
ភ្នំពេញៈ បុរសជនជាតិចិន២នាក់ ស្រវឹងស្រាជោគ បើករថយន្តឡិចស៊ីសមួយគ្រឿង បោះពួយយ៉ាងលឿន ក៏រេចង្កូតជ្រុលទៅបុកក្បលនាគពុះចែកទ្រូងផ្លូវ បណ្តាលរងកាខូចខាតតិចតួច រីឯរថយន្តបង្ក ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង១៖១០ទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្ថិតចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនពីរនាក់ ស្រវឹងស្រាជោគជាំ បើករថយន្តឡិចស៊ីស RX-300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-0432 ធ្វើដំណើរទិសដៅពីកើតទៅលិច បោះពួយក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលក្បាលនាគរងការខូចខាតតិចតួច ចំណែករថយន្តបង្ក ខូចខាតផ្នែកខាងមុខទៅមុខលេងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕





