
ភ្នំពេញៈ ក្បាលព្រួញពុះចែកទ្រូងផ្លូវ ដែលខាងមន្ទីរសាធារណការរាជធានីភ្នំពេញ បានដាក់នៅចំគន្លងរថយន្ត ប្រៀបដូចជាឧបសគ្គមួយ ដែលតែងតែបង្កឲ្យអ្នកដំណើរគ្រោះថ្នាក់រងរបួសធ្ងន់ស្រាលជាបន្តបន្ទាប់គ្នា រហូតឈានដល់មានអ្នកស្លាប់បាត់បង់ជីវិតទៀតក៏មានដែរ គឺនៅត្រង់ចំណុចផ្លូវបំបែកជាបួន ស្តុបសួនច្បារក្ដាន់២ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី កែងផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រំប្រទល់ជាប់នឹងខណ្ឌ៧មករា។
ជាក់ស្ដែង បុរសជនជាតិចិន២នាក់ ស្រវឹងស្រាជោគជាំ បើករថយន្តឡិចស៊ីសមួយគ្រឿង បោះពួយទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់១កង់ រីឯរថយន្តដាច់កាឡេកង់ខាងមុខទៅលែងរួច កាលពីវលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិន ស្រវឹងស្រា២នាក់ បើករថយន្តឡិចស៊ីស RX-300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-5899 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់១កង់ ចំណែករថយន្តបង្កខូចខាតផ្នែកមុខកង់ខាងឆ្វេងដាច់កាឡេទៅមុខលែងរួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្រះចក បានចុះមកដល់កន្លែង និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ មកធ្វើការវាស់ និងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយសងថ្លៃខូចខាតទ្រព្យសម្បត្តិរដ្ឋ តាមនីតិវិធីច្បាប់នៅពេលក្រោយ៕






