
ភ្នំពេញៈ រថយន្ដ ISUZU មួយគ្រឿង បើកបរដោយបុរសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតឡើងសួនច្បារកណ្ដាលផ្លូវ រួចទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម រួចរថយន្តជាប់កល់លើខឿន បើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ តែហាក់ដូចជាចម្លែកសមត្ថកិច្ចមិនឲ្យអ្នកសារព័ត៌មានថតម្ចាស់រថយន្តទៅវិញ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៖៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខនិរោធរង្សី ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿង ម៉ាក ISUZU ពាក់ស្លាកលេខភ្នំពេញ 2AT-7116 បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាព ស្រវឹងស្រា ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចមុខវត្តនិរោធរង្ស៊ី មិនដឹងយ៉ាងម៉េច បែរជារេចង្កូតបើកឡើងទៅលើខឿនកណ្ដាលផ្លូវ រួចទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម ហើយទៅកល់ជាប់កង់ទាំង៤ ទើបបើកទៅមុខលែងរួច និងរងការខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេងខ្ទេចយ៉ាងដំណំ ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុភ្លាមៗផងដែរ។
ក្រោយមកក៏មានក្រុមអ្នកយកព័ត៌មានបានចុះទៅដល់ដែរ រួចបានធ្វើការសាកសួរ តែសមត្ថកិច្ចមិនឲ្យអ្នកសារព័ត៌មានថតម្ចាស់រថយន្តនោះទេ ថែមទាំងព្យាយាមលាក់បាំងថា មិនមែនជាអ្នកបើកបររថយន្តបង្កនោះទៀត នេះហាក់បីជាមានអ្វីបាំងមុខសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធដល់ហើយ បានជាអ្នកស្រវឹង ហើយបើកបរ សមត្ថកិច្ចមិនឃាត់ខ្លួន ហើយព្យាយាមលាក់បាំងថែមទៀតនោះ ទុកអោយមហាជនជាអ្នកពិចារណាតាមការគួរទៅចុះ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន មិនបានឃាត់អ្នកបើកបររថយន្តបង្កទេនោះ បែរជាបណ្ដោយឲ្យអ្នកបើកបររថយន្តប្រមូលសម្ភារៈយកទៅដាក់រថយន្តមួយគ្រឿងទៀត ដែលមកជម្លៀសចេញពីកន្លែងកើតហេតុបាត់ ទើបឃើញមានសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌច្បារអំពៅ ហៅរថយន្តមកស្ទូចយករថយន្ដបង្កហេតុនោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីដោះស្រាយចំពោះការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋទៅតាមផ្លូវច្បាប់។ ចំណែកឯបង្គោលភ្លើងត្រូវបានក្រុមបច្ចេកទេសជួសជុលរបស់អគ្គិសនីកម្ពុជា EDC ចុះមកកាត់បិទចរន្តអគ្គិសនី រួចយកបង្គោលភ្លើងដែលបាក់នោះ យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ និងរៀបចំឡើងវិញពេលក្រោយ៕
















