header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការអបអរសាទរ ខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០១៨ និងបានលើកឡើងថា សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងបោះឆ្នោតជ្រើសតាំងមេដឹកនាំ ដែលខ្លួនពេញចិត្ត ដោយសេរី ជាពិសេស សិទ្ធិសេរីភាព ធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើន ជឿនលឿនទៅមុខជានិច្ច។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា “ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ដែលជាទិវា សិទ្ធិមនុស្សសកល (Human Rights Day) ដែលអង្គការសហប្រជាជាតិ (UN) បានប្រកាសឲ្យប្រើ តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិសេរីភាព របស់មនុស្សជាតិគ្រប់រូប នៅលើពិភពលោក ដែលកើតមកមានសិទ្ធិសេរីភាព និងស្មើភាពគ្នា ប្រកបដោយសេចក្តីថ្លៃថ្នូរ”។

សម្ដេចតេជោ បានសរសេរបន្ថែមថា ”នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌ និងសិទ្ធិប្រកបការងារជាដើម..។ល។ របបប្រល័យពូជសាសន៍ ប៉ុល ពត បានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឲ្យពលរដ្ឋ ទាំងក្មេងចាស់ ប្រុសស្រី ធ្វើការហួសកម្លាំង ឈឺស្លាប់ ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបានសម្លាប់ចោលអស់ ជាង៣លាននាក់ នៅក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃប៉ុណ្ណោះ”។

សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “ក្រោយពេលប្រទេសជាតិ ត្រូវបានរំដោះរួចផុតពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ មករា ១៩៧៩ គឺសិទ្ធិសេរីភាពរបស់ពលរដ្ឋ ត្រូវបានទទួលពេញលេញឡើងវិញ រហូតដល់សព្វថ្ងៃនេះ។ សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងបោះឆ្នោតជ្រើសតាំង មេដឹកនាំដែលខ្លួនពេញចិត្ត ដោយសេរី ហើយសិទ្ធិសេរីភាព ក៏បានធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើន ជឿនលឿនទៅមុខ”។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមថែរក្សាការពារសន្តិភាព ឲ្យបានគង់វង្ស ដើម្បីឲ្យកម្ពុជាយើងកាន់តែរីកចម្រើន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post