
ភ្នំពេញៈ បងប្អូនអ្នកតាមដានកីឡាប្រដាល់ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីវត្តមានកីឡាករដ៏ល្បីឈ្មោះម្នាក់ ដែលមានឈ្មោះ អេ រដ្ឋា ហើយជាកូនសិស្សរបស់លោក អេ ភូថង ផងដែរ បានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្ត LEXUS 570 ពណ៌ស ដែលសាក្សីនៅកន្លែងកើតហេតុអះអាងថា ពាក់ស្លាកលេខភ្នំពេញ 2AU-5876 បន្ទាប់ពីបង្កហេតុ បានបើកចូលក្នុងបុរី ហាយតិច លុច្សសារី ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ចំណែកជនរងគ្រោះ រងរបួសយ៉ាងធ្ងន់ ពេលនេះលោកកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៧៖៥៥នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ២០១៨ មុខច្រកចូលបុរី ហាយតិច លុច្សសារី ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
បើតាមការសាកសួរព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកនៅកន្លែងកើតហេតុ ពួកគាត់បានបញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HH-7164 តែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមុខបុរីហាយតិចលុច្សសារី ស្រាប់តែមានរថយន្ត LEXUS 570 បើកពីលិចទៅកើត ហើយបត់ឆ្លងផ្លូវចូលក្នុងបុរី ទើបធ្វើឲ្យជនរងគ្រោះជ្រុលទៅបុករថយន្ត ដែលកំពុងបើកឆ្លងនោះ ចំទ្វារខាងស្ដាំ តែមិនដឹងថា ទ្វារមុខឬក្រោយនោះទេ ព្រោះភ្លាមៗនោះ អ្នកបើកបរបានឈប់មុខបុរីមួយភ្លែត ហើយហៅសន្តិសុខយាមមុខបុរីឲ្យមកនិយាយជាមួយ រួចក៏បើកចូលទៅក្នុងបុរីតែម្ដង (ចំណែកម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ) រីឯជនរងគ្រោះបានរងរបួស បែកប្លោកនោម ហើយបែកញើសជោគ ទើបមួយសន្ទុះក្រោយមក ក៏មានរថយន្តគ្លីនិកឯកជន ហុង ហាក់ បានមកដឹកយកទៅសង្គ្រោះ តែដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅសង្គ្រោះបន្តនៅឯមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗផងដែរ។
ក្រោយរថយន្តសង្គ្រោះចេញទៅ ទើបឃើញមានបុរស៣នាក់ បានជិះឌុបគ្នាមកដល់កន្លែងកើតហេតុ និងឃើញមានម្ដាយជនរងគ្រោះ មកដល់កន្លែងកើតហេតុដែរ រួចប្រាប់ថា ជនរងគ្រោះឈ្មោះ អេ រដ្ឋា ជាកីឡាករប្រដាល់ និងជាកូនសិស្សលោក អេ ភូថង ទើបផ្ដល់ដំណឹងនេះទៅលោក ជួប ប៊ុនរឿន ដែលជាមិត្តភក្តិជិតស្និទ្ធ នឹងលោក អេ ភូថង បានដឹង។
បន្ទាប់មកអ្នកយកព័ត៌មាន បានសួរសមត្ថកិច្ច ហើយសមត្ថកិច្ចប្រាប់ថា ពួកគាត់មកមិនទាន់ហេតុការណ៍ទេ ហើយគ្រាន់តែលឺគេប្រាប់ ដូច្នេះកុំទាន់ចេញផ្សាយ បើសិនជាខុស នាំមានបញ្ហាវែងឆ្ងាយ តែទោះជាយ៉ាងណា បើសិនជាការផ្សាយខុសម្ចាស់រថយន្ត ដែលមានស្លាកលេខនេះ សូមកុំប្រកាន់អី ដោយក្ដីអនុគ្រោះ នេះអ្នកយកព័ត៌មានគ្រាន់តែទទួលបានពីសាក្សីនៅកន្លែងកើតហេតុ បានអះអាងថា ជារថយន្ត LEXUS 570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-5876 ក្រោយបង្កហេតុ បើកចូលទៅក្នុងបុរីបាត់ឈឹង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកចរាចរណ៍នៃអធិការនគរបាលខណ្ឌច្បារអំពៅ បានធ្វើការវាស់វែង រួចលើកម៉ូតូឡើងរថយន្តដឹកយកទៅរក្សាទុកនៅខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវ រករថយន្តបង្កយកមកធ្វើការដោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះ ពោលគឺ២ថ្ងៃហើយ នៅមិនទាន់ដឹងថា សមត្ថកិច្ចបានរករថយន្តបង្កខាងលើឃើញឬយ៉ាងណានោះទេ៕












