header ads

Sponsor

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនបុរសជនជាតិកូរ៉េម្នាក់ បុរសវៀតណាមម្នាក់ និងស្ត្រីវៀតណាមម្នាក់ពាក់ព័ន្ធនិងករណីបទល្មើសគ្រឿងញៀននៅក្លិបកំសាន្តប្រូ។

សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ បានបញ្ជូនជនបរទេសទាំង៣នាក់ មកកាន់អយ្យការអមតុលាការ ដើម្បីធ្វើការសាកសួរករណីប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន នៅទីតាំងប្រូខេធីវីប្រូខារ៉ាអូខេ។ ការសាកសួរនៅអយ្យការ រយៈពេល២ថ្ងៃ ទើបលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូង បានសម្រេចចោទប្រកាន់បុរសជនជាតិកូរ៉េ ដែលជាម្ចាស់ក្រុមហ៊ុនខារ៉ាអូខេ បុរសជនជាតិវៀតណាម ជាមេការ និងស្ត្រីវៀតណាម ជាមេការស្រី ពីបទសម្រួលឲ្យប្រើប្រាសគ្រឿងញៀន បទរក្សាទុកសារធាតុញៀន និងបទជួញដូរគ្រឿងញៀន តាមមាត្រា៤០ នៃច្បាប់ប្រឆាំងគ្រឿងញៀន ហើយបញ្ជូនសំណុំរឿង និងជនត្រូវចោទឲ្យចៅក្រមសម្រេចឃុំខ្លួននាថ្ងៃនេះ។

ចំណែកមេការតូចជនជាតិខ្មែរ ជាអ្នកចាត់ចែងទូទៅ នៅក្នុងក្លិបកម្សាន្តនេះ ដែលសមត្ថកិច្ចបានថតរូប និងបង្ហាញអត្តសញ្ញាណរួមជាមួយម្ចាស់ទីតាំង និងមេការធំនោះ មិនឃើញបញ្ជូនមកតុលាការទេ ហើយបែរជាចេញស្ត្រីវៀតណាមទៅវិញឆ្កុយ។

ជនជាប់ចោទទាំង៣នាក់នេះ មានឈ្មោះ ចា ជឿងមីន ភេទប្រុស ជនជាតិកូរ៉េ ជាម្ចាស់ទីតាំងប្រូខេធីវីប្រូខារ៉ាអូខេ។ ឈ្មោះ ង្វៀង ទាន់ណាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម និងឈ្មោះ ង្វៀង ចាមី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម។

ចំណែកមេការតូចជនជាតិខ្មែរ ជាអ្នកចាត់ចែងទូទៅនៅក្នុងក្លិបកម្សាន្តនេះ ដែលមិនឃើញសមត្ថកិច្ចបញ្ជូនមកតុលាការនោះឈ្មោះ ហ៊ុត ជឿង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។ បើតាមប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ឈ្មោះ ហ៊ុត ជឿង ជាមេការតូច ត្រូវបានគេដោះលែងហើយ។

គួររំលឹកថា កាលវេលាម៉ោង១២៖១៥នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកំសាន្តខារ៉ាអូខេ (ប្រូ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៧៥៧ និង៧៥៨ ភូមិ៧ក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពោពេញទៅដោយក្រុមប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន។

ក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួ៥៨នាក់ ក្នុងនោះមានស្រី២៤ ប្រុស៣៤នាក់ និងចម្រុះ៥ជាតិសាសន៍មាន៖ ១.ជនជាតិចិន ចំនួន២៩នាក់ (ស្រី៥នាក់), ២.ជនជាតិវៀតណាម ចំនួន២៣នាក់ (ស្រី១៥នាក់), ៣.ជនជាតិថៃ ចំនួន២នាក់ (សុទ្ធតែស្រី្ត), ៤.ជនជាតិខ្មែរ២នាក់ (ស្រី្តទាំង២នាក់) និង៥.ជនជាតិកូរ៉េម្នាក់ប្រុស និងចាប់យកវត្ថុតាង ១-ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី គ្រាប់ទម្ងន់២,០៥ក្រាម, ២-ថ្នាំញៀនម្សៅ ៦,៥៨ក្រាម, ៣-ថ្នាំញៀនម្សៅប្រភេទកាហ្វេអ៊ិចស្តាស៊ី ៩៧,០៨ក្រាម។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តពិនិត្យទឹកនោមរកឃើញថា មនុស្ស៥២នាក់ មានផ្ទុកសារធាតុញៀន (វិជ្ជមាន) និង៦នាក់អវិជ្ជមាន។ ប៉ុន្តែ នៅទីបញ្ចប់មានបុរសស្ត្រីជាជនបរទេស៣នាក់ប៉ុណ្ណោះ ត្រូវបញ្ជូនមកតុលាការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post