header ads

Sponsor

រិទ្ធី

ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០ (១០ ធ្នូ ១៩៤៨ -១០ ធ្នូ ២០១៨)។ ដើម្បីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះបានពន្យល់ថា៖ ដើម្បីឱ្យសង្គមយើងមានសាមគ្គីភាព សន្តិភាព និងអភិវឌ្ឍន៍ ខ្មែរគ្រប់រូបគួរបញ្ឈប់ការធ្វើឱ្យខ្មែរដូចគ្នាឈឺចាប់ ដោយចាប់ផ្តើមពីការគោរពសិទ្ធិគ្នាទៅវិញទៅមក ដោយបង្កើតឲ្យមានបរិយាកាសសង្គមមួយដែលខ្មែរគ្រប់និន្នាការមានសិទ្ធិមូលដ្ឋាន ដូចជាសិទ្ធិរស់រានមានជីវិត សិទ្ធិទីលំនៅ ពិសេសគឺសិទ្ធិក្នុងការបញ្ចេញមិតិយោបល់និងចូលរួមកសាងសង្គមដោយគ្មានការភ័យខ្លាចនិងរើសអើង។

ទោះបីជាលោក កឹម សុខា ត្រូវបានហាមប្រាមមិនឱ្យបញ្ចេញមតិឬផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក៏ដោយ តែគាត់បានបញ្ចេញមតិយោបល់តាមរយៈហ្វេសប៊ុកផ្លូវការរបស់គាត់ កាលពីម្សិលមិញថា៖ សិទ្ធិមនុស្សគឺជាគ្រឹះនៃជីវិតរបស់មនុស្សគ្រប់រូប ព្រោះថាបើមនុស្សម្នាក់ៗគ្មានសិទ្ធិមូលដ្ឋានទេ សន្តិភាព អភិវឌ្ឍន៍ និងការបង្រួបបង្រួមជាតិក៏មិនអាចមាននិរន្តរភាពដែរ។ សិទ្ធិមូលដ្ឋានគឺជាច្បាប់ធម្មជាតិ ពោលគឺមនុស្សគ្រប់រូបកើតមកដោយមានសិទ្ធិទាំងនេះជាប់ខ្លួន។ សង្គមមួយដែលមានការរំលោភសិទ្ធិទាំងនេះ មិនថាតាមរូបភាពណាក៏ដោយ តែងតែបង្កឲ្យមានការឈឺចាប់។ ហើយសង្គមមួយដែលពោរពេញដោយការឈឺចាប់នឹងធ្វើឲ្យប្រជាពលរដ្ឋខ្លួនបែកបាក់សាមគ្គី។

ក្នុងឱកាសនេះដែរមន្ត្រីដែលស្និទ្ធនឹងលោក កឹម សុខា បានបញ្ជាក់ថាសិទ្ធិមនុស្សមានតម្លៃបំផុតសម្រាប់ជីវិតលោក កឹម សុខា ឆ្លងកាត់បទពិសោធន៍ក្នុងជំលោះនយោបាយ នៅកម្ពុជាកន្លងមក លោក កឹម សុខា តែងតែអំពាវនាវឱ្យមនុស្សគ្រប់រូប គោរពសិទ្ធិគ្នាទៅវិញ ទៅមក ដើម្បីកាត់បន្ថយជំលោះ។

មន្ត្រីរូបនេះបានរំលឹកពីស្នាដៃរបស់លោក កឹម សុខា ទាក់ទងនឹងសកម្មភាពសិទ្ធិមនុស្សដូចជា ១៩៩១ ដល់ ១៩៩២ ជាអ្នកបង្កើត និងជាប្រធានអង្គការសិទ្ធិមនុស្សមួយដំបូងនៅកម្ពុជាឈ្មោះថា Human Rights Vigilance of Cambodia។ ១៩៩៣ ដល់ ១៩៩៨ ជាប្រធានគណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យ បណ្តឹងនៃរដ្ឋសភា។១៩៩៩ ដល់ ២០០២ ជាប្រធានគណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យ បណ្តឹងនៃព្រឹទ្ធសភា។ ពីឆ្នាំ២០០២ ដល់ ២០០៧ ជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា “CCHR”។ ២០០៧ ដល់ ២០១២៖ ជាប្រធានគណបក្សសិទ្ធិមនុស្ស។ ២០១២ ដល់ បច្ចុប្បន្ន៖ ក្នុងឋានៈជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក ប្រធាន កឹម សុខា បានរៀបចំគោលនយោបាយ និងធ្វើសកម្មភាពនានា ដោយផ្តោតលើបញ្ហាសិទ្ធិមនុស្សជាមូលដ្ឋាន។

នៅក្នុងការតស៊ូនយោបាយជាង២០ឆ្នាំមកនេះ លោកប្រធាន កឹម សុខា បានលះបង់សេចក្តីសុខ និងសុភមង្គមផ្ទាល់ខ្លួន រហូតដល់មានការប្រឈមដល់អាយុជីវិត ដើម្បីបុព្វហេតុសិទ្ធិមនុស្ស។ នេះជាគុណបំណាច់មួយ ដែលយុវជនជំនាន់ក្រោយរៀនសូត្រតាម និងយកជាគំរូ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post