header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សាមគ្គីភាពមិនមែនមានន័យត្រឹមតែរូបថតមួយ​សន្លឹកកាន់ដៃគ្នានោះទេ ផ្ទុយទៅវិញសាមគ្គី គឺសប្បាយពេលឃើញគ្នា បានសុខ និងរួមទុក្ខជាមួយគ្នាក្នុងគ្រាលំបាកជាក់ស្តែង។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីក្រុមប្រឆាំង ពិសេសនោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងតែងតែអះអាងតាមរយៈរូបថតមួយសន្លឹកកាន់គ្នាជាមួយលោក កឹម សុខា ថា ជានិមិត្តសញ្ញានៃការសាមគ្គី។

សម្តេចបានលើកឡើងលើបណ្តាញសង្គមនៅយប់ថ្ងៃទី២ ធ្នូ យ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំចង់និយាយពីសាមគ្គីភាពបន្តិច។ ចំពោះការសង្គ្រោះជាតិ ក្មួយៗ ចៅៗ ជនរួមជាតិធ្លាប់មើល កម្រងឯកសារ « ដំណើរឆ្ពោះទៅការសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»រួច ហើយ ។ ឯពាក្យបង្រួបបង្រួមជាតិ ខ្ញុំនឹងលើកមកពន្យល់ពេលក្រោយ»

សម្តេចបន្តថា ពាក្យថា សាមគ្គីភាព ក្នុងវចនានុក្រម មិនបានប្រាប់ទេថា ត្រូវធ្វើយ៉ាងណា ទើបអាចបង្កើតសាមគ្គីភាព ថែរក្សាសាមគ្គីភាពឱ្យនៅគង់វង្សស្ថិតស្ថេរនោះទេ។ វត្តមានរបស់គណបក្សប្រជាជន ដែលមានកំណើតតាំងពីថ្ងៃទី​២៨ មិថុនា ឆ្នាំ១៩៥១ មកទល់បច្ចុប្បន្ន គឺមកពីការប្រកាន់ខ្ជាប់ស្មារតី សាមគ្គីភាពផ្ទៃក្នុង និងសាមគ្គីភាពជាតិនេះឯង ។ ជាក់ស្ដែង នៅពេលយើងបង្កើតចលនា ដើម្បីរំដោះប្រជាជន និងប្រទេសជាតិពីរបបប៉ុលពត យើងបានបន្តស្មារតីសាមគ្គីភាព ដោយប្រមូលផ្ដុំយុទ្ធជនស្នេហាជាតិពីគ្រប់ទិសទី ពួតដៃគ្នាប្រយុទ្ធដើម្បីសង្រ្គោះប្រទេសជាតិ និងប្រជាជនចេញពីរបបអាវខ្មៅ។

សម្តេចបន្តថា ក្មួយៗ ចៅៗ ដែលបានរៀនសូត្រ សុទ្ធតែដឹងហើយថា ត្រូវចេះសាមគ្គីគ្នា ។ ហើយ​ម្នាក់ៗសុទ្ធតែសច្ចាក្នុងចិត្តថា សាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ តែការសច្ចា និងសន្យានៅនឹងមាត់ពេលដែលយើងមានហូបឆ្អែត ពាក់ក្រវ៉ាត់កអាវធំក្នុងម៉ាស៊ីនត្រជាក់ មានន័យដូចគ្នាឬទេ នៅពេលដែលអាសន្នអន់ក្រមកដល់? សាមគ្គីភាពត្រូវការការលះបង់ និងចែករំលែក។

សម្តេចបន្ថែមថាក្មួយៗ ចៅៗ សាកពិចារណា ដាក់អារម្មណ៍មើលថា បើក្មួយៗ ចៅៗ កំពុងស្រេកទឹកខ្លាំង ហើយនៅជុំវិញគ្មានប្រភពទឹកទាល់តែសោះក្រៅពី ទឹកក្នុងបំពង់ ទឹកផ្ទាល់ខ្លួនរបស់ក្មួយ តែមិត្តភក្ដិក្មួយផ្សេងៗទៀត ដែលក្មួយសន្យា និងសច្ចាថាសាមគ្គីជាមួយគ្នា ស្រេកទឹកដូចក្មួយ គ្រាន់តែគ្នាគ្មានសល់ទឹកក្នុងបំពង់សោះ តើក្មួយនឹងធ្វើយ៉ាងណា នៅពេលដែលសាមគ្គីភាព និងប្រយោជន៍ខ្លួនផ្ទាល់ត្រូវប្រឆាំងគ្នា? ត្រង់នេះ មានតែស្ថានភាព ជាក់ស្តែងទេទើបយើងអាចស្វែងយល់ពីមិត្តយើង ឬជាពិសេសទៀតនោះ ពីខ្លួនឯងផ្ទាល់តែម្តង។ នេះគ្រាន់តែឧទាហរណ៍រឿងស្រេកទឹកប៉ុណ្ណោះ ! កាលនៅក្នុងសម័យសង្គ្រាមវិញ ខ្ញុំនិងបងប្អូនយុទ្ធមិត្តក្នុងគណបក្សប្រជាជនបានឆ្លងកាត់លើសនេះច្រើនណាស់។ ពេលខ្លះពួកយើងប្តូរជីវិត ដើម្បីសង្គ្រោះមិត្តយើងដែលត្រូវរបួស ពេលខ្លះទៀតយើងប្តូរជីវិត ដើម្បីរំដោះយកសាកសពយុទ្ធមិត្តយើងពីសត្រូវមកទៀតផង។

