
ពេលនេះកម្លាំងនគរបាល បានតាមចាប់ខ្លួនក្រុមចោរឆក់ទាំងនោះជាបន្តបន្ទាប់ចំនួន៨នាក់ ក្រោយធ្វើសកម្មភាពលើកចុងក្រោយបាន១ម៉ោង និងបក្ខពួកសេសសល់កម្លាំងកំពុងតាមចាប់បន្ត។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងដោយលោក ជា សុវណ្ណ អធិការរងខណ្ឌ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨នេះ នៅផ្ទះសំណាក់ «ឋានសួគ៌» និងនៅទីតាំងហ្គេមណេត ក្បែររោងចក្រ សាន់ស្កាយ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ជា សុវណ្ណ អធិការរងខណ្ឌ បានឲ្យដឹងជនសង្ស័យរួមមាន៖ ១.ឈ្មោះ សម្បត្តិ បូរិន អាយុ១៨ឆ្នាំ, ២.ឈ្មោះ បុល សុជាតិ អាយុ១៧ឆ្នាំ, ៣.ឈ្មោះ ថន មករា អាយុ១៩ឆ្នាំ, ៤.ឈ្មោះ ស្រេន ស្រេង អាយុ១៩ឆ្នាំ, ៥.ឈ្មោះ អាវី, ៦.ឈ្មោះ អា ជីមី, ៧.ឈ្មោះ អា ឡេង និង៨.ឈ្មោះ អា រាជ។ ចំណែកឯជនរងគ្រោះ ឈ្មោះ សុខ ឌីណា អាយុ៣៦ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ និងជនរងគ្រោះទី២.ឈ្មោះ ម៉ែង ស្រីរ័ត្ន អាយុ២៨ឆ្នាំ មុខរបរថៅកែផ្ទះសំណាក់ ផ្ទះលេខ៤៤ ភូមិក្បាលដំរី សង្កាត់កាប២ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយឡែកបក្ខពួកដែលនៅសេសសល់កម្លាំងកំពុងស្រាវជ្រាវចាប់ខ្លួនបន្តទៀត៕








