
ភ្នំពេញៈ ជម្លោះឈ្លោះដណ្តើមគ្នាដឹកសពជនរងគ្រោះ ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ កើតមានឡើងសឹងរាល់ថ្ងៃ រាល់យប់ ជាក់ស្ដែង បុរសជនជាតិចិនម្នាក់ បានរយះមុខស្ទើមួយចំហៀង ស្លាប់នៅហ្នឹងកន្លែងយ៉ាងអណោចអាធ័ម បន្ទាប់ពីជិះម៉ូតូ YAMAHA មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត (មិនចាំម៉ាក) ពីក្រោយពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងជិត២ទាបភ្លឺ ឈានចូលថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩ ខាងលិចគ្លីនិកបញ្ញាស័ក្ត ប្រហែល៣០០ម៉ែត្រ ស្ថិតនៅលើកំណាត់ផ្លូវ៣៧១ ភូមិក្បាល់ទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(សព)មានបណ្ណសម្គាល់ខ្លួន១សន្លឹក ដាក់ឈ្មោះ SEET HORNG HCENG លេខ100185011 របស់ NAGA WORLD ដោយមិនបានបញ្ជាក់ពីកន្លែងស្នាក់នៅនោះទេ និងទ្រព្យសម្បត្តិមានតម្លៃដែលនៅជាប់និងខ្លួនជនរងគ្រោះ មានដូចជា ទូរស័ព្ទចំនួន ១គ្រឿង (ម៉ាក VIVO) ចិញ្ជៀនចំនួន ២វង់ ពាក់ជាប់ដៃទាំងសងខាង និងលុយដុល្លារចំនួន១៨២ដុលា្លរ រួមទាំងសម្ភារៈផ្សេងៗក្នុងថង់តូចទៀត។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារ CAM POST ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក YAMAHA ស៊ីរ៉ូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-2977 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្ត កុងតឺន័រមួយគ្រឿងមិនចាំស្លាលេខបើកនៅខាងមុខស្រប ទិសដៅគ្នាពីរក្រោយពេញទំហឹងបណ្តាលឲ្យមុខរបស់គាត់បុក និងដែកកាងរថយន្ត រយៈចាប់ពីចង្ការហូតដល់គុម្ពត្រចៀក ស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអណោចអធម៌។ ចំណែកឯម៉ូតូជនរងគ្រោះខូចខាតផ្នែកខាងមុខខ្ទេចមើលមិនយល់ ចំណែករថយន្ត មិនបានឈប់នៅកន្លែងកើតហេតុនោះទេ បែរជាបន្ថែមល្បឿនបន្តដំណើរទៅមុខទៀតបាត់ស្រមោល។
សាក្សីនៅកន្លែងកើតហេតុផ្ទាល់បាមអះអាងថា ភ្លាមៗនោះគេឃើញរថយន្តគិលានសង្គ្រោះមន្ទីរសម្រាកព្យាបាល ហុងហាក់ មួយគ្រឿង បានមកដល់កន្លែងកើតហេតុមុនគេ តែដោយសារតែឃើញជនរងគ្រោះបានស្លាប់ហើយ ទើបរថយន្តហុងហាក់ត្រលប់ទៅវិញ ដោយអ្នកបើករថយន្តហុងហាក់បានប្រាប់ថា បើសិនជាជនរងគ្រោះស្លាប់នៅលើរថយន្តរបស់គាត់ ទើបគាត់ដឹកសពនោះតាមសមត្ថកិច្ចនៅកន្លែងកើតហេតុប្រាប់ឲ្យដឹកយកតម្កល់ទុកតែប៉ុណ្ណោះ។ បន្តិចក្រោយមកឃើញមានរថយន្តសង្គ្រោះមួយគ្រឿងទៀតរបស់មន្ទីរសម្រាកព្យាបាល និងសម្ភព រស្មី