header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ បន្ទាប់ពីសារព័ត៌មានជាច្រើននៅក្នុងស្រុកបានផ្សព្វផ្សាយ ពីរឿងគ្លីនិកឯកជនមួយ កន្លែងយីហោ (ជា ហ៊ីម) បានចាក់ថ្នាំ និងដាក់សេរ៉ូមបណ្តាលឲ្យលោកយាយអាយុ៧៤ឆ្នាំ បណ្តាលឲ្យប្រកាច់ស្លាប់ នៅក្នុងគ្លីនិកតែម្តងហើយបង្វែររឿងឲ្យសាច់ញាតិប្រញាប់ដឹកសពចេញ ពីក្នុងគ្លីនិកមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីដោះយករួចខ្លួន ប៉ុន្តែសំណាងអាក្រក់ ដំរីងាប់យកចង្អេរបាំងមិនជិតនោះទេ នៅទីបំផុតនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនស្ត្រីជាប្រពន្ធរបស់ម្ចាស់គ្លីនិកយីហោ ជា ហ៊ីម នោះបញ្ជូនទៅពន្ធនាគារខេត្តកំពង់ស្ពឺ ស្ងាត់ៗ ខណៈដែលកូនស្រី និងប្តី ឈ្មោះជា ហ៊ីម នោះនៅមានសេរីភាពនៅឡើយ ។

បើតាមសម្តីរបស់ឈ្មោះមឿង ពៅ ភេទស្រី អាយុ៥១ឆ្នាំ ជាប្អូនលោកយាយជនរងគ្រោះបង្កើតរស់នៅក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺបាននិយាយប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រូបអ្នកស្រីជាប្អូន ព្រមទាំងសាច់ញាតិ និងប្រជាពលរដ្ឋជាច្រើនទៀតកើតទុក្ខមិនសុខចិត្តឡើយ ដោយសារតែម្ចាស់គ្លីនិកឯកជនយីហោ (ជា ហ៊ីម) មិនទទួលកំហុស ពេលបងស្រីរបស់អ្នកស្រីជិះកង់ទៅឲ្យគ្លីនិកខាងលើចាក់ថ្នាំតេតាណុសនោះ គឺកូនស្រីរបស់ម្ចាស់គ្លីនិកជាអ្នកចាក់ថ្នាំ ហើយចុះហេតុអ្វីបានជាសមត្ថកិច្ចឃាត់ម្តាយ (ប្រពន្ធ) ម្ចាស់គ្លីនិកម្នាក់ទៅវិញ ហើយពួកគាត់ និងដាក់ពាក្យបណ្តឹងស្នើទៅថ្នាក់លើ ដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាជួយចុះពិនិត្យគ្លីនិកយីហោ (ជា ហ៊ីម)នេះ មានច្បាប់អនុញ្ញាតដែរឬយ៉ាងណា!? បើគ្មានទេ សូមសំណូមពរឲ្យបិទគ្លីនិកនេះតែម្តង ពីព្រោះថា រឿងនេះមិនមែនជាលើកទី១នោះឡើយ ។

ដោយឡែកក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺទៀតសោត មិនបានយកចិត្តទុកដាក់ជួយព្យាបាល និងបូមឈាមបងស្រី (សព) លោកយាយរងគ្រោះដើម្បីពិនិត្យ ឬធ្វើការឡើយ បើទោះបីជាពួកគាត់ជាសាច់ញាតិ សំណូមពរយ៉ាងណាក៏ដោយ បានត្រឹមតែឮពាក្យថា មនុស្សស្លាប់ហើយពិនិត្យធ្វើអីទៀត ដែលគេស្គាល់ថា គ្រូពេទ្យឈ្មោះ (លី) តួនាទីអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺតែម្តង ។

