
ភ្នំពេញៈ បុរសម្នាក់ និងក្មេងប្រុសម្នាក់ បានរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តកុងតឺន័រ ជាមួយម៉ូតូឌ្រីមសង់ បណ្ដាលឲ្យដួលបោកក្បាលនិងចិញ្ចើមឃឿនសួនច្បារពុះចែកផ្លូវ នៅវេលាម៉ោង១០៖១០នាទីយប់ ថ្ងៃអាទិត្យ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចទល់មុខបុរីប៉េងហួតបឹងស្នោរ បណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-6489 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនគួរសម លុះដល់ចំណុចស្តុបមុខបុរីប៉េងហួតបឹងស្នោ ស្រាប់មានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-0948 ធ្វើដំណើរស្របទិសដៅចរាចរណ៍គ្នា ដោយបានវ៉ារថយន្តមកខាងឆ្វេងដៃ ក៏ជ្រុលទៅបុកនឹងឃឿនសួនច្បារពុះចែកផ្លូវ រងរបួសធ្ងន់ទាំង២នាក់តែម្ដង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុមួយវិញទៀត បានប្រាប់ឲ្យភ្នាក់ងារយើងដឹងដែរថា គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿងខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ដូចគ្នាក្នុងទិសដៅ ពីកើតមកលិច ក្នុងល្បឿនលឿនគួរសម តែមិនគោរពភ្លើងស្តុបចរាចរណ៍នោះទេ ខណៈដែលម៉ូតូខាងលើ ជិះឌុបគ្នាពីរនាក់ ធ្វើដំណើរឆ្លងផ្លូវចេញពីបុរីប៉េងហួតខាងលើ ចេញមកស្របទិសគ្នា ស្រាប់រថយន្តកុងតឺន័រនោះ បានបុកពីក្រោយរុញទាំងម៉ូតូទាំងមនុស្សខ្ទាតទៅបុកឡើឃឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបោកក្បាលនឹងចញ្ចើមឃឿន រងរបួសធ្ងន់ទាំង២នាក់តែម្តង។ បន្ទាប់មកអ្នកដែលឃើញហេតុការណ៍ផ្ទាល់ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចទាក់ទងរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដល់កន្លែងកើតហេតុ ដើម្បីមកយកជនរងគ្រោះទៅសង្គ្រោះភ្លាមៗផងដែរ។
មួយសន្ទុះក្រោយមក មានរថយន្តសាមុយមួយគ្រឿង របស់មន្ទីរពេទ្យបង្អែកមានជ័យ បានមកដល់ រួចលើកអ្នកដែលរងរបួសធ្ងន់ទាំងពីរនាក់ដាក់លើរថយន្ត រួចបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្ដង។ ចំណែកអ្នកបើកបររថយន្តកុងតឺន័រខាងលើ ត្រូវបានក្រុមសន្តិសុខយាមបុរីប៉េងហ៊ួតជួយឃាត់នៅកន្លែងកើតហេតុនោះ បានរៀបរាប់បញ្ជាក់ប្រាប់ថា គាត់ជាអ្នកបើករថយន្តកុងតឺន័រខាងលើ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនគួរសម ខណៈដែលមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូរបស់ជនរងគ្រោះ ចង់ជិះវ៉ារថយន្តរបស់គាត់អោយផុត តែក៏ជ្រុលទៅបុកឡើងឃឿនសួនច្បារពុះចែកផ្លូវ បណ្ដាលឲ្យដួលអូសជិត១០ម៉ែត្រខ្ទាតមកជាប់រថយន្តរបស់គាត់ និងរងរបួសធ្ងន់ទាំង២នាក់តែម្តង អ្នកបើកបររថយន្តបញ្ជាក់ទៀតថា គឺគាត់មិនបានបើកទៅប៉ះជាមួយនឹងម៉ូតូរបស់ជនរងគ្រោះនោះទេ ដោយឃើញបែបនេះគាត់ក៏ជាន់ហ្វ្រាំងឈប់តែម្ដង។ យ៉ាងណាមិញចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះទុកតួនាទីឲ្យសមត្ថកិច្ចជាអ្នកវាស់វែងតាមជំនាញរបស់សមត្ថកិច្ចតាមផ្លូវច្បាប់។
ក្រោយពេលកើត សមត្ថកិច្ចផ្នែកចរាចរណ៍ នៃអធិការនគរបាលខណ្ឌច្បារអំពៅ បានចុះមកធ្វើការពិនិត្យមើលជាក់ស្ដែង និងវាស់វែងរថយន្តនិងម៉ូតូ រួចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការស្រាវជ្រាវ និងដោះស្រាយបន្តពេលក្រោយ៕











