
ភ្នំពេញៈ រថយន្ត CAMRY មួយគ្រឿង បោះពួយលឿនជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវ បណ្ដាលក្បាលព្រួញថ្មខ្ទោតចេញពីខឿនផ្លូវ ហើយរថយន្តគៀបជាប់នឹងខឿន ដាច់ក្រឡេមុខខាងឆ្វេងផ្ទុះដាច់កង់។ ក្រោយមកក៏មានរថយន្ត MITSUBISHI TRITON ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-6864 របស់ក្រុមហ៊ុន OMG បើកមកពីក្រោយ ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តពេញទំហឹងទៀត បណ្ដាលឲ្យខូចខាតផ្នែកខាងមុខដែរ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១១និង៣០នាទីយប់ ចូលថ្ងៃសៅរិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្តុបទួលស្វាយព្រៃ តាមផ្លូវបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ស្ថិតនៅភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ឃើញហេតុការណ៍ប្រាប់ឲ្យភ្នាក់ងារ ខេមប៉ុស្តិ៍ ដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត CAMRY មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-9737 បើកបរដោយបុរសម្នាក់ រួមដំណើរដោយនារីម្នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែទៅបុកក្បាលព្រួញពុះចែកផ្លូវពេញទំហឹង បណ្ដាលក្បាលព្រួញខ្ទាតចេញពីទ្រូងផ្លូវចម្ងាយប្រហែល៥ម៉ែត្រ។ ចំណែកឯរថយន្តគៀបជាប់នឹងទ្រូងផ្លូវ ក្រោយមកម្ចាស់រថយន្តមិនទាន់បើកទ្វារចេញពីក្នុងរថយន្តផង ក៏មានរថយន្ត MITSUBISHI TRITON ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-6864 របស់ក្រុមហ៊ុន OMG បើកបរដោយបុរសជាបុគ្គលិកក្រុមហ៊ុន OMG ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្ត CAMRY ពីក្រោយទៀត បណ្ដាលឲ្យរថយន្ត TRITON រងការខូចខាតផ្នែកខាងមុខ។ រថយន្តកាមរី ដាច់ក្រឡេកង់ខាងឆ្វេង បើកទៅមុខលែងរួច។
ក្រោយមក បុរសបើករថយន្ត CAMRY បានឡើងរថយន្ត LEXUS RX330 ពណ៌ស មិនចាំស្លាកលេខ មួយគ្រឿងទៀត គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ហើយសមត្ថកិច្ចមូលដ្ឋាន បានចុះមកវាស់វែងចាត់ការតាមជំនាញច្បាប់ចរាចរណ៍ផ្លូវគោក យករថយន្តទៅរក្សាទុកនៅក្រុង ដើម្បីដោះស្រាយសំណងចំពោះការខូចខាតសម្បត្តិរដ្ឋ។ រីឯភាគីរថយន្តកាមរី និងរថយន្ត Triton របស់ក្រុមហ៊ុន OMG ព្រោះមិនចង់វែងឆ្ងាយ ហើយក៏ត្រូវជាមិត្តភ័ក្តិគ្នាទៀត ទើបយល់ព្រមបញ្ចប់រឿង ដោយសុខចិត្តជួសជុលរថយន្តដោយខ្លួនឯង៕