សម្តេចសង្កត់ធ្ងន់ថា «ត្រង់នេះហើយដែលគណបក្សប្រជាជន មិនប្រេះស្រាំបែកបាក់ សាមគ្គី ។ សាមគ្គីមិនមែនមានន័យត្រឹមរូបថតមួយសន្លឹកកាន់ដៃគ្នានោះទេ! សាមគ្គី គឺសប្បាយពេលឃើញគ្នា បានសុខ និងរួមទុក្ខជាមួយគ្នាក្នុងគ្រាលំបាកជាក់ស្តែង។ សាមគ្គីតម្រូវឱ្យចេះ ចែករំលែករបស់កម្រជាមួយគ្នា មិនមែនចែករំលែកតែរបស់សម្បូរហូរហៀនោះទេ។ ម្យ៉ាងវិញទៀត សាមគ្គីជាតិតម្រូវឱ្យមានការអត់ឱនឲ្យគ្នា »

សម្តេចតេជោលើកឡើងថា តើក្មួយៗ ចៅៗ ដែលធ្លាប់ឱ្យអ្នកដែលធ្វើខុសហើយ សុំទោសខ្លួនឬទេ? នៅក្នុងចំណោមអ្នកដឹកនាំកម្ពុជាតាំងពីសម័យបូរាណមក ខ្ញុំប្រហែលជាអ្នកដឹកនាំតែមួយគត់ ដែលមានការអត់ឱនឲ្យច្រើនជាងគេ។ អ្នកក្បត់ជាតិក្នុងសម័យមុន មានតែសេចក្តីស្លាប់ប៉ុណ្ណោះ ប៉ុន្ដែខ្ញុំវិញ មានតែលើកលែងទោសដល់អ្នកដែលដឹងកំហុស។ ខ្លះម្តង ខ្លះរហូតដល់ទៅពីរដង។ ប៉ុន្តែមិនអាចមានលើកទី៣ឡើយ។ ខ្ញុំសង្ឃឹមថា ក្មួយៗ ចៅៗ ជនរួមជាតិយើងចេះចែកដាច់ពីការអត់ឱន ដើម្បីសាមគ្គីភាពជាតិ និងការត្រូវគេបោកដដែលៗ។

សម្តេចគូសបញ្ជាក់ថា «ត្រង់នេះក៏យើងត្រូវចេះរកផ្លូវកណ្ដាលមួយដែរ។ ជាចុងក្រោយ សាមគ្គីភាពជាតិតម្រូវឲ្យក្មួយៗ ចៅៗ ជនរួមជាតិចេះចែកឲ្យដាច់ពី អ្វីដែលជា ការប្រឆាំងក្នុងលក្ខណៈនយោបាយជាតិ ដើម្បីស្ថាបនាទាំងអស់គ្នា និងអ្វីជាការប្រឆាំងនឹងផលប្រយោជន៍ ផ្ទាល់របស់ជាតិយើងទាំងមូល។ ខ្មែរយើងអភព្វណាស់ទៅហើយ ខ្ញុំមិនចង់ឲ្យយើងជួបរឿង អភព្វដូចសម័យកាលមុននោះទេ។ ប៉ុន្តែត្រង់នេះ ក៏ត្រូវការការទទួលខុសត្រូវមួយរួមគ្នាដែរ។ ខ្មែរគ្រប់គ្នាមានសេរីភាពក្នុងការបោះឆ្នោត ត្រូវបោះដោយការទទួលខុសត្រូវយើងមានសិទ្ធិបញ្ចេញមតិ ក៏ត្រូវបញ្ចេញមតិប្រកប ដោយការទទួលខុសត្រូវដែរ ទើបយើងលើកស្ទួយ សាមគ្គី ភាពជាតិបាន។ ទាំងនេះជាអត្ថន័យនៃសាមគ្គីភាពដែលខ្ញុំចង់ចែករំលែកតាមស្មារតីនៃថ្ងៃ២ធ្នូ ដល់ក្មួយៗ ចៅៗ យកទៅអនុវត្ត។ សូមក្មួយៗ ចៅៗ បន្តថែរក្សាសាមគ្គីភាពជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងសង្គមជាតិ ដើម្បីអនាគតកម្ពុជារបស់យើងទាំងអស់គ្នា។

សម្តេចក៏បានលើកឡើងទៀតថា ថ្ងៃ ២ធ្នូ ប្រហែលក្មួយៗ ចៅៗ និងជនរួមជាតិមួយចំនួន មិនដឹងទេថា តើមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអ្វីខ្លះទាក់ទងនឹងថ្ងៃ ២ធ្នូ ។ ថ្ងៃនេះ ៣១ឆ្នាំ សម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ និងខ្ញុំបានជួបគ្នាជាលើកទីមួយ នៅហ៊្វែអង់ តាឌឺណ័រ (Fère-en-Tardenois) ប្រទេសបារាំង ដើម្បីចាប់ផ្តើមកិច្ចចចារ បង្រួមបង្រួមជាតិជាផ្លូវការ។ ខ្ញុំជាអ្នកជ្រើសរើសថ្ងៃទី ២ ខែធ្នូនេះ ព្រោះវាក៏ជាថ្ងៃដែលក្រុមចលនារបស់បង ហេង សំរិន បងជា ស៊ីម ថ្នាក់ដឹកនាំផ្សេងទៀត និងរូបខ្ញុំផ្ទាល់បានរួមគ្នាប្រកាសបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ១៩៧៨ ដែលគិតមកដល់ថ្ងៃនេះ គឺចំ៤០ឆ្នាំគត់តែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post