header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅចំពោះមុខកម្មករ-កម្មរិនីជាង១ម៉ឺននាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងពីមោទកភាព ចំពោះទំហំពាណិជ្ជកម្មរបស់កម្ពុជាកើនឡើង ដោយសព្វថ្ងៃមានជាង ២៥ពាន់លានដុល្លារ ក្នុងពេលទំហំពាណិជ្ជកម្មនាំចេញ ជាង១២ពាន់លានដុល្លារ និងនាំចូលជាង១៣ពាន់លានដុល្លារ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មរិនីជាង១ម៉ឺននាក់ នៅខេត្តកណ្តាល នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចតេជោបានថ្លែងថា កម្ពុជាមានច្រកនាំចេញនាំចូលច្រើន ដែលបង្កើននូវទំហំពាណិជ្ជកម្ម ដោយនៅភាគខាងកើត ជាមួយប្រទេសវៀតណាម ប្រមាណជា៥ពាន់លានដុល្លារ ជាមួយថៃប្រមាណជា៦ពាន់លានដុល្លារ។

សម្ដេចថា បញ្ហាទាំងនេះ មិនទាន់គិតអំពីទំនិញផ្លាស់ប្ដូរ ជាមួយប្រទេសដទៃ នៅក្រៅក្របខណ្ឌនៅឡើយទេ។

សម្ដេចតេជោបានមានប្រសាសន៍ថា “ទំហំពាណិជ្ជកម្មរបស់កម្ពុជានៅពេលនេះ គឺមានជាង២៥ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជា ប្រមាណជិត១២ពាន់លានដុល្លារ និងទំហំនៃការចូលជាង១៣ពាន់លាន”។

ជាមួយគ្នានេះ នាយករដ្ឋមន្ដ្រីពន្យល់ថា ហេតុអ្វីបានជាកម្ពុជានាំចូលច្រើន ហើយនាំចេញទៅវិញតិច? ដោយសារតែកម្ពុជាប្រើប្រាស់ទំនិញ នាំចូលជាវត្ថុធាតុដើម ដើម្បីមកផលិតនៅកម្ពុជា រួចកម្ពុជានាំចេញទៅវិញ។

ដោយឡែកទេសចរណ៍វិញ សម្ដេចតេជោ លើកឡើងទៀតថា ទេសចរណ៍កម្ពុជា ទៅលេងក្រៅប្រទេស ប្រមាណជា១លាននាក់ប៉ុណ្ណោះ ហើយទេសចរណ៍អន្ដរជាតិ មកលេងកម្ពុជាវិញ មានប្រមាណជា៦លាននាក់។

សម្ដេចថា ”ឯទេសចរណ៍ក្នុងស្រុកវិញ បូកសរុបក្នុងមួយឆ្នាំៗ មិនតិចជាង១០លាននាក់ទេ ដែលធ្វើដំណើរលេងនៅក្នុងប្រទេស ហើយកុំមើលស្រាលឲ្យសោះ នៃការចំណូលដែលបានមកពីទេសចណ៍ក្នុងស្រុក” ។

យោងតាមការចេញផ្សាយ របស់ក្រសួងពាណិជកម្ម នៅក្នុងឆ្នាំ២០១៨នេះ កម្ពុជាបានធ្វើពាណិជ្ជកម្ម ជាមួយប្រទេសចំនួន ១៤៧ លើពិភពលោក ដោយសម្រេចបានទំហំទឹកប្រាក់ សរុបជាង ២៤,៩៨៥លានដុល្លារ គឺបានកើនឡើងប្រមាណ ៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹម២៣,៧៩៦លានដុល្លារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post