header ads

Sponsor

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កោតសរសើរ ចំពោះអ្នកនិពន្ធបទចម្រៀងមួយបទ មានចំណងជើងថា “លើលោកនេះគ្មានអ្នកណាចង់ក្រ” ដែលជាបកស្រាយដោយតារាចម្រៀងប្រចាំក្នុងផលិតកម្មថោន គឺលោក ខេម ខណៈបទចម្រៀងនេះ បានបង្ហាញឲ្យឃើញពីជីវិតពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ដើម្បីជីវភាពគ្រួសារ និងបានឆ្លុះបញ្ចាំងពីតស៊ូប្រឹងប្រែងរកប្រាក់ចិញ្ចឹមគ្រួសារ។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ គឺក្នុងឱកាសដែលសម្ដេច បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត ជាង​១ម៉ឺននាក់ នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩​នេះ។

សម្ដេចតេជោ ​មានប្រសាសន៍ថា “បទចម្រៀងរបស់ ខេម មានមួយបទ គឺ​បទលើលោកនេះគ្មានអ្នកណាចង់ក្រ គឺវាទាក់ទងទៅនឹងជីវិកកម្មករ គឺកម្មករក្រៅស្រុក អាចដាក់បានក៏ដាក់ទៅ ឥឡូវទាន់ថ្ងៃហ្នឹងមកហើយ... ឲ្យច្រៀងឲ្យច្រើនបន្តិចទៅ”។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា នេះជាសមិទ្ធផលក្រោយថ្ងៃ៧មករា ព្រោះប្រសិនបើគ្មានថ្ងៃ៧មករាទេ ក៏គ្មានតារាចម្រៀង ខេម មកនៅទីនេះដែរ ហើយបានជា​មានគេនិពន្ធឲ្យខេម ច្រៀងបទ “អរគុណ៧មករា” មានអត្ថន័យល្អណាស់ ដោយភ្ជាប់ជាមួយនឹងនយោបានឈ្នះឈ្នះ របស់សម្ដេចបន្ថែមទៀត គឺពិតជាល្អមែន ចំពោះអត្ថន័យនេះ សម្ដេចសូមសរសើរ ដល់អ្នកនិពន្ធបទចម្រៀងនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសរសើរចំពោះទឹកដមសំឡេង របស់តារាចម្រៀង ខេម ដែលមានសំឡេងអំណោយផលពីធម្មជាតិ ពោលគឺមានសំឡេងស្អក ប៉ុន្តែពីរោះមួយបែប។

សម្ដេចតេជោបញ្ជាក់ថា “អត់ទេសំឡេងខេមឯងពិសេស និយាយត្រង់ សំឡេងស្អកមែន ក៏ប៉ុន្តែគឺពិសេស ហើយបើព្យាណូបាក់ខ្ទង់ (ច្រៀងបទព្យាណូបាក់ខ្ទង់) បញ្ជូនឲ្យពូ គឺអាហ្នឹងពីរោះប្លែកហ្មង.. សាកឥឡូវហ្នឹងក៏បានដែរ សាកព្យាណូបាក់ខ្ទង់មួយមើល៍...!”។

ទោះបីជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍សង្កត់ធ្ងន់បន្ថែមថា ចំពោះព័ត៌មានដែលប្រឌិតឡើងថា តារាចម្រៀង ខេម ត្រូវបានសម្ដេចបញ្ជាឲ្យចាប់ខ្លួន កាលពីប៉ុន្មានខែមុននោះ គឺជាព័ត៌មានមិនពិតនោះឡើយ ពោលគឺស្របពេលដែលតារាចម្រៀង ខេម កំពុងតែច្រៀងនៅក្រៅប្រទេសឯណោះ។

សម្ដេចតេជោមានប្រសាសន៍ថា “ខេម កំពុងតែដើរច្រៀងនៅក្រៅប្រទេស ស្រាប់តែគេថា លោក ហ៊ុន សែន បញ្ជាឲ្យចាប់ខេម... វាទៅចឹងៗទៅ ចឹងបានថាព័ត៌មានវាចឹង.. ឥឡូវខេមនៅទីនេះ ថ្ងៃមុនឃើញចូលក្នុងនេះ ឃើញច្រៀងបទ រងាផ្កាគរ!”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post