ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានប្រកាសសម្រេចបង្វិលសំណុំរឿងកាហ្វេដាយថាញ់វៀតណាម ឲ្យមានការស៊ើបអង្កេតបន្ថែម ជុំវិញគុណភាពកាហ្វេ និងកោះហៅមន្ត្រីពាក់ព័ន្ធមួយចំនួន មកសាកសួរបន្ថែម។
សេចក្ដីសម្រេចនេះ លោកចៅក្រម ហម ម៉េងសែ បានសម្អាងហេតុថា សិប្បកម្មផលិតកាហ្វេដាយថាញ់ មានច្បាប់ឲ្យបើក តែការផលិតមិនមានការបង្ហាញពីការលាយសារធាតុផ្សេងៗបញ្ជាក់ពីគុណភាពកាហ្វេ និងមិនមានលើកស្លាកយីហោឲ្យបានត្រឹមត្រូវ។
សំណុំរឿងកាហ្វេវៀតណាមដាយថាញ់ ផលិតនៅក្នុងខណ្ឌព្រែកព្នៅ ត្រូវបានលោកចៅក្រម ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីកាត់ទោសស្ត្រីវៀតណាមជាម្ចាស់សិប្បកម្ម។
តុលាការ បានចោទប្រកាន់ម្ចាស់សិប្បកម្ម ពីបទបើកសិប្បកម្មមិនលើកស្លាកយីហោ បទប្រើប្រាស់សារធាតុគីមីខុសច្បាប់ និងបទការវេចខ្ចប់គ្នានអនាម័យ។
ជនជាប់ចោទឈ្មោះ ពៅ ចន្ធា (ហៅង្វៀន ណាមង៉ុក) ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម ជាថៅកែសិប្បកម្មកេហ្វេ “ដាយថាញ់” ស្ថិតនៅក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ក្នុងសវនាការជនជាប់ចោទ បានសារភាពថា ខ្លួនពិតជាបានបើកសិប្បកម្មផលិតកាហ្វេ យីហោ ដាយថាញ់មែន តែមិនបានលើកស្លាកយីហោនៅកន្លែងផលិតទេ។
ចំពោះវត្ថុធាតុដើមខ្លួនបានទិញពីផ្សារអូរឬស្សី ដោយក្នុងមួយសប្ដាហ៍ ខ្លួនអាចផលិតកាហ្វេលក់ទៅតាមខេត្តប្រមាណជា៥០០គីឡូក្រាម ក្នុងនោះលក់ចេញទៅខេត្តកំពងឆ្នាំង ពោធិ៍សាត់ និងក្នុងក្រុងភ្នំពេញជាដើម។
តំណាងអយ្យការលោក ខាំ សុផារី បានធ្វើសេចក្ដីសន្និដ្ឋានតម្កល់ទុកបទចោទប្រកាន់លើជនជាប់ចោទដដែល និងបានស្នើឲ្យផ្ដន្ទាទោសតាមច្បាប់។
សូមរំលឹកថា សមត្ថកិច្ចម្រុះ បានចុះបង្ក្រាបទីតាំងសិប្បកម្មលីង និងកិនកាហ្វេ ដាយថាញ់ និងឃាត់ខ្លួនមមនុស្សចំនួន២នាក់ និងបានរកឃើញសារធាតុផ្សំដូចជា ពោតឆៅ និងលីង សណ្តែកសៀងលីង ប៊ើ ខ្ទិះដូង ព្រមទាំងសារធាតុផ្សំមួយចំនួនទៀត មានទម្ងន់ប្រមាណជាង៧តោន ដែលសង្ស័យមានការលាយសារធាតុគីមី ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកផឹកយ៉ាងធ្ងន់ធ្ងរ។ ទីតាំងសិប្បកម្មផលិតកាហ្វេ ស្ថិតត្រង់ចំណុចភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ម្ចាស់សិប្បកម្មដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ពៅ ចន្ធា ភេទស្រី អាយុ៥៦ឆ្នាំ ស្នាក់នៅសិប្បកម្មផលិតកាហ្វេ ស្ថិតនៅភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងឈ្មោះ សឿង ស្រីណា ភេទស្រីអាយុ២៦ឆ្នាំ ជាអ្នកលាយការហ្វេ។
ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រីកាំកុងត្រូល និងនគរបាលមូលដ្ឋានផងដែរ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានរកឃើញមានសារធាតុផ្សំមួយចំនួនដូចជា ពោតឆៅ និងលីង សណ្តែកសៀងលីង ប៊ើ ខ្ទិះដូង ព្រមទាំងសារធាតុផ្សំមួយចំនួនទៀត សរុបទាំងអស់ចំនួន១០មុខ មានទម្ងន់ប្រមាណជាង៧តោន និងរថយន្តសម្រាប់ដឹកជញ្ជូនឲ្យម៉ូយមួយគ្រឿងម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ 2P-4458។ ក្រៅពីនោះ មានឧបករណ៍ផលិត រួមមាន៖ ម៉ាស៊ីនលីងកាហ្វេ, ម៉ាស៊ីនកិនកាហ្វេ ចំនួន៣គ្រឿង, ម៉ាស៊ីនវេចខ្ទប់ ចំនួន១គ្រឿង, សំបកវេចខ្ទប់ ចំនួន១៥០គីឡូក្រាម និងសំបកធុងមួយ ហើយបានឃាត់ខ្លួនម្ចាស់សិប្បកម្ម និងអ្នកលាយម្នាក់ បន្ទាប់ពីរកឃើញវត្ថុធាតុដើម រួមពោតសណ្តែតសៀង និងសារធាតុផ្សំមួយចំនួនទៀត ដែលសង្ស័យថាជាសារធាតុគីមី។
លោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា បានឲ្យដឹងថា ដោយមានការស្រាវជ្រាវពីកម្លាំងនគរបាលជំនាញ និងមានការសង្ស័យទៅលើសិប្បកម្មផលិតកាហ្វេនេះ ដែលពុំមានស្លាកយីហោ ហើយបានលីងកាហ្វេ ដោយទៅបោះឲ្យម៉ូយតែពេលយប់ ទើបសមត្ថកិច្ចចុះទៅត្រួតពិនិត្យតែម្តង៕