ភ្នំពេញៈ ផ្អើលពេញភូមិ ករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយសារមន្ត្រីប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ បានវាយដំប្រពន្ធនិងកូន ជាំមុខ ជាំមាត់ ដៃជើង ស្មា គឺវាយដោយដៃផង វាយដោយប្រើក្ដារឈើផង បណ្ដាលឲ្យម្ដាយនិងកូនរងរបួសជាទម្ងន់។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅចំណុចម្ដុំផ្ទះល្វែង ផ្លូវលំ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ហុក ម៉ាប់ ជាមន្ត្រីនគរបាលសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ (ឋានន្តរស័ក្ដិអនុសេនីយ៍ឯក) ដែលមានទីលំនៅផ្ទះ១២M ផ្លូវលំ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ត្រូវបានប្រពន្ធនិងកូនប្ដឹងមកនគរបាលប៉ុស្តិ៍ ចោមចៅទី១ ករណីហិង្សាក្នុងគ្រួសារ វ៉ៃដំប្រពន្ធកូន។
យោងតាមជនរងគ្រោះដែលជាកូនបង្កើតរបស់មន្ត្រីនគរបាលរូបនោះ បានអះអាងថា កាលពីវេលាម៉ោង១០យប់ ក្នុងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅផ្ទះរបស់ខ្លួនចំណុចខាងលើ គឺឪពុករបស់នាងលោក ហុក ម៉ាប់ បានប្រើអំពើហិង្សា វាយដំមកលើនាងនិងម្ដាយ ជាំមុខ ជាំមាត់ ដៃជើង ស្មា គឺវាយដោយដៃផង វាយដោយប្រើក្ដារឈើផង បណ្ដាលឲ្យនាងនិងម្ដាយរងរបួសជាទម្ងន់។
នាងបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតហិង្សាបែបនេះ គឺឪពុករបស់នាងលួចមានប្រពន្ធចុងជាយូរណាស់មកហើយ លុះពេលម្ដាយនាងជាប្រពន្ធដើម សួរនាំ រករឿង ក៏ឈ្លោះប្រកែកគ្នា ទើបឈានដល់ប្រើអំពើហិង្សាបែបនេះទៅ។
រូបនាងបន្ថែមទៀតថា ព្រោះតែទ្រាំនឹងទង្វើរបស់បុរសជាឪពុកនិងជាប្ដីមិនបាន ទើបនៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នាងនិងម្ដាយដែលជាប្រពន្ធដើម បានសម្រេចចិត្តមកដាក់ពាក្យប្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីឲ្យសមត្ថកិច្ច ជួយរកយុត្តិធម៌ និងស្នើឲ្យចាត់ការតាមនីតិវិធី លើឪពុកខ្លួនដែលមានស្រីខាងក្រៅ រួចប្រើអំពើហិង្សាមកលើប្រពន្ធកូន។
ទោះបីជាយ៉ាងណា អង្គភាពសារព័ត៌មានខេមប៉ុស្តិ៍ ពុំអាចទាក់ទងសុំការបកស្រាយណាមួយ ពីលោកស័ក្ដិ៣ នគរបាលសេដ្ឋកិច្ច ហុក ម៉ាប់ បានទេ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ជុំវិញការចោទប្រកាន់ខាងលើ៕