
កំពង់ស្ពឺៈ បន្ទាប់ពីបែកធ្លាយសារឆ្លើយឆ្លងរបស់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺរួចមក ដែលគេស្គាល់ថា ជាសំណេររបស់លោកអភិបាលរងខេត្តកំពង់ស្ពឺដ៏មហិមាម្នាក់ បានខឹងសប្បារ និងបានយកអ្នកសារព័ត៌មានធ្វើជាសត្រូវ ដោយសារតែកាលពីពេលកន្លងទៅ មានក្រុមប្រជាពលរដ្ឋរស់នៅក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចំនួន១៩គ្រួសារ នាំគ្នាទៅធ្វើការតវ៉ារឿងក្រុមអាជ្ញាធរធ្វើការឈូសឆាយដីមួយកន្លែង ដើម្បីធ្វើពន្ធនាគារថ្មី ហើយក៏បានប៉ះពាល់ដល់ដីរបស់ពួកគាត់ធ្វើការស្នើសុំ ពេលនោះមានអ្នកសារព័ត៌មាន បានចុះទៅថតរូប ដើម្បីផ្សព្វផ្សាយ ស្រាប់តែសមត្ថកិច្ចបានរាយការណ៍ទៅថ្នាក់ដឹកនាំខេត្តថា អ្នកសារព័ត៌មានជាអ្នកដឹកនាំប្រជាពលរដ្ឋទាំង១៩គ្រួសារនោះទៅវិញ។
ការចោទប្រកាន់ខាងលើនេះហើយជាដើមហេតុធ្វើឲ្យលោកជាអភិបាលរងខេត្តកំពង់ស្ពឺដ៏មហិមារូបនោះ មិនសប្បាយចិត្ត ថែមទាំងសរសេរប្រយោគមួយឃ្លា ក្នុងន័យយកអ្នកសារព័ត៌មានជាសត្រូវតែម្តង ខណៈបុគ្គលមានជាអាជីពអ្នកសារព័ត៌មានជាច្រើន មិនបានដឹងរឿងទាល់តែសោះនោះ។
សូមអានសំណេរទាំងស្រុងរបស់លោកអភិបាលរងនោះ ដែលប្រើពាក្យអសុរោះជាមួយអ្នកសារព័ត៌មានថា “ពួកអានេះ ជាឈ្លើងតាមទាម ហើយយករឿងដីធ្លីធ្វើអាជីពរបស់ពួកវាតែម្តង គួរត្រូវយកដាក់គុកខ្លះហើយ កុំឲ្យសិទ្ធិអ្នកសារព័ត៌មានរបស់វាហ្នឹងហួសហេតុពេក” ។
ទង្វើរបស់លោកអភិបាលរងខេត្តកំពង់ស្ពឺ សរ សុពុត្រា រូបនោះ ត្រូវបានបែកធ្លាយដល់អ្នកសារព័ត៌មាន និងមានការមិនសប្បាយ ហើយបានចែកចាយសំណេររបស់លោកអភិបាលរងខេត្តរូបនោះ ធ្វើឲ្យអ្នកខ្លះទៀតលើកឡើងថា ស្មានថា ឡើងមកធ្វើជាអភិបាលរងខេត្តនោះ មិនចំណាយលុយឬអី? ហើយអ្នកខ្លះទៀត បាននិយាយថា កុំគិតថា ខ្លួនឯងល្អឥតខ្ចោះនោះ ហើយមិនចេះប្រព្រឹត្តអំពើពុករលួយ ចាប់ពីពេលនេះទៅ អ្នកសារព័ត៌មានទាំងអស់ប្រហែលជាសង្កេតមើលទង្វើរបស់លោកអភិបាលរងខេត្តរូបនេះជាប្រចាំហើយមើលទៅ។ គេមិនជឿថា លោកអភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ សរ សុពុត្រា រូបនេះល្អឥខ្ចោះនោះឡើយ ហើយចូលធ្វើការងារ ពេលចេញទៅផ្ទះ មិនទៅរកកន្លែងសប្បាយៗនោះទេ ប្រយ័ត្នតែអ្នកសារព័ត៌មានថតរូបបាន នៅក្នុងបៀរហ្គាឌិន ឬក្នុងខារាអូខេរអីជាដើមនោះ ច្បាស់ជាភ្លឺភ្នែកហើយ។
ដោយឡែកសមត្ថកិច្ច និងមន្រ្តីថ្នាក់ក្រោមៗ ក៏ដូចជាក្រុមអ្នកសារព័ត៌មានមួយចំនួន ដែលបានដឹងរឿងនេះតាមរយៈការចែកចាយនោះ បានលើកឡើងថា ធ្វើជាថ្នាក់ដឹកនាំ សូមអស់លោកមានសុជីវធម៌ និងគុណធម៌ខ្លះផង... សូមកុំប្រើពាក្យអសុរោះពេក... ចង់ឲ្យគេគោរពយើង ទាល់តែយើងចេះគោរពគេខ្លះផង សូមកុំយកអ្នកសារព័ត៌មានធ្វើជាសត្រូវអី! ទុកអ្នកសារព័ត៌មានធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងទៅ ក្រែងបានល្អខ្លះ ក្រែងបានខ្លួនឯងល្អដែរ គ្មានអ្នកណាម្នាក់ល្អឥតខ្ចោះនោះទេ។ ត្រឹមតែជាអភិបាលរងខេត្តកំពង់ស្ពឺប៉ុណ្ណោះ កុំគិតថា ខ្លួនឯងអស្ចារ្យ និងល្អឥតខ្ចោះនោះ ក្រែងថ្ងៃណាមួយភ្លាត់ស្នៀតទៅ។ បុគ្គលណាប្រព្រឹត្តខុសច្បាប់ ចាប់ដាក់គុកទៅ សូមកុំប្រមាថ ម៉ាកងាយគេមិនល្អទេ ពិបាកទទួលយកណាស់ក្នុងនាមខ្ញុំជាអាជីពដូចគ្នា បើអស់លោកបានមើលហើយសូមគិត និងពិចារណាផង សំណេរបស់លោកអភិបាលរងខេត្តកំពង់ស្ពឺម្នាក់នេះ មកលើអ្នកសារព័ត៌មាន។
ប្រភពខាងលើ បានបន្តថា ត្រូវហើយ លោកអភិបាលរងអើយ គុកធ្វើសម្រាប់ដាក់មនុស្សមែន មិនថា អ្នកសារព័ត៌មាន មន្ត្រីរាជការ អភិបាលរងខេត្ត សំខាន់អ្នកណាប្រព្រឹត្តទង្វើខុសច្បាប់ ត្រូវតែជាប់គុកដូចតែគ្នាទេ លោកអភិបាលរងខេត្តកំពង់ស្ពឺអើយ ហើយបញ្ហារឿងនេះ បន្ទាប់ពីបណ្តាញធ្វើការផ្សព្វផ្សាយរួច សង្ឃឹមថា អភិបាលរងរូបនោះ នឹងកែពាក្យសម្ដីធ្វើជាថ្នាក់ដឹកនាំដ៏ល្អក្នុងខេត្តកំពង់ស្ពឺវិញ៕



