កំពង់ស្ពឺៈ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី ចំនួន៧នាក់ ត្រូវបានកម្លាំងជំនាញផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពាក់ព័ន្ធសំណុំរឿងឆបោក.ប្រាក់ជាប្រព័ន្ធដែលមានលក្ខណៈអង្គការចាត់តាំងច្បាស់លាស់ ក្នុងការទំនាក់ទំនងជាមួយម្ចាស់បំណុល និងភ្នាក់ងារផ្នែកកម្ចីឥណទាន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ទី១.ឈ្មោះ ភឿង សុភ័ន ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួលម្ដុំហាងខារាអូខេរស្មីអង្គរ (ជាមេក្លោង) មានមុខរបរ អ្នករកស៊ីចងការប្រាក់ និងផ្ដល់សេវាបង់ផ្ដាច់តាមធនាគារ។ ទី២.ឈ្មោះ នី វណ្ណារី ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅភូមិផ្សារគីឡូលេខ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ជាមេក្លោង)។ ទី៣.ឈ្មោះ ភឿង ចាន់ឌី ភេទស្រី អាយុ២៩ឆ្នាំ ទីលំនៅភូមិព្រះស្រែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រួមគំនិតក្នុងអំពើឆបោក) ដើរតួរជាអ្នកខ្ចីប្រាក់ និងជាបងបង្កើតឈ្មោះ ភឿង សុភ័ន។ ទី៤.ឈ្មោះ អ៊ូច សុភា ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅ ភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ដកណ្តាល (រួមគំនិតក្នុងអំពើឆបោក)។ ទី៥.ឈ្មោះ ស៊ឹម លាប ភេទស្រី អាយុ៣២ឆ្នាំ ទីលំនៅភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រួមគំនិតក្នុងអំពើឆបោក)។ ទី៦.ឈ្មោះ ប៉ែន ស្រីមាន ភេទស្រី អាយុ៥២ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់ផ្សារដីហុយ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (រួមគំនិតក្នុងអំពើឆបោក) និងទី៧.ឈ្មោះ ផូ ថេង ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិរកាជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកផ្តល់មធ្យោបាយ និង(សមគំនិត) និងនៅមានបក្សពួក២នាក់ទៀត កំពុងគេចខ្លួន។
ជនសង្ស័យទាំង៧នាក់ ត្រូវបានសមត្តកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្ត និងកំពុងធ្វើការសាកសួរ ដែលក្នុងនោះមានស្រ្តីឈ្មោះ ភឿង សុភ័ន ជាមេក្លោង និងជាអ្នកតាំងខ្លួនជាភ្នាក់ងារធនាគារ(CO)។
គួរំលឹកថា ស្រី្តក្មេងឈ្មោះ ភឿង សុភ័ន ត្រូវបានសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនម្តងរួចហើយ កាលពីថ្ងៃទី៣០ តុលា ២០១៨ ពាក់ពន្ធលើបណ្តឹងរំលោភទំនុកចិត្ត ក្នុងទឹកប្រាក់ប្រមាណជិត២លានដុល្លារ។ នៅពេលសមត្តកិច្ចបានបញ្ជូនស្រ្តី ភឿង សុភ័ន ទៅសាលាដំបូងរាជធានីភ្នំពេញ ចៅក្រមស៊ើបសួរសម្រេចមិនឃុំខ្លួន និងបានដោះលែងឲ្យមានសេរីភាពវិញ ដោយគ្រាន់បានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពនិត្យតាមផ្លូវតុលាការ និងតម្រូវឲ្យនាង តម្កល់ប្រាក់២ម៉ឺនដុល្លារតែប៉ុណ្ណោះ។
