header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ មិនមែនជាថ្ងៃមួយរបស់គណបក្សប្រជាជនកម្ពុជាផ្តាច់មុខ ដូចមនុស្សចំនួនលើកឡើងនោះទេ។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលនេះ បន្ទាប់ពីមានប្រធានគណបក្សនយោបាយមួយបានលើកឡើងថា ៧ មករា គេដឹងគុណហើយ តើគេសងគុណដល់ពេលណា។ សម្ដេច បាន​លើកឡើង ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅ ខេត្តតាកែវ នាព្រឹកថ្ងៃទី៩ មករា នេះយ៉ាងដូច្នេះថា «មានប្រធានគណបក្សនយោបាយមួយ ដោយខ្ញុំមិនចាំបាច់បញ្ចេញឈ្មោះទេ តែគាត់កំពុងតាមដានស្តាប់ហើយ។ ខ្ញុំចង់បញ្ជាក់ថា ៧ មករា មិនមែនរបស់គណបក្សប្រជាជនទេ! ៧មករា គឺជារបស់ប្រជាជនទាំងអស់ ដែលចង់រស់ជាមនុស្ស។ ដូច្នេះអត់ត្រូវមានអ្នកណាសងអ្នកណាទេ គឺ ៧ មករា ជារបស់ជីដូចជីតាជារបស់ឪពុក ម្តាយក្មួយហើយជាទ្រព្យសម្បត្តិរបស់ក្មួយៗ»

សម្តេចបន្តថា ថ្ងៃ៧ មករា មិនត្រូវការអ្នកសងទេ តែបញ្ហាសំខាន់នោះ គឺ ៧ មករា របស់អ្នកទាំងអស់គ្នា។ សម្តេចបញ្ជាក់ថា «ខ្ញុំក៏មិនដែលចាត់ទុក ៧ មករារបស់ខ្ញុំ ហើយគណបក្សប្រជាជន ក៏មិនដែលចាត់ទុក ៧ មករា ជារបស់ខ្លួនទេ តែ៧ មករា ជារបស់រួម របស់មនុស្ស ដែលចង់រស់ជាមនុស្ស»

សម្តេចបន្តថា ដើម្បីរក្សាទុកស្មារតី ៧ មករា ទើបគេបោះឆ្នោតរក្សាទុក ប៉ុន្តែមានតែអ្នកចង់ងាប់ទេ ដែលមិនដឹង។ បើមិនរំដោះទាន់ពេលទេ ឪម៉ែវាក៏ងាប់ដែរ។ អីញ្ចឹងចង់បញ្ជាក់ថា ៧ មករា ជារបស់រួម។

សូមជម្រាបថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រាព្ធខួបលើកទី៤០ឆ្នាំនៃខួបអនុវស្សាវរីយ៍ ថ្ងៃ៧ មករា ១៩៧៩-៧ មករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី៧ មករា កន្លងមកនេះ។ ថ្ងៃ៧មករា លើកទី៤០ ក៏មានការរៀបចំក្បួនព្យុហយាត្រាតំណាងខេត្តនានាដោយបានកែច្នៃធ្វើត្បូនតំណាងឲ្យធនធានខេត្តផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post