header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ នៅទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានសម្រេចឃុំខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ផងនោះ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ដោយចោទប្រកាន់ចំនួន២បទល្មើស។ ការសម្រេចនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពេលពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ ពាក់ព័ន្ធនឹងការលួចបង្កើតឡធ្យូងយ៉ាងច្រើន នៅលើទឹកដីស្រុកស្នួល ខេត្តក្រចេះ ដោយខុសច្បាប់។

ប្រភពពីតុលាការខេត្តក្រចេះ ឲ្យដឹងនៅថ្ងៃទី១១ ខែធ្នូនេះថា ជនជាប់ចោទ៤នាក់ ក្នុងនោះមានម្នាក់ ជាជនជាតិវៀតណាម ត្រូវបានលោកស្រី អ៊ិន ម៉ានិត្យ ប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត នៅរសៀលថ្ងៃទី១០ ខែធ្នូនេះ ក្រោយពីអាជ្ញាធរបានចាប់ខ្លួនពួកគេបានរយះពេល២ថ្ងៃ។

បើតាមប្រភពដដែល ជនទាំង៤នាក់នេះ រងការចោទប្រកាន់ចំនួន២បទល្មើសដូចៗគ្នា រួមមាន ទី១. បទបង្កើតឡគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត តាមមាត្រា៥៨ ចំណុច១ និងទី២. បទបង្កើតមូលដ្ឋានកែច្នៃផលអនុផលធនធានធម្មជាតិគ្រប់ប្រភេទ មាត្រា៦១ ចំណុច២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ប្រព្រឹត្តិនៅចំណុចត្រពាំងត្រាច ស្ថិតក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

ជនជាប់ចោទទាំង៤ រួមមាន ទី១.ឈ្មោះ ហូ ស៊ុនជឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ, ទី២.ឈ្មោះ ស៊ីវ គឹមលី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយាមខ្លាំងធ្យូង, ទី៣.ឈ្មោះ គាំ សុបិន្ត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ និងទី៤.ឈ្មោះ សួន វណ្ណឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបររថយន្ត។

សូមបញ្ជាក់ថា អាជ្ញាធរស្រុកស្នួល ខេត្តក្រចេះ បានចុះបិទឡធ្យូងធំៗ ចំនួន១២ឡ និងឃាត់ខ្លួនជនជាតិវៀតណាមម្នាក់គត់ ព្រមទាំងរឹបអូសបានរថយន្ដចំនួន៣គ្រឿង កាលពីវេលាម៉ោង១២៖៣០នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណរបស់ក្រុមហ៊ុនវៀតណាមមួយកន្លែង ចំណុចត្រពាំងត្រាច ស្ថិតក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

ទីតាំងក្រុមហ៊ុនរបស់វៀតណាមខាងលើនេះ បានធ្វើសកម្មភាពដុតធ្យូងនៅក្នុងឡទាំងនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែអាជ្ញាធរ និងស្ថាប័ណ្ណពាក់ព័ន្ធមួយចំនួន ធ្វើគរថ្លង់ ដើម្បីទទួលបានលាភសក្ការៈពីឈ្មួយ បណ្ដោយឲ្យក្រុមហ៊ុនវៀតណាម ដុតធ្យូងស្ទើរអស់ឈើពីព្រៃទៅហើយ។

មន្ត្រីម្នាក់ ដែលចូលរួមក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា បើតាមការសាកសួរប្រជាពលរដ្ឋ ឡធ្យូងទាំង១២ របស់ក្រុមហ៊ុនវៀតណាមនេះ បានធ្វើសកម្មភាពដុតយកធ្យូងអស់រយៈពេលជាយូរខែមកហើយ ហើយឡធ្យូងទាំងនេះ ក៏គ្មានច្បាប់អនុញ្ញាតឡើយ។ ចំពោះឈើ ដែលគេដុតយកធ្យូង គឺម្ចាស់ឡប្រមូលទិញឈើតូចធំគ្រប់ប្រភេទមកពីគ្រប់ទិសទី ដើម្បីយកមកដុត ដោយមានកម្មករជាជនជាតិវៀតណាម ជាច្រើននាក់មកធ្វើការ។

មន្ត្រីដដែលឲ្យដឹងទៀតថា នៅក្នុងទីតាំងនោះ មានឈើរាប់ម៉ឺនកំណាត់ មានទាំងឈើស្រស់ និងឈើស្ងួត ត្រូវបានក្រុមកម្មករវៀតណាម ប្រមូលយកមកកាត់ និងអារសម្រាប់ដុតធ្វើធ្យូង។ ក្នុងមួយថ្ងៃៗ មានឈើចំនួនរាប់ម៉ឺនកំណាត់ ត្រូវបានគេដុតនៅក្នុងឡទាំងចំនួន១២ឡនេះ ហើយធ្យូងរាប់ពាន់បេ ត្រូវគេប្រមូលដឹកជញ្ជូននាំទៅលក់នៅក្នុងវៀតណាម ជារៀងរាល់ថ្ងៃ ដោយមិនរំខានអាជ្ញាធរខ្មែរ អ្វីបន្តិចសោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post