សេចក្តីរាយការណ៍បន្តថា ក្រោយពីនាង ភឿង សភ័ន បានមានសេរីភាពវិញនោះ នាងបានទៅរៀបចំគម្រោងឆបោកមនុស្សផ្សេងទៀត ដែលមានទឹកប្រាក់សន្ធឹកសន្ធប់ ទើបត្រូវបានដើមបណ្តឹងប្តឹងសមត្តកិច្ចនគរបាលខេត្តកំពង់ស្ពឺឲ្យចាប់ខ្លួននោះ។
តាមការបញ្ជាក់ឲ្យដឹង ពីលោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង ទទួលផែនការងារសន្ដិសុខថា អ្នកទាំង៧នាក់នេះ គឺជាបក្ខពួកក្រុមតែមួយ ស្ថិតក្រោមការបញ្ជាដឹកនាំរបស់ឈ្មោះ ភឿង សុភ័ន និងឈ្មោះ នី វណ្ណារី ជាអ្នករៀបចំផែនការធ្វើការទំនាក់ទំនង ជាមួយអ្នកមានប្រាក់ និងអ្នកមានមុខរបររកស៊ីចងការប្រាក់ឯកជន បន្ទាប់ពីមានការទំនាក់ទំនងរួច គឺឈ្មោះ ភឿង សុភ័ន និងឈ្មោះនី វណ្ណារី បានបញ្ជាឲ្យអ្នកក្រោមឱវាទទៅជួបជាមួយនិងម្ចាស់ប្រាក់ ដើម្បីទទួលប្រាក់ ក្នុងករណីខាងម្ចាស់ប្រាក់ចង់ដឹងថា នៅខ្វះលុយប៉ុន្មាន? នៅធនាគារឯកជនមួយណា? អ្នកណាជាអ្នកកាន់ឯកសារកូនបំណល គឺគេបានឲ្យលេខទូរស័ព្ទភ្នាក់ងារ(CO)ក្លែងក្លាយ ទៅដល់ម្ចាស់ប្រាក់ទាក់ទងសួរនាំអំពីសាច់ប្រាក់របស់អតិថិជនដែលចង់ខ្ចីបង់ផ្ដាច់ និងការផ្ដល់កម្ចីឲ្យវិញ។
ក្រោយទទួលបានប្រាក់រួច គឺត្រូវយកប្រាក់មកប្រគល់ឲ្យឈ្មោះ ភឿង សុភ័ន និងឈ្មោះ នី វណ្ណារី ហើយពួកគេនឹងទទួលបានកំរៃមួយចំនួនពីការដើរតួរសម្ដែងក្លែងបន្លំនេះ។ មុនដំបូងក្រុមនេះដើរស៊ើបរកអ្នកមានប្រាក់ រួចទៅទាក់ទងរបៀបខ្ចីប្រាក់រយៈពេលខ្លី២-៣ ថៃ្ងសងវិញដោយសន្យាផ្ដល់ការប្រាក់ខ្ពស់ រួចចាប់ផ្ដើមបញ្ជូនមនុស្សទៅខ្ចីជាបន្ដបន្ទាប់ធ្វើឲ្យម្ចាស់លុយមានការជឿទុកចិត្ដឈានដល់ការឆបោកតែម្ដង បើមានការសួរនាំពួកគេឆ្លើយលេសនេះ លេសនោះ ថាធនាគារកំពុងជាប់បិតបញ្ជី ចំថៃ្ងបុណ្យសុំថែម២ថៃ្ងទៀតគឹតការតាមហ្នឹងទៅ។
បច្ចុប្បន្ន មេក្លោងឈ្មោះ ភឿង សុភ័ន ត្រូវបានម្ចាស់បំណុលម្នាក់ ជួយរត់ការធានាចេញពីពន្ធនាគារខេត្ដកំពង់ស្ពឺ (តុលាការដាក់ឲ្យស្ថិតនៅក្រៅឃុំជាបណ្ដោះអាសន្នក្នុងអំពើឆបោកប្រាក់) ដ៏ច្រើនសន្ធឹកសន្ធាប់ ជាង ១.០០០.០០០ (មួយលានដុល្លាអាមេរិក) និងកំពុងរងបណ្ដឹងជាច្រើនទៀត នៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលម្ចាស់បណ្ដឹងខ្លះចាញ់បោកឈ្មោះភឿង សុភ័ន ម្នាក់ៗ មិនតិចជាង២ម៉ឺនដុល្លានោះទេ។ មេក្លោង និងជនពាក់ព័ន្ធករណីខាងលើ ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យ៕