
ភ្នំពេញៈ ជនមិនស្គាល់មុខ ឆ្លៀតឱកាសបន្លំចូលទៅលួចរបស់របរនៅក្នុងរថយន្ត មានលុយជិត៤ម៉ឺនដុល្លារ ក្នុងកាបូប ត្រូវពួកអ្នកបន្លំនោះ យកចេញពីក្នុងរថយន្ត LEXUS ES300h ស៊េរីទំនើប ដែលបើកបរដោយ យុវជន៣នាក់ ទំនងជាស្រវឹងស្រា បោះពួយយ៉ាងលឿន ជ្រុលទៅបុកពីក្រោយរ៉ឺម៉កកង់បីកំពុងបណ្ដើរតាមផ្លូវពេញទំហឹង ប៉ើងជិត១០ម៉ែត្រក្រឡាប់ផ្ញារជើង និងបណ្ដាលឲ្យម្ចាស់រ៉ឺម៉កផ្លោងខ្ទាតទៅកណ្ដាលផ្លូវ រងរបួសធ្ងន់ រីឯរថយន្តបង្កនៅមិនទាន់អស់ល្បឿន បានហួសទៅមុខជិត២០ម៉ែត្រទៀតទើបអែបឆ្វេងឈប់ ពេលនោះក៏លេចមុខក្រុមមិនស្គាល់មុខ នាំគ្នាយកដុំឥដ្ឋមកគប់កម្ទេចរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១៖៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខក្រសួងបរិស្ថាន(ថ្មី) ស្ថិតតាមបណ្ដោយផ្លូវក្រសួងបរិស្ថានថ្មី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារ Cam Post (ខេមប៉ុស្តិ៍) ដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក LEXUS ES300h ស៊េរីទំនើប ពណ៍ស (មិនមែនពាក់ស្លាកលេខ) បើកបរដោយ យុវជន៣នាក់ ទំនងជាស្រវឹងស្រា ព្រោះទើបចេញពីផឹកស៊ីនៅក្នុងហាងមួយកន្លែងនៅកោះពេជ្រ បានធ្វើដំណើរតាមផ្លូវក្រសួងបរិស្ថានថ្មី ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុហួសក្រសួងបរិស្ថានបន្តិច ក៏ជ្រុលទៅបុកពីក្រោយរ៉ឺម៉កកង់បីមួយគ្រឿង ដែលម្ចាស់កំពុងបណ្ដើរតាមផ្លូវពេញទំហឹង ប៉ើងជិត១០ម៉ែត្រក្រឡាប់ផ្ញាជើង ដាច់កង់ម្ខាង និងបណ្ដាលឲ្យបុរសម្ចាស់រ៉ឺម៉កខ្ទាតទៅកណ្ដាលផ្លូវ រងរបួសធ្ងន់ដេកក្នុងថ្លុកឈាម ត្រូវបានរថយន្តគ្លីនិកឯកជន មហានគរ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ រីឯរថយន្តបង្កនៅមិនទាន់អស់ល្បឿន បានហួសទៅមុខជិត២០ម៉ែត្រទៀតទើបអែបឆ្វេងឈប់ ។
សាក្សីបន្តថា ភ្លាមនោះបែរជាលេចមុខក្រុមមិនស្គាល់មុខ មិនដឹងថាមកពីកន្លែងណាខ្លះទេ បានយកដុំឥដ្ឋមកគប់កម្ទេចរថយន្ត មិនដឹងមូលហេតុអ្វីនោះទេ បណ្ដាលឲ្យរថយន្តរងការខូចខាតទាំងសងខាង និងបែកកញ្ចក់ផ្នែកខាងក្រោយ រួចជនទាំងនោះនាំគ្នាទាញអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ទៀត ឲ្យចុះពីលើរថយន្តមកបម្រុងវាយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោដល់អ្នកដែលនៅក្បែរនោះនាំគ្នាេត់មកចោមរោមមើល ទើបធ្វើឲ្យពួកគេមានការភ័យខ្លាចមានគេព្រួតវាយ ទើបរត់គេចចេញបាត់ទៅ ដោយបន្សុលទុកឲ្យយុវជនម្នាក់ដែលរួមដំណើរជិះពីក្រោយនៅតែម្នាក់ឯង បន្តិចក្រោយមកក៏មានកម្លាំងល្បាតប៉ុស្តិ៍ទន្លេបាសាក់ចុះមកកន្លែងកើតផងដែរ។