នៅពេលដែលបងស្រីរបស់អ្នកស្រីបានស្លាប់ហើយនោះឃើញមានតែសមត្ថកិច្ចពិនិត្យតែប៉ុណ្ណោះ ចំណែកក្រុមគ្រូពេទ្យមិនបានពិនិត្យ ឬចេញជាក្រដាស់ស្នាមបញ្ជាក់ថា បងស្រីរបស់អ្នកស្រី(សព) លោកយាយខាងលើស្លាប់ដោយសារមូលហេតុអ្វីឡើយ ពេលនោះ គ្រាន់តែសាច់ញាតិស្នើសុំឲ្យខាងមន្ទីរពេទ្យបង្អែកខេត្តយករថយន្តជួយដឹកសពបងស្រីរបស់គាត់ទៅស្រុកឱរ៉ាល់វិញ ជួយចេញថ្លៃសាំងឲ្យសោះ ក៏លោកគ្រូពេទ្យឈ្មោះ លី នោះនិយាយថាគ្មានឡានទំនេរទេ តាមការពិតរថយន្តដឹកសពទំនេរសោះនោះ ដូចនេះប្រជាពលរដ្ឋមានចម្ងល់ថា តើថ្នាក់លើ ជាពិសេសសម្តេចហ៊ុន សែន និងសម្តេច កិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលខិតខំជួយឧបត្ថម្ភ រថយន្តសាមុយដឹកអ្នករបួសឬដឹកសពប្រជាពលរដ្ឋក្រីក្រខ្វះខាតនោះយកទៅទុកនៅឯណាបានជាប្រជាពលរដ្ឋស្នើសុំ និងសំណូមពរហើយនោះ ដូចនេះសូមអស់លោកពេទ្យថ្នាក់លើ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមេត្តាជួយពិនិត្យមើលទង្វើរបស់ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺផង ជាពិសេសលោកអនុប្រធានមន្ទីរពេទ្យបង្អែកឈ្មោះ លី តែម្តង សូម្បីតែក្រុមអ្នកសារព័ត៌មានចូលទៅថតរូបសពដែលស្លាប់នៅក្នុងមន្ទីរពេទ្យក៏មានការហាមឃាត់ដែរ សួរថា តើមន្ទីរពេទ្យបង្អែកខេត្តជាមន្ទីរពេទ្យរបស់រដ្ឋ ឬក៏ជាមន្ទីរពេទ្យឯកជនរបស់គ្រូ លី នោះ? ។

គួររំលឹកផងដែលថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយមានមនុស្សស្លាប់នៅក្នុងគ្លីនិកឯកជនមួយយីហោ ជា ហ៊ីម ស្ថិតនៅក្នុងភូមិផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលម្ចាស់គ្លីនិកឈ្មោះ ជា ហ៊ីម និងជាប្រធានមណ្ឌលសុខភាពស្រុកឱរ៉ាល់ផង ជាមន្ត្រីយោធា ឋានន្តរស័ក្តិជាវរសេនីយ៍ផងនោះ មិនបាននៅក្នុងគ្លីនិកនោះឡើយ នៅតែប្រពន្ធ និងកូនស្រី ដែលចាក់ថ្នាំ និងដាក់សេរ៉ូម បណ្តាលឲ្យលោកយាយឈ្មោះ ពៅ យ៉ាន អាយុ៧៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ជាមួយគ្នាបណ្តាលឲ្យស្លាប់ ហើយដេញសាច់ញាតិឲ្យយកសពចេញពីក្នុងគ្លីនិក គេជាបន្ទាន់ដើម្បីបង្វែររឿង ប៉ុន្តែទៅមិនរួច នគរបាលបានឃាត់ខ្លួនស្រ្តីជាប្រពន្ធម្ចាស់គ្លីនិកខាងលើ ខណៈដែលកូនស្រីជាអ្នកចាក់ថ្នាំបែរជានៅមានសេរីភាពនៅឡើយ ។

បន្ទាប់ពីឃាត់ខ្លួនស្ត្រីជាប្រពន្ធលោកជា ហ៊ីម ដោយស្ងាត់ៗ មិនមានសមត្ថកិច្ចណាហ៊ានប្រាប់ថា ស្ត្រីនោះមានឈ្មោះ អ្វីនោះឡើយ ដោយសង្ស័យខ្លាចបែកធ្លាយរឿងដល់ក្រុមអ្នកសារព័ត៌មានហើយមើលទៅ ។

