header ads

Sponsor

ភ្នំពេញៈ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ប្រមាណ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ ក្នុងខេត្តកំពត នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ ទាំង១០ចំណុច ដូចខាងក្រោម៖

ទី១- ត្រូវអនុវត្តបើកប្រាក់ខែអប្បបរិមាដល់កម្មករក្នុងឆ្នាំ២០១៩ គឺ១៨២ដុល្លារ បើក្រុមហ៊ុនផ្តល់ជូនកម្មករលើសនេះ គឺរឹតតែល្អប្រសើរ។ រីឯការបើកប្រាក់ខែ គឺបើក២ដង ក្នុងមួយខែ។

ទី២- ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីរពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករ កម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ/ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នា ជាពិសេស រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារ ត្រូវធ្វើឲ្យបានហ្មត់ចត់បំផុត។

ទី៣- ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែ ហើយនៅទទួលបានប្រាក់ខែ១២០% (៥០% ដោយក្រុមហ៊ុន និង៧០% ដោយបេឡាជាតិ) ហើយក្រសួងពាក់ព័ន្ធ ត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

ទី៤- ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១) គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ(២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបានថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពី​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះ នឹងទទួលបាននូវប្រាក់ឧបត្ថម្ភ ប្រមាណ៧៦០,០០០៛ (១៩០ដុល្លារ)។

ទី៥- អនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨តទៅ កម្មករ​ កម្មការិនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

ទី៦- អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើង ឲ្យដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតម្លៃផ្ទះជួលដល់កម្មករ កម្មការិនី កុំឲ្យមានការឡើងថ្លៃ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

ទី៧- អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ២០១៩ ទៅក្មួយៗកម្មករ និងទទួលបានប្រាក់ចូលនិវត្តន៍(ប្រាក់រឺត្រែត) ហើយ។

ទី៨- អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវលក្ខខ័ណ្ឌការងារល្អប្រសើរ។

ទី៩- ក្រសួងការងារ ត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះ គឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករ ដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះ ស្រាយបញ្ហានានា ជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់កម្មករ កម្មការិនីឲ្យបានឆាប់បំផុត។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពកម្មករក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួលដឹកកម្មករទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធានាដល់សុវត្ថិភាពកម្មកររួមដំណើរក្នុងពេលបើកបរ។

ទី១០- ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេស ធ្វើយ៉ាងណាឲ្យកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំ ឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅធ្វើការនៅប្រទេសគេ។ សូម្បីប្រទេសថៃ ក៏គេបញ្ជូនកម្មករទៅធ្វើការនៅបរទេស ដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីន ក៏បានបញ្ជូនពលរដ្ឋឲ្យទៅធ្វើការនៅបរទេស ដូចជានៅកម្ពុជា និងនៅសហរដ្ឋអាមេរិកជាដើម។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ គឺមិនមែនជាការខ្មាសអៀន ឬអាក្រក់អ្វីទេ។​ បច្ចុប្បនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំស្វែករកទីផ្សាការងារក្រៅប្រទេសផងដែរ ដូចជា កូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូព៌ា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាម បានទៅធ្វើការនៅទីនោះ។ កន្លងមក រាជរដ្ឋាភិបាល ក៏បានជួយដោះស្រាយនឹងនាំយកកាន់ប្រទេសវិញ ចំពោះបងប្អូនកម្មករមួយចំនួន ដែលចាញ់បោកមេខ្យល់បោកយកទៅធ្វើការងារដោយខុសច្បាប់។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និងនិយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន ដល់កូនក្មួយកម្មការិនីមានផ្ទៃពោះ ចំនួន ៣៥៧នាក់ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post