មកដល់តាមក្រោយ រួចយកសម្រាប់រៀបចំដឹកសពមកដាក់ក្បែរសពសិន ដើម្បីរងចាំសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ រួចឲ្យដឹកយកទៅតម្កល់នៅកន្លែងណាប៉ុណ្ណោះ លុះសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មកដល់កន្លែងកើតហេតុ មិនឲ្យរថយន្តសម្ភព រស្មី ដែលមកដល់មុននោះដឹកសពទេ បែរជាឲ្យរថយន្តផ្សេងដឹកវិញ ដោយរថយន្តនោះឃើញមានចាប់សារ៉ែនមួយគ្រឿង បិតសញ្ញាលេខ+ និងមិនឃើញមានដាក់ឈ្មោះអ្វី ឬជារបស់គ្លីនិកណានោះទេ ទើបបង្កឲ្យកើតមានជម្លោះពាក្យសម្ដីកើតឡើងតែម្ដងរវាងរថយន្តសម្ភពរស្មីដែលមកមុននិងរថយន្តក្រុមអ្នកកាងដឹកសព ដែលមកក្រោយតែដណ្តើមដឹកសពជនរងគ្រោះទៅវិញ។
ទង្វើដ៏អាក្រក់នេះ ធ្វើឲ្យមហាជននៅកន្លែងកើតហេតុលាន់មាត់ថា យុត្តិធម៌ពិតពិបាករកបន្តិចហើយ ព្រោះសមត្ថកិច្ចជាអ្នកចេះដឹងរឿងបែងចែកនិងរយុត្តិធម៍ជូនអ្នកណាម្នាក់ តែនេះឃើញខុសទំនងពេកហើយ សមត្ដកិច្ចពុករលួយប្រាប់ភាគីរថយន្តដឹកសពទាំងពីរនោះថា មកមុនមកក្រោយមិនសំខាន់ទេ សំខាន់ខ្ញុំសមត្ថកិច្ចផ្នែកវាស់វែងនៅទីនេះ ខ្ញុំជាអ្នកឲ្យដឹក ទើបជម្លោះនោះស្ងាត់ទៅវិញ ប្រកបដោយការរិះគន់ពីសំណាក់មហាជនពេញកន្លែងកើតហេតុ។
គួររម្លឹកដែរថា បងធំកាងឡានដឹកសពជនរងគ្រោះ ដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងៗ ក្នុងទីក្រុងភ្នំពេញ រាល់ថ្ងៃ រាល់យប់នេះ ត្រូវបានគេស្គាល់គ្រប់គ្នា ជាបុរសម្នាក់ ឈ្មោះ ងួន ប្រាក់ធី ហៅឌី ប្រើប្រាស់វិទ្យុទាក់ទង ID ហស្សនាម «ក្តាមពេជ្រ» ដែលមានមុខរបរគួកជេរ គ្រប់សព្វ ទាហានមិនចំទាហាន ប៉ូលីស មិនចំប៉ូលីស មានមុខវត្តមានដើរកាងសឹងគ្រប់រឿង ហើយកន្លងមក ឃើញតែសមត្ថកិច្ច អាវុធហត្ថ ក្រសួងសុខាភិបាល ចាប់ឃាត់ខ្លួន យកទៅធ្វើកិច្ចសន្យា អប់រំច្រើនលើកច្រើនសារ នៅតែមិនរាងចាល ដោយលើកនេះក្រុមរបស់ងួន ប្រាក់ធី ហៅឌីដដែល នៅតែមកដណ្ដើមដឹកសពពីគេដដែល ទោះជាមានកិច្ចសន្យារវាងគ្នាក៏ដោយ ក៏ក្រុមលោកឌីនេះ មិនខ្ចីខ្វល់ នៅតែបំពានដដែល។
ក្រោយកើតហេតុសមត្ថកិច្ចផ្នែកវាស់វែងខណ្ឌមានជ័យ បានដឹកយកម៉ូតូរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានមានជ័យ ដើម្បីរងចាំស្វែងរកសាច់ញាតិ យកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។ ចំណែកសពរងគ្រោះត្រូវបានរថយន្តដឹកសពពុំមានឈ្មោះ ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំសមត្ថកិច្ចស្វែងរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី របស់ជនជាតិចិន៕







