កណ្តាលៈ ថៅកែកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ឧកញ៉ា វ៉ាន់ រ៉ាម៉ុន បានប្រើប្រាស់អាវុធខ្លី K59 បាញ់១គ្រាប់ ចំសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កាខាងឆ្វេង ស្លាប់នៅលើគ្រែ ខណៈជើងម្ខាងគងនៅលើកៅអីបង្អែក ក្នុងសភាពពាក់ស្បែកជើង និងស្រោមជើង នៅចំណុចក្នុងបន្ទប់ ស្នាក់ការរបស់ជនរងគ្រោះ។
ហេតុការណ៍បាញសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥៖១៥នាទីល្ងាចថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅ កំពង់ចម្លង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
នគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ជនរងគ្រោះ(សព) ឈ្មោះ វ៉ាន់ រ៉ាម៉ុន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយករង នាយកដ្ឋាន អន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុនកំពង់ចម្លងទូកដរ អរិយក្សត្រ-ភ្នំពេញ មានទីលំនៅផ្ទះលេខ ៣៣៤EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នគរបាលខេត្តកណ្ដាល បានឲ្យដឹងទៀតថា នោវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ វ៉េង ដារិទ្ធ ជាតំណាងឲ្យឈ្មោះ វ៉ាន់ រ៉ាម៉ុន ក្នុងការមើលខុសត្រូវកំពង់ចម្លង បានចូលក្នុងផ្ទះរបស់ឈ្មោះ វ៉ាន់ រ៉ាម៉ុន ដើម្បីបូមប្រេង ពេលចូល ទ្វាររបងបិទខ្ទាស់គន្លឹះខាងក្នុងជាប់ ឈ្មោះ វ៉េង ដារិទ្ធ ក៏ផ្លោះរបងចូល រៀបទុយោប្រេង ហើយឈ្មោះ វ៉េង ដារិទ្ធ ក៏បានទៅគោះទ្វារបន្ទប់ឈ្មោះ វ៉ាន់ រ៉ាម៉ុន តែមិនឮ ក៏ច្រានទ្វារចូលទៅ ឃើញឈ្មោះ វ៉ាន់ រ៉ាម៉ុន ដេកស្លាប់លើគ្រែដែក ក្រាលពូក និងហូរឈាមពេញលើឥដ្ឋការ៉ូ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗតែម្ដង។
ក្រោយកើតហេតុកម្លាំងជំនាញបច្ចេកស្រុក សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និងពេទ្យមណ្ឌលសុខភាពអរិយក្សត្រ មេឃុំ ភូមិ បានចូលរួម ពិនិត្យសាកសព ដោយរកឃើញកាំភ្លើងខ្លី១ដើម ម៉ាកK ៥៩ លេខ ៣១១៧, បង់៣, គ្រាប់១៧គ្រាប់, សំបកគ្រាប់ ១, ក្បាលគ្រាប់ ១។
បើយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចកោសលវិច័យ បានឱ្យដឹងថា ជនរងគ្រោះធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយប្រើប្រាស់កាំភ្លើងរបស់ខ្លួនឯងបាញ់ចំនួន១គ្រាប់ ចំសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កា ខាងខាងឆ្វេង ស្លាប់នៅលើគ្រែ ។ ចំណែកមូលហេតុសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះមានវិបត្តិផ្ទាល់ខ្លួនពិបាកក្នុងការដោះស្រាយ ទើបឈានដល់ការបាញ់សម្លាប់ខ្លួនបែបនេះ៕