Sponsor

ព្រះវិហារៈ ឃាតក ដែលជាអតីតប្តីដើម ជាមន្ត្រីយោធា បានចាក់សម្លាប់ប្តីក្រោយជនជាតិចិនរបស់ប្រពន្ធ កំពុងហូបស៊ុបជុំគ្រួសារ ផ្អើលហាងស៊ុប Family BBQ Buffet ស្លាប់ម្នាក់ របួសធ្ងន់២នាក់ ពេលនេះចាប់ខ្លួនបានហើយ។

ការឃាត់ខ្លួននេះធ្វើឡើងដោយកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកសង្គមថ្មី នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ អនុវត្តតាមបញ្ជារឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត សហការណ៍ជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្នាននគរបាលរាជធានីភ្នំពេញ និងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យឈ្មោះ គង់ សល់ ភេទប្រុស អាយុ៣៧ឆ្នាំ តាមដីការតុលារាជធានីភ្នំពេញ​ ដែលប្រព្រឹត្តល្មើសករណីឃាតកម្ម ហើយជនសង្ស័យខាងលើនេះ បានរត់មកលាក់ខ្លួននៅលើភ្នំ ស្ថិតក្នុងភូមិសាស្រ្តស្រុកសង្គមថ្មី។

បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានប្រគល់ជនសង្ស័យខាងលើនេះ ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធាណីភ្នំពេញ និងកម្លាំងក្រសួង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

គួររំលឹកថា ហេតុការណ៍ដ៏រន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧៖២០នាទីយប់​ ថ្ងៃទី២៤ ខែធ្នូ​ ឆ្នាំ២០១៨​ នៅត្រង់ចំណុចផ្ទះ​លេខ៧៩៣ (ហាង Family BBQ Buffet)​ ផ្លូវ១០១​ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ តាម​មន្ត្រីអាវុធហត្ថខណ្ឌចំការមន​ បានឲ្យដឹងមុននេះថា​ បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះ បានស្លាប់ហើយ​ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី។

បើតាមលោក ហៀង​ ណារ៉េត អធិការរងនគរបាលខណ្ឌចំការមន​ បានប្រាប់ភ្នាក់ងារ CAM POST ​ថា​ បុរសដៃដល់ដែលធ្វើសកម្មភាព​ចាក់ទៅលើមនុស្ស៣នាក់​ បណ្ដាលឲ្យស្លាប់ខាងលើនោះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ​ មិនទាន់ស្គាល់អត្តសញ្ញាណទេ​ តែត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធា និងមិនទាន់ដឹងថា ជាករណី​អ្វីនោះទេ​ ព្រោះកម្លាំងលោក​កំពុងធ្វើការស្រាវជ្រាមួយជំហ៊ានសិន។

បើតាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូមុខហាង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ​ គេបានឃើញនារីរងគ្រោះ(ជាប្រពន្ធ) និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀត​ជាម្ដាយ) ជិះរថយន្ត Highlander មួយគ្រឿង មកហាងកើតហេតុខាងលើ ទើបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជាប្ដីក្រោយ ជិះកង់មួយគ្រឿងមកតាមក្រោយហើយក៏នាំគ្នាហៅស៊ុបញ៉ាំជុំគ្នា មួយសន្ទុះក្រោយមក ស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូសមួយគ្រឿង​ ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្តដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុក៏បានសាកសួររកថា អញ្ជើញពិសារអ្វីដែរ​ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ​ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធនិងកូនរួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ​ ចាក់ទៅលើជនជាតិចិននោះ​ ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់​ ហូរឈាមពេញហាង។ ចំណែកឯនារីជាប្រពន្ធ និងស្ត្រីជាម្ដាយ ក៏ត្រូវបានបុរសជាប្ដីនោះ​ ចាក់ជាច្រើនកាំបិត​ បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់នោះ។

ក្រោយពីធ្វើសកម្មភាព​ចាក់ទៅលើមនុស្ស៣នាក់ខាងលើ​ បណ្ដាលឲ្យរងរបួសធ្ងន់​ហើយ​ ជនដៃដល់បានដើរចេញពីហាងខាងលើ ទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះ ​មានភ្ញៀវ និងបុគ្គលិកក្នុងហាង​ បានរត់ចេញមកជួយចាប់ដែរ​ តែដោយសារតែ​ឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ​ ទើបមិនមានអ្នកណាហ៊ានចូលទៅឃាត់ និងចាប់ឡើយ​ ទើបធ្វើឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់ស្រមោលតែម្ដង។

បន្ទាប់មកស្ត្រីជាប្រពន្ធ និងស្ត្រីជាម្ដាយ ដែលរងរបួស ត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗនៅឯគ្លីនិកឯកជន​ទំនើប​។ ចំណែកឯបុរសជនជាតិចិន ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​រុស្ស៊ី។

ក្រោយពេលកើតហេតុ​ គេឃើញមានកម្លាំងអាវុធហត្ថខណ្ឌចំការមន​ និងកម្លាំងនគរបាលខណ្ឌចំការមន​ ចុះមកកន្លែងកើតហេតុ​ ដើម្បីធ្វើការស្រាវជ្រាវ​ និងស៊ើប​អង្កេត​តាមជំនាញរៀងៗខ្លួន៕​

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor