៦០ឆ្នាំ ជាប្អូនបង្កើតរបស់សពលោកយាយពៅយ៉ាន បានប្រាប់អ្នកយកព័ត៌មានឲ្យ​ដឹងថា ចាប់តាំងពីថ្ងៃកើតហេតុរហូតមកដល់ពេលនេះ ពួកគាត់ជាសាច់ញាតិមិនទាន់បានទទួលនូវភាពយុត្តិធម៌ណាមួយពីសំណាក់ ម្ចាស់គ្លីនិកឯកជនយីហោ “ជា ហ៊ីម”នោះឡើយ ដោយគេអះអាងថា គ្មានកំហុសនោះទេ គេជាអ្នកជួយបែរមកចោទគេទៅវិញ ដូចនេះទើបរូបគាត់ជាប្អូន និងសាច់ញាតិសពជនរងគ្រោះធ្វើការអំពាវនាវដល់អស់លោកសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺ និងអស់លោកក្រុមគ្រូពេទ្យនៅក្នុងខេត្តកំពង់ស្ពឺទាំងមូល លោកប្រធានការិយាល័យសុខាភិបាលខេត្តកំពង់ស្ពឺ និងជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក​ ម៉ម ប៊ុនហេង មេត្តាជួយចាត់ជំនាញចុះពិនិត្យនិងធ្វើអធិការកិច្ចគ្លីនិកខាងលើ និងជួយរកយុត្តិធម៌ឲ្យ​ក្រុមគ្រួសារអ្នកស្រីផងទាន។

បើតាមមន្ត្រីនគរបាលស្រុកឱរ៉ាល់មួយរូបបានបង្ហើបឲ្យ​អ្នកសារព័ត៌មានដឹងថា លោកគ្រូពេទ្យ ជា ហ៊ីម ជាម្ចាស់គ្លីនិក ជាប្រធានមណ្ឌលសុខភាពស្រុកឱរ៉ាល់ និងជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ផងដែរនោះ កំពុងតែរត់ខ្វែងដៃខ្វែងជើង ស្វែងរកជួបសមត្ថកិច្ចថ្នាក់លើៗ និងមន្ត្រីតុលាការខេត្តថ្នាក់លើៗ ដើម្បីក្រែងរួចផុតពីទុក្ខទោសទណ្ឌផ្សេងៗនោះ មិនដឹងថា ការរត់ខ្វែងដៃខ្វែងជើងរបស់លោកគ្រូពេទ្យ ជា ហ៊ីម នោះបានសម្រេចឬយ៉ាងណានោះទេ ប្រជាពលរដ្ឋរង់ចាំមើល ប្រសិនបើគ្រូពេទ្យ ជា ហ៊ីម រត់បានសម្រេចមែននោះ ក្រុមគ្រួសារលោកយាយរងគ្រោះច្បាស់ជាទទួលរងនូវភាពអយុត្តិធម៌ជាក់ជាមិនខានឡើយ ដោយសារតែនេះមិនមែនជាលើកទី១នោះទេ កាលពីអំឡុង៤ទៅ៥ឆ្នាំមុន មានអ្នកជំងឺគ្រុនចាញ់ម្នាក់ ក៏បានស្លាប់នៅក្នុងគ្លីនិកនោះដែរ ប៉ុន្តែមិនមានបែកធ្លាយដល់អ្នកសារព័ត៌មាននោះឡើយ។

គួររំឭកផងដែរថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងគ្លីនិកឯកជនយីហោ ជា ហ៊ីម ស្ថិតនៅខាងលិចរង្វង់មូលផ្សារកន្តួត ក្នុងភូមិផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានការភ្ញាក់ផ្អើលមួយ ដោយសារតែម្ចាស់គ្លីនិកខាងលើ បានចាក់ថ្នាំ និងដាក់សេរ៉ូម បណ្តាលអោយលោកយាយឈ្មោះ ពៅ យ៉ាន អាយុ៧៤ឆ្នាំ មុខរបរបោកខោអាវអោយគេ បានបែបពពុះមាត់ប្រកាច់ស្លាប់ភ្លាមៗ ហើយប្រពន្ធលោកគ្រូពេទ្យ ជា ហ៊ីម បានប្រញាប់អោយសាច់ញាតិជនរងគ្រោះដឹកសពចេញទៅ ដើម្បីជាលេសយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ កុំអោយមានរឿងដល់ខ្លួន ជាម្ចាស់គ្លីនិកឯកជន ខ្លាចរកស៊ីទៅថ្ងៃមុខលែងបានទៀតនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post