បើតាមប្រភពពីនគរបាលខេត្តកំពង់ស្ពឺបានបង្ហើបឲ្យដឹងថាបន្ទាប់ពីឃាត់ខ្លួនប្រពន្ធ លោកគ្រូពេទ្យ ជា ហ៊ីម រួចមកនគរបាលកសាងសំណុំរឿងបញ្ជូនទៅកាន់ពន្ធនាគាភ្លាមៗសូម្បីតែក្រុមអ្នកសារព័ត៌មានមិនឲ្យទាំងថតរូបផង មិនតែប៉ុណ្ណោះ លោកជា ហ៊ីម ជាប្តីបានទូរសព្ទ័ខ្វាត់ខ្វែងស្វែងរកអន្តរាគមន៍ពីសំណាក់អ្នកធំៗនៅក្នុងខេត្តកំពង់ស្ពឺទាំងមូល ឲ្យជួយដោះស្រាយជាមួយលោក ប្រធានពន្ធនាគា ឲ្យជួយរៀបចំកន្លែងល្អៗ ស្អាតៗ ឲ្យប្រពន្ធលោកសម្រាកផង បើទោះបីចំណាយអស់ប៉ុន្មានក៏ដោយកុំឲ្យនៅឡូកឡំ ជាមួយគេ គឺនៅដាច់ដោយឡែកពីគេផង ។ មិនតែប៉ុណ្ណោះមានលោកនគរបាលស្រុកឱរ៉ាល់ម្នាក់ជាអ្នករត់ការជាមួយផ្លូវច្បាប់(តុលាការខេត្ត) និងក្រុមគ្រូពេទ្យខេត្តដើម្បីបង្វែររឿងនេះពីធ្ងន់មកស្រាលវិញ ។

ពាក់ពន្ធ័ និងករណីពេទ្យចាក់ថ្នាំបណ្តាលឲ្យលោកយាយអាយុ៧៤ឆ្នាំម្នាក់ស្លាប់នោះ លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បាននិយាយថា កម្លាំងរបស់លោកបានឃាត់ខ្លួនស្ត្រីជាប្រពន្ធពេទ្យ ជា ហ៊ីម នោះហើយកសាងសំណុំរឿងរួចរាល់ទៅថ្នាក់ខេត្តហើយផុតដៃលោកហើយ ដើម្បីឲ្យថ្នាក់លើធ្វើការ ។

ចំណែកលោក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាននិយាយថា កន្លងមកលោកយាយរងគ្រោះខាងលើ ធ្លាប់សត្វឆ្កែឆ្កួតខាំហើយតែងតែទៅចាក់ថ្នាំ ប៉ុន្តែគាត់ចាក់ថ្នាំមិនគ្រប់ចំនួនកំណត់របស់លោកគ្រូពេទ្យនោះទេ ។ នៅព្រឹកថ្ងៃកើតហេតុនោះលោកយាយរងគ្រោះខាងលើជិះកង់គោលបំណងឲ្យពេទ្យចាក់ថ្នាំតេតាណុស ប៉ុន្តែពេលទៅដល់គាត់មានអាក្ការៈមិនស្រួលខ្លួន(រហូតដល់ឈឺបត់ជើងធំ)ផងនោះនិយាយប្រាប់ពេទ្យ រួចក៏ជិះកង់ប្រុងទៅផ្ទះប៉ុន្តែបានពាក់កណ្តាលផ្លូវ ក៏ជិះត្រឡប់មកវិញឲ្យពេទ្យជួយ កូនពេទ្យបានចាក់ថ្នាំបេះដូង ហើយប្រពន្ធពេទ្យ ជា ហ៊ីម បានជួយធ្វើចលនាបេះដូង និងដាក់សេរ៉ូម រួចក៏បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបន្តមិនដឹងថាស្លាប់នៅពាក់កណ្តាលផ្លូវឬកន្លែងណានោះទេ ។

បើទោះបីជាលោកនាយការិយាល័យនិយាយជំនួសពេទ្យ ជា ហ៊ីម យ៉ាងណាក៏ដោយ ក៏រឿងនេះសាច់ញាតិក្រុមគ្រួសារនៅតែមិនអស់ចិត្តដាក់ពាក្យបណ្តឹងដើម្បីរកការពិតឲ្យឃើញ ហើយចាប់អ្នកប្រព្រឹត្តដាក់ទោសទណ្ឌតាមផ្លូវច្បាប់ ឈានទៅដល់បិតអាជីវកម្មគ្លីនិកខាងលើនេះថែមទៀតផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post