
បាត់ដំបងៈ ដោយអនុវត្តនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមការដឹកនាំសម្របសម្រួលលើនីតិវិធី របស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាន បានដឹកនាំកងកម្លាំងជំនាញសហការណ៍ជាមួយកងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវយ៉ាងសកម្មបំផុត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះពលរដ្ឋលួចយកទ្រព្យសម្បត្តិអស់មួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ ផាន់រ៉ូត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបា ត់ដំបង រីឯវត្ថុតាងជារបស់ជនរងគ្រោះដែលបាត់បង់ ត្រូវបានរកឃើញវិញនាពេលនេះ មានទូរស័ព្ទដៃចំនួន១៦គ្រឿង ហើយសម្ភារៈជាវត្ថុតាងដែលជនសង្ស័យប្រើប្រាស់ក្នុងពេលធ្វើសកម្មភាពមួយចំនួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង រីឯកវត្ថុតាងជារបស់ជនរងគ្រោះ ត្រូវប្រគល់ជូនម្ចាស់វិញ ក្រោយពីបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង៕