បុរសដែលជាអ្នករួមដំណើរជាមួយបានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្នុងអំឡុងពេលកំពុងមានការផ្អើលឆោឡោនោះ មុនសមត្ថកិច្ចមកដល់ មានជនមិនស្គាល់មុខ ឆ្លៀតឱកាស បន្លំចូលលួចរបស់របរនៅក្នុងរថយន្តថែមទៀតផង លុយ៤ម៉ឺនដុល្លារ ក្នុងកាបូបដៃទុកក្នុងរថយន្ត ត្រូវបានពួកអ្នកបន្លំនោះ លួចយកចេញពីក្នុងរថយន្តគេចទៅណាបាត់អស់ហើយ ទើបឃើញមានកម្លាំងល្បាតមកដល់តាមក្រោយ ។ តែមិនទាន់ដឹងថាមានលុយជិត៤ម៉ឺនដុល្លារ ទុកនៅក្នុងរថយន្តនោះទេ ទាល់តែម្ចាស់រថយន្តទាក់ទងមកប្រាប់វិញ ក៏ចូលទៅរកមើលដែរ តែមិនឃើញនោះទេ ។ នេះជាការលើកឡើងរបស់យុវជនដែលរួមដំណើរជាប៉ុណ្ណោះ។
សាក្សីបន្តទៀតថា មួយសន្ទុះក្រោយមកមានមិត្តភក្តិរបស់ម្ចាស់រថយន្តប៉ុន្មាននាក់ទៀត បើករថយន្តLEXUS RX400h ពណ៍ស មួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2AK-8908 មកដល់កន្លែងកើតហេតុដែរ ហើយបាននាំគ្នាចូលទៅជួយរកមើល ក៏មិនឃើញដូចគ្នា ទើបយុវជនម្នាក់ដែលរួមដំណើរជាមួយនោះ ប្រាប់ឲ្យប្រមូលឯកសារ និងរបស់របរផ្សេងៗទៀតពីក្នុងរថយន្តបង្ក យកចេញមកដាក់ក្នុងរថយន្ត រួចនាំគ្នាឡើងរថយន្តបើកចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចដែលនៅកន្លែងកើតហេតុ បានរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌចំការមន ឲ្យចុះមកពិនិត្យមើលជាក់ស្ដែង ហើយបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញឲ្យមកវាស់វែង និងស្ទូចយករថយន្តបង្ក និងរ៉ឺម៉កកង់បី ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។
ចំណែកឯបុរសដែលរួមដំណើរជាមួយដែលប្រាប់ថា បាត់លុយជិត៤ម៉ឺនដុល្លារ ក្នុងកាបូបដៃ ទុកក្នុងរថយន្ត ក្នុងអំឡុងពេលកំពុងមានការផ្អើលឆោឡោ មុនសមត្ថកិច្ចមកដល់នោះ គឺមិនទាន់ឃើញទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចស្រាវជ្រាវតាមបណ្ដឹងនៅឡើយទេ។
យ៉ាងណាមិញបើសិនជាពិតមែន! យើងសង្ឃឹមថា សមត្ថកិច្ច និងចាប់ខ្លួនបក្ខពួកជនឆ្លៀតឱកាសទាំងនោះយកមកផ្តន់ទាទោសតាមផ្លូវច្បាប់ កុំឲ្យបន្តប្រព្រឹត្តអំពើបែបនេះតទៅទៀត៕


















