
ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានធ្វើការពន្យល់នៃគោលបំណង និងសំណូមពរ នៃការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយថា ជាការបើផ្លូវដល់អ្នកនយោបាយជាប់បម្រាមតុលាការកំពូល ហើយអាស្រ័យលើបុគ្គលម្នាក់ៗ។
លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅទីថ្ងៃ១៥ ខែធ្នូនេះថា សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ហើយថា ដើម្បីដោះស្រាយបណ្តាបញ្ហា ដែលកើតមានឡើងនៅកម្ពុជា ក្នុងគោលបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងអនុវត្តនយោបាយបង្រួបបង្រួមជាតិ។
លោកបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននេះ ដំណើរការធ្វើវិសោធនកម្មច្បាប់នេះ ត្រូវបានប្រព្រឹត្តទៅស្របតាមនីតិវិធីជាធរមាន នៃការធ្វើវិសោធនកម្ម និងស្របតាមគោលការណ៍ ដែលមានក្នុងរដ្ឋធម្មនុញ្ញ។ រាល់ការមានមតិ គឺជាសិទ្ធិបញ្ចេញមតិប៉ុណ្ណោះ មិនអាចមករារាំងដល់ដំណើរការធ្វើវិសោធនកម្មច្បាប់បានជាដាច់ខាត។
លោកបន្តថា ឥឡូវការធ្វើវិសោធនកម្មនេះ ត្រូវបានរដ្ឋសភា អនុម័តរួចហើយ ដោយសំឡេង១១៥/១១៥ ហើយសេចក្តីស្នើច្បាប់នេះ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យ និងត្រូវឆ្លងក្រុមប្រឹក្សាធម្មនុញ្ញជាចុងក្រោយ មុននឹងដាក់ថ្វាយព្រះមហាក្ស ត្រឡាយព្រះហស្ថលេខា លើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។
ខណៈដែលសមាជិកក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលមាននិន្នាការតាមលោក សម រង្ស៊ី បានប្រកាសមិនទទួលយក ឬស្នើសុំដើម្បីបានសិទ្ធិធ្វើនយោបាយវិញ អ្នកនាំពាក្យបក្សកាន់អំណាច បានគូសយ៉ាងដូច្នេះថា “ខ្លឹមសារវិសោធនកម្ម គឺបើកផ្លូវឲ្យអ្នកនយោបាយ ដែលជាប់បម្រាមធ្វើនយោបាយមាននីតិសម្បទានយោបាយឡើងវិញ។ តែច្បាប់មិនចាប់បង្ខំសាម៉ីជននោះ ត្រូវតែធ្វើទេ បើក្នុងករណីសាម៉ីខ្លួនមិនចង់បាន”។
លោកបន្ថែមថា នៅពេលចប់រយៈពេលហាមរបស់តុលាការកំពូលហើយ បើសាម៉ីជនមិនទទួលយកនីតិសម្បទាឡើងវិញទេក៏បាន សាម៉ីជននៅតែកុំធ្វើនយោបាយទៅបានហើយ មានអ្នកណាចាប់បង្ខំ?
លោកបន្ថែមទៀតថា នៅពេលច្បាប់ចូលជាធរមាន បើសាម៉ីជនណាមិនចង់បានសិទ្ធិធ្វើនយោបាយឡើងវិញទេ កុំដាក់សំណើទៅនាយករដ្ឋមន្ត្រី ឬទៅក្រសួងមហាផ្ទៃ ទៅជាការស្រេច ឬបើមានបញ្ជីពីក្រសួងមហាផ្ទៃ កុំតែអនុវត្តទៅមានអ្នកណាថាអី វាអាស្រ័យលើសាម៉ីជនម្នាក់ៗទេ កុំបាច់ជជែកវែកញែកវែងឆ្ងាយធ្វើអី?
ដូច្នេះ ការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីផ្តល់នីតិសម្បទានយោបាយឲ្យអ្នកនយោបាយដែលជាប់បម្រាមរបស់តុលាការកំពូល មានសិទ្ធិធ្វើនយោបាយឡើងវិញ បើសាម៉ីខ្លួនចង់បាន។
លោកសង្កត់ធ្ងន់ថា “ច្បាប់បើកផ្លូវជូនហើយ តែបើសាម៉ីជនមិនចង់បានទេ ចេះតែនៅតទៅទៀតទៅមានអ្នកណាថាអី? អាស្រ័យលើសិទ្ធិរបស់ម្នាក់ៗប៉ុណ្ណោះ ហើយកុំបន្ទោសអ្នកដទៃទៀត”។
លោកថា មិនមានច្បាប់កំណត់ឲ្យធ្វើវិសោធនកម្មច្បាប់ប៉ុន្មានដងៗទេ វាអាស្រ័យលើសំណូមពរចាំបាច់ នៃសភាពការណ៍នយោបាយ ដែលត្រូវធ្វើ សូមលោកអ្នកច្បាប់ជ្រាប៕